ក្រុងបូកគោ៖ ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» គឺជាគោលដៅទេសចរណ៍ជំនឿចម្រុះសាសនា ទាំងព្រះពុទ្ធសាសនា កាតូលិក និងវិមានអ្នកតាភ្នំ។
រូបសំណាកព្រះពុទ្ធកម្ពស់ ១០៨ ម៉ែត្រ ទាក់ទាញអ្នកធ្វើធម្មយាត្រាពុទ្ធសាសនាទូទាំងពិភពលោក។ វត្តសំពៅ ៥ ជាទីឋានសក្ការៈដ៏ស្ងប់ស្ងាត់ និងបរិយាកាសដ៏ស្រស់បំព្រង។ វិហារកាតូលិកចាស់ ឈរជាកន្លែងសម្គាល់សាសនាគ្រិស្តជាប្រវត្តិសាស្ត្រ។ វិមានអ្នកតាភ្នំ ទាក់ទាញភ្ញៀវទេសចរនិយមការបន់ស្រន់ទៅតាមប្រពៃណីបែបជនជាតិចិន។
រូបសំណាកព្រះពុទ្ធដ៏ធំមួយនៅអាស៊ីអាគ្នេយ៍
ចំណុចលេចធ្លោនៃការអភិវឌ្ឍន៍នេះគឺរូបសំណាកព្រះពុទ្ធកម្ពស់ ១០៨ ម៉ែត្រ ដែលនៅពេលសាងសង់រួចរាល់ នឹងក្លាយជារូបសំណាកក្នុងចំណោមព្រះបដិមាខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។
គម្រោងតម្លៃ ៣០ លានដុល្លារនេះ ដែលបច្ចុប្បន្នសាងសង់បាន ៣០ ភាគរយ បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ ២០២៣ ជាមួយនឹងពិធីបើកការដ្ឋានដឹកនាំដោយលោក ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី សុខ ចន្ថា នៃក្រុមហ៊ុន Sokha Hotel Group។
លោកស្រី សុខ ចន្ថា អនុប្រធានក្រុមហ៊ុនសុខាអូតែល បានឱ្យដឹងថា៖ «ក្រុមហ៊ុន សុខាអូតែល បានមានគំនិតផ្តួចផ្តើម សាងសង់ព្រះពុទ្ធបដិមា ១ អង្គ នៅលើខ្នងភ្នំបូកគោ ដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិកជន ប្រណិប័តន៍ធម៌ និងឧទ្ទិសសុំសេចក្តីសុខសន្តិភាព សេចក្ដីចម្រើនរុងរឿង ជានិច្ចនិរន្ដរ៍រៀងទៅ សម្រាប់បងប្អូនប្រជាពលរដ្ឋយើង និងព្រះរាជាណាចក្រកម្ពុជាទាំងមូល»។
ព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រ មានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារ ទៅតាមរចនាប័ទ្មបាយ័ន ជារចនាប័ទ្មកំពូលនៃព្រះពុទ្ធសាសនា ក្នុងរជ្ជកាលព្រះបាទ ជ័យវ័រ្មនទី៧ នាសតវត្សរ៍ទី១៣ និងសាងសង់ពីបេតុងអាម៉េពណ៌មាស បែរព្រះភក្ត្រនៅទិសខាងកើត។
ចំពោះខឿនផ្ទាល់ដីមានបណ្តោយ ២៤៨ម៉ែត្រ ទទឹង១៨៦ម៉ែត្រ មានជណ្តើរធំចំនួន ៤ អមដោយបង្កាន់ដៃនាគ តំណាងឱ្យទិសធំៗទាំង៤ យកតាមលំនាំ រចនាប័ទ្មអង្គរវត្ដ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២។
លោក ប្រិញ សាវុធ តំណាងលោកស្រី សុខ ចន្ទី នាយកគ្រប់គ្រងផ្នែកទីផ្សារ និងលក់របស់ក្រុមហ៊ុនវិនិយោគសូគីមិច គ្រុប បាននិយាយថា៖ «ក្រៅពីការកសាងព្រះពុទ្ធបដិមាដ៏ធំសម្រាប់ជាទីសក្ការៈដល់ពុទ្ធសាសនិកជុំវិញពិភពលោក ព្រះក៏មានការកសាងព្រះពុទ្ធបដិមាតូចៗចំនួន ៨៤០០០អង្គ ដោយយោងទៅតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទាំង ៨៤ ០០០ព្រះធម្មក្ខន្ធផងដែរ»។
ព្រះពុទ្ធបដិមាតូចៗ មានកម្ពស់ ០,៣១ម៉ែត្រ បណ្តោយ ០,២៥ម៉ែត្រ និងទទឹង ០,១៦៥ម៉ែត្រ ដែលមាន ៤ថ្នាក់ និង ៩ ជាន់ ឆ្លាក់ចេញពីថ្មបូកគោ ដែលមានភាពរឹងមាំ និងជាប់បានយូរ។
គម្រោងនេះត្រូវបានរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល ៤ ឆ្នាំ ក្រោមការត្រួតពិនិត្យរបស់ក្រុមការងារអន្តរក្រសួង ដើម្បីធានាបាននូវការប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណី និងស្តង់ដារបរិស្ថាន។
លោក សុខ គង់ អគ្គនាយកក្រុមហ៊ុន Sokimex Investment Group បានថ្លែងថា៖ «យើងបានសម្រេចផ្ទៃដីប្រមាណ ៩០ ហិកតា ជាទីឋានសក្ការៈរូបសំណាកព្រះពុទ្ធបដិមាដ៏ធំបំផុតកម្ពស់ ១០៨ ម៉ែត្រគង់នៅ សម្រាប់ជាតំបន់ទេសចរណ៍បែបសាសនា ដោយប្រជាពលរដ្ឋអាចការគោរពបូជា និងធ្វើពិធីសមាធិ»។
វត្ដសំពៅប្រាំ
វត្តសំពៅប្រាំ តាំងនៅលើទីទួលខ្ពស់នៃកំពូលភ្នំបូកគោដែលមានផ្ទាំងថ្មធំៗនៅពាសពេញចម្ងាយ ២គីឡូម៉ែត្រពីសណ្ឋាគារឋានសួគ៌បូកគោ។
វត្តនេះ កសាងឡើងក្នុងឆ្នាំ ១៩២៤ ដោយព្រះវររាជនីដែលជាព្រះមាតាព្រះករុណា ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋិ ហើយព្រះអង្គ បានប្រសិទ្ធិនាមថា «វត្តសំពៅប្រាំ» ព្រោះមានផ្ទាំងសិលាសំប៉ែតខ្ពស់ បណ្តោយជាង ១០ ម៉ែត្រ និងកម្ពស់ប្រហែលជិត១០ម៉ែត្រ តម្រៀបគ្នាជាប្រាំសន្លឹក មានសណ្ឋានដូចសំពៅប្រាំកំពុងបើកក្តោងស្ថិតចំខាងមុខព្រះវិហារ។
នៅមុនឆ្នាំ ១៩៧៥ ទីអារាមនេះ មានព្រះវិហារមួយខ្នងធ្វើពីបេតុងប្រក់ក្បឿង សាលាឆាន់មួយធ្វើពីបេតុង កុដិមួយខ្នង និងចេតិយ៍បី សម្រាប់ការបំពេញបុណ្យកុសលរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ តាមប្រពៃណីព្រះ ពុទ្ធសាសនា។
លោក ធឿន ប៊ុនថន ប្រធានផ្នែកលក់នៃរមណីយដ្ឋាន សុខាឋានសួគ៌បាននិយាយថា៖ «ក្នុងរបបប្រល័យពូជសាសន៍ ១៩៧៥-១៩៧៩ អារាមនេះ រងការខូចខាត ហើយព្រះសង្ឃត្រូវបានចាប់ផ្សឹក និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រះពុទ្ធសាសនា ត្រូវបានបង្កើតឡើងវិញ»។
លើសពីទីឋានសក្ដារៈសម្រាប់ពុទ្ធសាសនិក វត្ដសំពៅប្រាំ ទាក់ទាញភ្ញៀវទេសចរ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទស្សនាទេសភាពព្រៃព្រឹក្សានៅលើដងភ្នំ និងផ្ទៃសមុទ្រធំល្វឹងល្វើយ។
លោក ប៊ុនថន បានឱ្យដឹងថា៖ «បច្ចុប្បន្ន ទីអារាមនេះ ជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់អ្នកទេសចរជាតិ និងអន្តរជាតិ»។
វិហារកាតូលិក
ទោះបីជាវាលែងជាកន្លែងសម្រាប់គោរពបូជាក៏ដោយ ក៏ព្រះវិហារកាតូលិកចាស់នៅលើភ្នំបូកគោនៅតែជានិមិត្ដរូបដ៏សំខាន់។
សាងសង់ក្នុងទស្សវត្សរ៍ឆ្នាំ ១៩២០ ក្នុងសម័យអាណានិគមបារាំង ព្រះវិហារដែលបានសាងសង់ឡើងក្នុងរចនាប័ទ្មហ្គោធិក និងរ៉ូម៉ាំង បានទប់ទល់នឹងពេលវេលា និងសង្គ្រាម រួមទាំងការប្រើប្រាស់របស់វាជាកន្លែងរបស់ខ្មែរក្រហម។
ផ្នែកខាងក្នុងនៃព្រះវិហារបង្ហាញសញ្ញានៃការពុកផុយ និងការខូចខាត ដោយរូបសញ្ញាព្រះយេស៊ូ និងឈើឆ្កាង ហើយជញ្ជាំងមានស្លាកស្នាមរន្ធគ្រាប់កាំភ្លើងអំឡុងសង្គ្រាមជាច្រើនឆ្នាំ។
លោក ប៊ុនថាន បានបន្ដថា៖ «សព្វថ្ងៃនេះ វាបម្រើជាកន្លែងប្រវត្តិសាស្ត្រ និងវប្បធម៌ ដោយផ្តល់ជូនអ្នកទស្សនានូវទិដ្ឋភាពអតីតកាលអាណានិគមរបស់ប្រទេសកម្ពុជា និងកេរ្តិ៍ដំណែលដែលស្ថិតស្ថេរយូរអង្វែង។
វិមានអ្នកតាភ្នំ
វិមានអ្នកតាភ្នំ ស្ថិតនៅខាងកើតនៃសណ្ឋាគារឋានសួគ៌បូកគោ ដែលភ្ញៀវទេសចរ អាចដើរពីសណ្ឋាគារកាត់ តាមផ្លូវចន្លោះសួនច្បារប្រហែល ៥នាទីដើម្បីទៅទស្សនា ឬគោរពបូជាសុំសេចក្តីសុខសេចក្តីចម្រើន និងសំណាងល្អដល់ក្រុមគ្រួសារ។
វិមាននេះ កសាងឡើងនៅឆ្នាំ២០១៤ និងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ សម្រាប់ឱ្យសាធារណជនទូទៅចូលទស្សនា និងគោរពបូជាតាមជំនឿ។
វិមាន មានបណ្តោយ ២២,៨០ ម៉ែត្រ ទទឹង ២០,៨០ ម៉ែត្រ និងកម្ពស់ដល់ចុងដំបូល ១២,៥២ ម៉ែត្រ សង់ពីថ្មប្រក់ក្បឿងតាមរចនាបទព្រះវិហារចិន។
នៅក្នុងវិមាន មានដម្កល់បដិមាព្រះម៉ែ គង់ ស៊ីវអឹម ព្រះឡៅអី និងគ្រឿងសក្ការបូជាត្រៀមសម្រាប់សាសនិកគោរពបូជា។
នៅលើជញ្ជាំងខាងឆ្វេងនិងខាងស្តាំ មានឋិតផ្ទាំង គំនូរធ្វើពីថ្មសេរ៉ាមិកដ៏ស្រស់ស្អាត និងពាក្យទំនៀមរបស់ជនជាតិចិន។
លោក ប៊ុនថន បានឱ្យដឹងថា៖ «ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានជំនឿបានចូលទៅគោរព បន់ស្រន់សុំសេចក្តីសុខ ភាពចម្រុងចម្រើន និងសំណាងល្អដល់ក្រុមគ្រួសារខ្លួន។ លើសពីនេះទៀត ភ្ញៀវទេសចរ ក៏អាចក្រឡុកគម្ពីរដែលមានព្រឹទ្ធាចារ្យម្នាក់រង់ចាំអាន និងបកស្រាយគម្ពីរពីគ្រោះ និងលាភនៅថ្ងៃអនាគត»។
លោកបានបន្ថែមថា៖ «ជារៀងរាល់ឆ្នាំ រមណីយដ្ឋានឋានសួគ៌បូកគោ តែងប្រារព្ធធ្វើពីធីហែរអ្នកតាជុំវិញរមណីយដ្ឋានដែលមានភ្ញៀវ ទេសចរចូលរួមយ៉ាងកុះករ ទទួលយកសំណាងល្អនៅក្នុងឆ្នាំថ្មី»៕