សៀមរាប៖ ការ​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​នៅ​ខេត្ត​សៀមរាប​ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌​ខ្មែរ​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ទទួល​បាន​អារម្មណ៍​រីករាយ ប៉ុន្តែ​ក៏​អាច​បង្កើត​នូវ​ចម្ងល់​ជាច្រើន​សម្រាប់​អ្នក​ដែល​មិន​បាន​អាន​ប្រវត្តិសាស្ត្រ​ ជា​ពិសេស​​នៅ​ក្នុង​សម័យ​អង្គរ​ដ៏រុងរឿង។ ការ​ទស្សនា​សារមន្ទីរ​ដែល​មាន​តម្កល់​វត្ថុបុរាណ​ទំនង​ជា​អាច​ជួយ​ស្រាយ​ចម្ងល់​បាន​ខ្លះ។

សារមន្ទីរ​ព្រះនរោត្តម​សីហនុ-អង្គរ ​គឺជា​ជម្រើស​មួយ​ព្រោះ​ជាកន្លែង​មាន​បង្ហាញ​វត្ថុ​បុរាណ​ជាង ៣០០​ដុំ ក្នុង​ចំណោម​វត្ថុបុរាណ​ជាង​៣០០០​ដុំ ​ដែល​ត្រូវ​បាន​ប្រមូល​ពី​ទីតាំង​ប្រវត្តិសាស្ត្រ​ និង​ប្រាសាទ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​នេះ ដែល​ខ្លះ​មាន​អាយុកាល​រហូត​ដល់​ទៅ​ជាង ៣០០០​ឆ្នាំ។

សារមន្ទីរ​នេះ​ស្ថិត​នៅ​​ក្នុង​ភូមិ​បឹង​ដូនប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប នៅ​លើ​ផ្លូវ​អប្សារា​ឆ្ពោះ​ទៅ​តំបន់​អង្គរ ដែល​ត្រូវ​បាន​បើក​ដំណើរ​ការ​តាំង​ពី​​ឆ្នាំ ២០០៨។ ទោះ​បី​សារមន្ទីរ​នេះ​មាន​វត្ថុបុរាណ​ និង​បំណែក​វត្ថុបុរាណ​សរុប​ជាង​ ៣០០០​ដុំ​ក៏ដោយ ក៏​ការ​តាំង​បង្ហាញ​មាន​តែ​ជាង​ ៣០០​ដុំ​ប៉ុណ្ណោះ ដោយសារ​តែ​វត្ថុ​ខ្លះ​គ្រាន់តែ​ជា​កម្ទេច​សេស​សល់​ពី​សម័យ​បុរាណ។

រូបចម្លាក់​ដែល​ចូល​មក​ក្នុង​សារមន្ទីរ​នេះ​ចុង​ក្រោយ​គេ​ គឺ​ចម្លាក់​អណ្ដើក​ដែល​ទើប​តែ​រក​ឃើញ​នៅ​ចំណុច​កណ្តាល​ស្រះ​ទឹក​ខាង​កើត​ឆៀង​ខាង​ជើង​ នៃ​ប្រាសាទ​បាយ័ន​ កាល​ពី​ខែ​មេសា​កន្លង​ទៅ។ ប៉ុន្តែ ចម្លាក់​អណ្ដើក​នេះ​មិន​ទាន់​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ការ​សម្អាត​រួចរាល់​សិន។

ចម្លាក់​អណ្ដើក​ដែល​ទើប​តែ​រក​ឃើញ​នៅ​ចំណុច​កណ្តាល​ស្រះ​ទឹក​ខាង​កើត​ឆៀង​ខាង​ជើង​ នៃ​ប្រាសាទ​បាយ័ន​ កាល​ពី​ខែ​មេសា​កន្លង​ទៅ។ រូបថត នៀម ឆេង

លោក ភួយ សាវឿត ប្រធាន​ស្ដីទី​សារមន្ទីរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ គោល​បំណង​ពី​ដំបូង​នៃ​ការបង្កើត​សារមន្ទីរ​នេះ​គឺ​ដើម្បី​តម្កល់​ព្រះ​ពុទ្ធ​បដិមា​ចំនួន ២៧៤​អង្គ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ប្រាសាទ​បន្ទាយ​ក្ដី​កាល​ពី​ឆ្នាំ២០០០ និង​២០០១​ នៅ​ពេល​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ព្យាយាម​ស្វែង​យល់​ពី​ប្រព័ន្ធ​ទឹក​សម័យ​បុរាណ​នៅ​ទីនោះ។

ការ​រកឃើញ​ពុទ្ធបដិមា​ទាំង​នេះ​ដែលកប់​នៅ​ក្នុង​ដី​ បាន​ចោទ​ជា​សំនួរ​ថា​ ហេតុ​អ្វី​បានជា​ចម្លាក់​ទាំង​នោះ​ត្រូវ​គេ​យក​ទៅ​កប់​ក្នុង​ដី​នៅ​ក្រោយ​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧។ ការ​ទស្សនា​សារមន្ទីរ​នេះ​អាច​ស្រាយ​ចម្ងល់​នេះ​តាម​រយៈ​ការ​ពន្យល់​ពី​មគ្គុទ្ទេសន៍។

ក្រៅពី​នេះ ​សារមន្ទីរ​នេះ​ក៏​មាន​តាំង​បង្ហាញ​វត្ថុ​បុរាណ​ជាច្រើន​ទៀត​ដែល​រក​ឃើញ​នៅតាម​ប្រាសាទ​នានា និង​ទីតាំង​ប្រវត្តិសាស្ត្រ​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​សៀមរាប​ ដូចជា​នៅ​​ប្រាសាទ​គោកប៉ាទ្រី​ពី​សតវត្សរ៍​ទី១៥​ដល់​១៩ និង​កន្លែង​កប់​សាក​សព​ព្រៃក្មេង​នៅ​ខាង​លិច​បារាយណ៍​ទឹក​ថ្លា និង​កោះ​តាមាស​ក្នុង​បារាយណ៍​​ តាំង​ពី​សម័យ​បុរេ​ប្រវត្តិ។

លោក​សាវឿត​ប្រាប់​ថា៖ «វត្ថុសិល្បៈ​ទាំង​អស់​នេះ​បង្ហាញ​ដល់​អ្នក​ទស្សនា​ឲ្យ​បាន​យល់​ដឹង​អំពី​បុព្វ​បុរស​ខ្មែរ ជីវភាព​រស់នៅ គ្រឿង​អលង្ការ ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ ដែល​អាច​ដឹង​បាន​តាមរយៈ​ការ​រក​ឃើញ​របស់​របរ​នៅ​ព្រៃក្មេង​ និង​កោះ​តាមាស។ ក្នុង​ផ្នូរសព​នោះ​យើង​ឃើញ​មាន​ឧបករណ៍​ប្រើ​ប្រាស់ និង​គ្រឿង​អលង្ការ ដូចជា​ខ្សែដៃ​សំរឹទ្ធ ថ្ម អង្កាំ​ កែវ ក្រវិល​ និង​ជិញ្ចៀន ជាដើម»។

បើតាម​លោក សាវឿត វត្ថុ​ដែល​រក​ឃើញ​នៅ​តាម​ប្រាសាទ​ខ្លះ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ទីនេះ​ដើម្បី​សុវត្ថិភាព និង​សម្រាប់​ការ​ស្រាវជ្រាវ ចំណែក​ខ្លះ​ទៀត​អាច​ត្រូវ​ដាក់​តាំង​នៅ​តាម​ប្រាសាទ​សម្រាប់​ឲ្យ​​ភ្ញៀវ​ទេសចរ​ស្វែង​យល់​នៅ​នឹង​កន្លែង។

ចម្លាក់​ពុទ្ធបដិមា។ រូបថត នៀម ឆេង​

ការ​ចូល​ទស្សនា​សារមន្ទីរ​នេះ​អាច​ធ្វើ​ឡើង​នៅ​រៀងរាល់​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​អាទិត្យ​ លើក​លែង​តែ​បុណ្យ​ចូលឆ្នាំ ភ្ជុំបិណ្ឌ និង​អុំទូក។ សម្រាប់​ពលរដ្ឋ​ខ្មែរ សំបុត្រ​ទស្សនា​មាន​តម្លៃ ​១០០០​រៀល ប៉ុន្តែ​បើ​ការ​ទៅ​ទស្សនា​នៅ​ថ្ងៃសៅរ៍​ដើម​ខែ គឺ​ឥតគិត​ថ្លៃ។ ចំណែក​សំបុត្រ​សម្រាប់​ភ្ញៀវ​បរទេស​មាន​តម្លៃ ៣ដុល្លារ។

ទោះបីជា​តម្លៃ​សំបុត្រ​ទាប​ក៏ដោយ ក៏​សារមន្ទីរ​នេះ​មិន​សូវ​មាន​ភ្ញៀវ​បរទេស​មក​ទស្សនា​ច្រើន​ទេ​ក្នុង​មួយ​ថ្ងៃៗ។ លោក សាវឿត យល់​ថា ចំនួន​ភ្ញៀវ​បរទេស​តិច​ប្រហែល​ជា​ដោយសារ​តែ​ពួក​គេ​ទៅ​ទស្សនា​សារមន្ទីរ​ផ្សេង​ទៀត​រៀបចំ​ដោយ​ឯកជន ឬ​ក្នុង​ភាព​ជាដៃគូ​រវាង​ឯកជន​និង​រដ្ឋ ឬ​តាម​ការ​ណែនាំ​របស់​អ្នក​រកស៊ី​ក្នុង​វិស័យ​ទេសចរណ៍។ សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក​វិញ មាន​ជា​មធ្យម​​៣០​នាក់​ក្នុង​មួយ​ថ្ងៃ។

លោក សាវឿត បន្ត​ថា បច្ចុប្បន្ន​នេះ មាន​សិស្ស​និង​លោក​គ្រូ​អ្នក​គ្រូ​ពី​សាលា​ឯកជន​​មក​មើល​ជា​ហូរហែ​ ដោយ​សារ​តែ​ពួក​គាត់​មាន​លទ្ធភាព និង​អាច​គ្រប់គ្រង​សិស្ស​បាន។ ចំណែក​សាលា​រដ្ឋវិញ​មិនសូវ​មាន​ច្រើន​ទេ ដោយសារ​តែ​​គ្មាន​ថវិកា ឬ​គ្មាន​កម្មវិធី​នាំ​សិស្ស​មក​មើល​សារមន្ទីរ លើក​លែង​តែ​សាលា​បឋម​សិក្សា​វត្តបូព៌ ដែល​តែង​នាំ​សិស្ស​មក​ទស្សនា​ញឹកញាប់។

លោក​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ដែល​មក​លេង​ខេត្ត​សៀមរាប​មក​ទស្សនា​សារមន្ទីរ​នេះ​ ពីព្រោះ​ពួក​គេ​អាច​យល់​ដឹង​បន្ថែម​ទៀត​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ឃើញ​នៅ​តាម​ប្រាសាទ​នានា។

លោក​និយាយ​ថា៖ «បើ​ទៅប្រាសាទ យើង​ឃើញ​តែ​ប្រាសាទ​ទេ។ តែ​មុន​ពេល​មាន​ប្រាសាទ តើ​អ្នក​ណា​រស់​នៅ​ទីនេះ? ដូច្នេះ តាមរយៈ​ការ​ទស្សនា​សារមន្ទីរ​នេះ យើង​អាច​ដឹង​ថា​ នៅ​មុន​មាន​ប្រាសាទ​គឺ​មាន​ខ្មែរ​យើង​រស់​នៅ​ទីនេះ ដូចដែល​យើង​អាច​ដឹង​តាម​រយៈ​កំណាយ​ពី​ព្រៃក្មេង និង​កោះតាមាស។ កំណាយ​ទាំង​ពីរ​នេះ​បង្ហាញ​ពី​ការ​រស់​នៅ​របស់​បុព្វបុរស​ខ្មែរ​កាល​ពី​មុន​សម័យ​អង្គរ ដោយ​ឃើញ​សាកសព របស់​របរ​ប្រើប្រាស់ និង​សំណល់​ផ្សេងៗ»។

យុវជន​ម្នាក់​ដែល​ប្រាប់​ឈ្មោះ​ត្រឹមតែ​ថា​ឈ្មោះ​ កំសត់ គឺជា​អ្នក​ខេត្ត​សៀមរាប ប៉ុន្តែ​បាន​ចាកចេញ​ពី​ខេត្ត​នេះ ៧​ឆ្នាំ​ហើយ​ដើម្បី​បន្តការ​សិក្សា​នៅ​ភ្នំពេញ​ និង​ធ្វើ​ការ​នៅ​ខេត្ត​ផ្សេង។ ទោះបីជា​នៅ​ខេត្ត​នេះ​ក្ដី កំសត់ មិន​ធ្លាប់​បាន​មក​សារមន្ទីរ​នេះ​ទេ​ពីមុន​មក ដោយសារ​តែ​មិនសូវ​ទទួល​បាន​ព័ត៌មាន​ និង​ដោយសារ​ជាប់​រវល់​សិក្សា។

នៅ​ថ្ងៃ​ទី៥ ខែមិថុនា​នេះ យុវជន​រូបនេះ​ឆ្លៀត​ចូល​មក​មើល​ទស្សនា​សារមន្ទីរ​នេះ បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម។

លោក​និយាយ​ថា៖ «អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​គឺ​ថា របស់​ដែលតាំង​នៅ​ក្នុង​សារមន្ទីរ​នេះ​គឺ​យក​ពី​ខេត្ត​សៀមរាប​តែ​ម្ដង។ ពេល​យើង​ដើរ​ទស្សនា គួរ​តែ​អាន​អ្វីដែល​គេ​សរសេរ​នៅ​ក្បែរ​រូបចម្លាក់​ដើម្បី​យើង​បាន​ដឹង​ថា​វត្ថុនោះ​កសាង​ក្នុង​សតវត្សរ៍​ទីប៉ុន្មាន ហើយ​ធ្វើ​ដើម្បី​អ្វី ហើយ​យក​ពី​តំបន់​ណា ហើយ​ប្រើ​ប្រាស់​ដូចម្ដេច»។

លោក​បន្ត​ថា៖ «ខ្ញុំ​យល់​ថា យុវជន​គួរ​តែ​មក​ទស្សនា​នៅ​ទីនេះ​ដើម្បី​យើង​បាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឯង ដឹង​ពី​ការ​រស់​នៅ ជីវភាព​រស់​នៅ​កាល​ពី​មុន។ ពេល​យើង​បាន​ដឹង​ហើយ យើង​មិន​ត្រឹម​តែ​មាន​មោទនភាព​ដែល​កើត​ជា​កូនខ្មែរ​ទេ យើង​គួរ​តែ​ធ្វើ​អ្វី​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​បន្សល់​ទុក​ជា​ស្នាដៃ​ដូច​ដូនតា​យើង​បាន​ធ្វើ ហើយ​មាន​តម្កល់​នៅ​ក្នុង​សារមន្ទីរ​នេះ»៕