សៀមរាប៖ នៅ​ជើង​ភ្នំ​គូលែន ក្នុង​ភូមិ​បេងមាលា ឃុំ​បេងមាលា ស្រុក​ស្វាយលើ ខេត្ត​សៀមរាប មាន​រតនសម្បត្ដិ​បន្សល់​ពី​បុរាណកាល​មួយ​ ដែល​មាន​ឈ្មោះ​ថា​ ប្រាសាទ​បេងមាលា។

ប្រាសាទ​នេះ​មាន​រចនា​ប័ទ្ម​ស្រដៀង​នឹង​ប្រាសាទ​អង្គរវត្ដ ​​ហាក់​បី​ដូចជា​បង​ប្អូន​ ដែល​បាន​បង្ហាញ​ពី​ភាព​​អស្ចារ្យ​នៃ​អាណាចក្រ​ខ្មែរ។

បេងមាលា ដែល​ភាគ​ច្រើន​រក្សា​បាន​នូវ​សភាព​ធម្មជាតិ​ជាមួយ​នឹង​សម្រស់​ព្រៃ និង​ប្រាសាទ​បុរាណដ៏​អស្ចារ្យ​ប្លែក​ភ្នែក​មួយបែប។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​ដូច​ប្រាសាទ​អង្គរវត្ត​ទេ ប្រាសាទ​បេងមាលា មិន​បាន​ធ្វើការ​ជួសជុលនៅឡើយ​ ដែល​អនុញ្ញាត​ឱ្យ​ធម្មជាតិ​ព័ទ្ធ​ស្រោប​តួ​ប្រាសាទ​ដែល​បាក់​បែក។

លោកបណ្ឌិត Damian Evans បុរាណ​វិទូ​មកពី University of Sydney ដែល​បាន​សិក្សា​ស៊ី​ជម្រៅ​ពីសម័យ​អង្គរ បាន​កត់​សម្គាល់​ថា៖ «ដើមឈើ​ធំៗ​ដុះ​ជាប់​នឹង​ចម្លាក់​ថ្ម​បង្ហាញ​ពី​ភាព​អស្ចារ្យ​គួរឱ្យ​ព្រឺព្រួច​ និងស្រស់ស្អាត​។ វា​បាន​បង្ហាញ​ពី​ការ​វាទទី​របស់​ធម្មជាតិ​មក​លើ​តួប្រាសាទ​ បង្កើត​ឱ្យ​មាន​ទស្សនីយភាព​ដ៏​ទាក់​ទាញ»។

រហូត​ដល់​​សព្វថ្ងៃនេះ​ សំណង់​បុរាណ​នេះ​នៅតែ​រក្សា​បាន​នូវ​រូបរាង​​គួរឱ្យ​ស្ញប់ស្ញែង ដែល​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​រលូន​។​

ប្រាសាទ​ដែល​ធ្លាប់​ជា​មជ្ឈមណ្ឌល​គោរពបូជា និង​ការ​សិក្សា​ដ៏​អស្ចារ្យ ឥឡូវនេះ​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ទ្រុឌទ្រោម​ ដែល​​ភ្ញៀវទេសចរ​អាច​ទស្សនា​​តួ​ប្រាសាទ​បាក់បែក ផ្ទាំង​ថ្ម​ចម្លាក់​យ៉ាង​ប្រណិត និង​ដើមឈើ​ខ្ពស់ៗ​ដែល​ដុះ​ពេញ​ជញ្ជាំង​ប្រាសាទ។

ផ្លូវ​ដើរ​សម្រាប់​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ក្នុង​ប្រាសាទ​បេងមាលា។ រូបថត សហការី

ស្លែ​និង​រុក្ខជាតិ​វល្លិ៍ តោង​ព័ទ្ធ​​ថ្ម​បុរាណ​ទាំងនេះ ដោយ​បង្កើត​បាន​ជា​កម្រាល​ព្រំ​ពណ៌​បៃតង​ដែល​គ្រប​ដណ្តប់​លើ​ប្រាសាទ ជាពិសេស​នៅ​រដូវ​វស្សា។

លោក ឆន ចន្ធូ មគ្គុទេសក៍ និង​ជំនាញ​ទេវកថា បាន​ឱ្យ​ដឹង​ថា ប្រាសាទ​បេងមាលា ដែល​កាល​ពី​សម័យដើម​ជា​បឹង​ ឬ​ស្រះ​ទឹក​នៅ​ព័ទ្ធជុំវិញ​ប្រាសាទ។ 

លោក​បាន​និយាយថា ពីសម័យ​កាលមុន មាន​ប្រវត្ដិសាស្ដ្រ​មួយ​ដែល​ស្ថិត​ក្នុង​សតវត្សរ៍​ទី ១២ នៃ​រជ្ជកាល​ព្រះបាទ​សូរ្យវរ្ម័នទី២ ជា​ក្សត្រ​កសាង​ប្រាសាទ​អង្គរវត្ដ។ 

លោក​បាន​ពន្យល់​ថា​៖ «​ប្រាសាទ​បេង​មាលា​គឺជា​ប្រាសាទ​និមិត្ដរូប​នៃលំនាំ​ស្ទីល​ប្រាសាទ​អង្គរវត្ដ​ដូច​គ្នា​។ ប៉ុន្ដែ​ឯកសារ​បាន​បញ្ជាក់​ថា ប្រាសាទ​នេះ [បេង​មាលា​] បាន​កសាង​មុន​ប្រាសាទ​អង្គរ​វត្ដ ដើម្បី​យក​ស្ទីល​ (គំរូ) ទៅ​កសាង​ប្រាសាទ​អង្គរវត្ដ»។

លោក សូ វណ្ណឌី ជា​មគ្គុទេសក៍​ទេសចរណ៍ បាន​ឱ្យ​ដឹងថា កាលពីដើម​ឡើយ មាន​វត្ដអារាម​មួយ​ឈ្មោះ​ថា ព្រះកេតុមាលា ដែល​ប្រជាជន​បាន​ហៅ​ភ្ជាប់​ឈ្មោះវត្ដ និង​ឈ្មោះ​ប្រាសាទ​ថា ប្រាសាទ​មាលា ដែល​មាន​ន័យថា ផ្កា​មិន​ទាន់​ត្រូវ​បាន​បេះ​មិន​ច្នៃ​លម្អ​។

ដោយសារ​តែព្រះបាទ​សូរ្យវរ្ម័ន​ទី២ មិន​មាន​បុត្រា​ពី​ព្រះអង្គ​​ក្នុង​ការ​គ្រង​រាជសម្បត្ដិ​បន្ដ ហើយ​បុត្រី​ព្រះ​អង្គ​បាន​សោច​ទីវង្គត់ ព្រះ​មហាក្សត្រ​បាន​បន្ដ​រាជ​ឱ្យ​ប្អូន​ជីដូន​មួយ​ព្រះ​នាម ព្រះបាទ​ធរនិន្ទ្រវរ្ម័ន​ទី២ (១១៥០-១១៦០) ជា​ព្រះបិតា​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧។ 

លោក វណ្ណឌី បាន​និយាយថា​៖ «អ៊ីចឹង សំណង់​នៃ​ប្រាសាទ​បេង​មាលា​នេះ​ នៅក្នុង​សម័យ​ព្រះបាទ​ធរនិន្ទ្រវរ្ម័ន​ទី២ ព្រះ​អង្គ​បាន​គោរព​ទៅលើ​ព្រះ​ពុទ្ធសាសនា​ និកាយ​មហាយាន​ ដែល​យើង​មើល​ឃើញ​ចម្លាក់​ព្រះ​ពុទ្ធ​សមាធិ​នៅ​តាម​ក្បាច់​ក្រឡោ​ជាង​»។ 

លោក​បាន​លើក​ឡើង​ថា ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧ ក៏​មាន​ការ​កសាង​ប្រាសាទ​មួយ​ចំនួន​ក្នុង​បរិវេណ​ប្រាសាទ​បេងមាលា ដូចជា ប្រាសាទ​កន្សែង និង​នៅ​ផ្នែក​ខាង​ក្រៅ មាន​ប្រាសាទ​ដូន​ចាន់ និង​ប្រាសាទ​តម្កល់​ភ្លក់​នៅ​ផ្នែក​ខាង​កើត​ជាដើម​។ 

អ្វី​ដែល​ស្ថាបត្យករ​ខែ្មរ​ជំនាន់​នោះ​ធ្វើ​ដោយ​ខាន​មិនបាន​គឺ​ការ​ជីក​កសិណ​ទឹក(គូទឹក) ​នៅ​ជុំវិញ​ប្រាសាទ​ដើម្បី​យក​អាចម៍​ដី​ទៅ​ចាក់​គ្រឹះ​ប្រាសាទ​ការពារ​កុំ​ឲ្យ​បាក់​ស្រុត ក៏​ដូចជា​ការ​យក​ទឹក​សម្រាប់​ប្រើប្រាស់​ផង។ ទន្ទឹមនឹង​នោះ​កសិណ​ទឹក​នីមួយៗ​បាន​ក្លាយ​ទៅ​ជា​និមិត្ត​រូប​នៃ​សមុទ្រ​ទឹកដោះ និវេសនដ្ឋាន​ព្រះអាទិទេព​ក្នុង​ព្រហ្មញ្ញ​សាសនា។

គូ​ទឹក​ព័ទ្ធ​ជុំវិញ​ត្រូវបាន​ជីក​យក​គ្រឹះ​​ដើម្បី​កសាង​ប្រាសាទ​បេង​មាលា​នេះ​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ថ្ម​ភក់​តាន់ (ពណ៌​ខ្មៅ និង​ប្រផេះ លាយ​ថ្ម​បាយ​ក្រៀម)។ គូទឹកព័ទ្ធ​ជុំវិញ​រាប់​គីឡូម៉ែត្រនេះ ​ខណ្ឌ​ទីតាំង​ប្រាសាទ ឲ្យ​ក្លាយ​ជា​កោះ​មួយ​នោះ ដូច្នេះប្រាសាទ​បេងមាលា​ក៏​ត្រូវតែ​មាន​ន័យ​ដូចគ្នា​ទៅ​នឹង​ប្រាសាទ​អង្គរវត្ដ​ដែរ។

ស្លែ​និង​រុក្ខជាតិ​វល្លិ៍ តោង​ព័ទ្ធ​​ថ្ម​បុរាណ​ទាំងនេះ ដោយ​បង្កើត​បាន​ជា​កម្រាល​ព្រំ​ពណ៌​បៃតង​ដែល​គ្រប​ដណ្តប់​លើ​ប្រាសាទ ជាពិសេស​នៅ​រដូវ​វស្សា។ រូបថត សហការី

លោក ចន្ធូ បាន​និយាយថា​៖ «​ប្រាសាទ​បេង​មាលា​មាន​ទំហំ​ធំ​មិន​ចាញ់​ប្រាសាទ​អង្គរវត្ដ​នោះទេ ដោយ​វាមាន​បណ្ដោយ​ ១២០០​ម៉ែត្រ ទទឹង ៩០០ ម៉ែត្រ ដែល​ជា​ប្រាសាទ​មួយ​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា ជាលិទ្ធ​របស់​តួ​អង្គ​ព្រះ​វិស្ណុ»។

ព្រះ​វិស្ណុ​ត្រូវ​បាន​គោរព​ក្នុង​សតវត្សរ៍​ទី ១២ និង​ជា​សាសនា​របស់​រដ្ឋ ហើយ​ប្រាសាទ​នេះ ត្រូវបាន​ឧទ្ទិស​ដល់​ព្រះ​មាតា​របស់​ព្រះបាទ​សូរ្យវរ្ម័នទី២។

លោក​បាន​បន្ដថា​៖ «​ដោយសារតែ​សម្បូរ​ដើម​បេង​ដុះ​ច្រើន​ក្នុង​តំបន់​ប្រាសាទ​នេះ ប្រជាពលរដ្ឋ​ចាប់ផ្ដើម​ប្រែ​ក្លាយ​ឈ្មោះ​បឹង​មាលា​ ទៅ​ជា​បេង​មាលា»។ 

លោក​បាន​បញ្ជាក់​ថា៖ «អ្វី​ដែល​ជា​ភាព​អស្ចារ្យ​របស់​ប្រាសាទ​បេង​មាលា​នេះ គឺជា​គុណភាព​ប្រាសាទ ក៏ដូចជា​គ្រឹះ​ប្រាសាទ​ពិត​ជា​ល្អ មិន​អាច​យក​ប្រាសាទ​ណា​មក​ប្រៀបធៀប​បាន​ឡើយ ពោល​គឺ​ប្រាសាទ​អង្គរវត្ដ និង​ប្រាសាទ​បេង​មាលា​មាន​គុណភាព​ល្អ​ដូច​គ្នា»។

លោក ចន្ធូ បាន​បន្ថែមថា​៖ «​វាជា​ប្រាសាទ​ដែល​មាន​ចម្លាក់​ច្រើន​បំផុត​។ ប៉ុន្ដែ​ដោយសារ​វា​បាន​បាក់​រលំ​អស់​ វា​នៅ​សេស​សល់​ខ្លះ​ៗ​ប៉ុណ្ណោះ​»។ 

សម្រាប់​ជា​ការ​កម្សាន្ដ​របស់​ភ្ញៀវ​ទេសចរ លោក ចន្ធូ បាន​ណែនាំ​ឱ្យ​ភ្ញៀវ​មក​លេង​នៅពេល​ព្រឹក​ទាំង​អាកាស​ធាតុ​ត្រជាក់ និង​ភាព​ស្រស់​ស្អាត ដែល​រំលេច​ពី​រុក្ខជាតិ​តូចធំដុះ​ពាស​ពេញ​តួ​ប្រាសាទ​។

បេងមាលា ដែល​ភាគ​ច្រើន​រក្សា​បាន​នូវ​សភាព​ធម្មជាតិ​ជាមួយ​នឹង​សម្រស់​ព្រៃ និង​ប្រាសាទ​បុរាណដ៏​អស្ចារ្យ​ប្លែក​ភ្នែក​មួយបែប។

លោក​ អាន វាសនា នាយក​ក្រុមហ៊ុន​ទេសចរណ៍ Icare Tours បាន​ឱ្យ​ដឹងថា៖ «ជាក់ស្ដែង ការ​ចាប់​អារម្មណ៍​របស់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ទៅ​ទស្សនា​ប្រាសាទ​នេះ ដោយសារ​វា​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​តំបន់​អង្គរ។ ពេល​ភ្ញៀវ​ទៅដល់ ពួកគាត់​និយាយ​ថា មិន​គួរ​ណា​មាន​ប្រាសាទ​នៅ​តំបន់​ប្រជុំជន​នៃ​ជនបទ​អ៊ីចឹង​សោះ​»។ 

លោក​បាន​និយាយថា ប្រាសាទ​បេងមាលា​នេះ​មិន​ទាន់​​ត្រូវបាន​​​ជួសជុល​នោះទេ ដោយ​មាន​តែ​ការ​សម្អាត និង​ថែទាំ​បន្ដិច​បន្ដួច​ប៉ុណ្ណោះ​។ 

លោកបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ថ្វីដ្បិតតែ​ប្រាសាទ​បេង​មាលា​នេះ​មាន​ទំហំ​តូច​ជាង​ប្រាសាទ​អង្គរវត្ដ​យ៉ាង​ណា​ក៏ដោយ ក៏​វា​ស្ថិត​នៅលើ​ទីទួល​ខ្ពស់​រួច​ទៅ​ហើយ ដោយ​នៅ​ជើង​ភ្នំ​គូលែន​»។ 

លោក​បាន​បញ្ជាក់ថា​៖ «ភ្ញៀវ​ទេសចរ​បរទេស​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​គឺ​មាន​រឿង​ហូលីវូដ​មួយ​បាន​ថត​នៅទី​នេះ គឺ​ក្នុង​ឆ្នាំ​១៩៨១ រឿង​ Raider Of The Lost Ark»។ 

នៅក្នុង​ឆ្នាំ​២០០៤ រឿង «Two Brothers» ក៏ផ្ដិត​យក​រូបភាព​នៅ​ប្រាសាទ​បេងមាលា ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​មក​ដែរ៕