សៀមរាប-បាត់ដំបង៖ ការ​ធ្វើ​ដំណើរ​តាម​ទូក រវាង​ខេត្តសៀមរាប និង​បាត់ដំបង ​បាន​ចាប់​ផ្តើម​ដំណើរការ​ឡើង​វិញ​ចាប់​ពី​ថ្ងៃទី​១ ខែ​សីហា ដើម្បី​ភាព​រីករាយ​របស់​អ្នក​ធ្វើ​ដំណើរ ដែល​ស្វែងរក​បទពិសោធ​ប្លែក​តាម​រយៈ​ភូមិ​បណ្តែត​ទឹក និង​ទេសភាព​ធម្មជាតិ​តាម​ផ្លវូទឹក។

យោង​តាម​ការ​ចុះផ្សាយ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​នា​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ទូក​ទេសចរណ៍​បើក​ដំណើរការ​ឡើងវិញ ដោយ​ផ្តល់​ឱកាស​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ទស្សនា​បឹង​ទន្លេសាប​និង​ស្ទឹង​សង្កែ។

ភ្ញៀវទេសចរ​អាច​ទិញ​សំបុត្រ​ទូក​តាម​សណ្ឋាគារ ផ្ទះសំណាក់ ឬ​ដោយផ្ទាល់​ពី​ភ្នាក់ងារ​លក់​សំបុត្រ​របស់​ក្រុមហ៊ុន​ដូចជា Angkor Express Boat និង CHANN-NA Express Boat​។​

លោក ឈាង ប៊ុនណាត ជា​អ្នកបើក​ទូក​ឱ្យ​ក្រុមហ៊ុន ចាន់ណា កាណូត​ដឹក​អ្នក​ដំណើរ (CHANN-NA Express Boat) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃ​ពុធ​នេះ​ថា នៅលើ​ទូក​ចំណុះ​ ៣០នាក់​របស់​លោក​មាន​ភ្ញៀវ​ ១២ នាក់​ ដែល​ធ្វើដំណើរ​ពី​សៀមរាប ខណៈ​អ្នក​ដំណើរ​ខ្លះ​ឡើង​ចុះ​នៅ​តាម​ភូមិ​បណ្ដែត​ទឹក​នីមួយៗ។

លោក​ថ្លែង​ថា៖ «យើង​ដំណើរ​ការ​រៀងរាល់​រដូវ​ទឹក​ឡើង ហើយ​នៅ​រដូវ​នេះ យើង​ចាប់​ផ្ដើម​ពី​ថ្ងៃទី ១ ខែ​សីហា។ អរគុណ​មន្ទីរទេសចរណ៍​ដែល​ជួយ​ផ្សព្វផ្សាយ​ដោយសារ​កន្លង​មក​មិន​ដែល​ខាង​ទេសចរណ៍​ជួយ​ផ្សព្វផ្សាយ​ទេ»។

លោក​បាន​ឱ្យ​ដឹងថា ក្រៅ​ពី​ភ្ញៀវ​មកពី​សៀមរាប ភ្ញៀវ​ចាប់​ពី​ភូមិ​បណ្ដែតទឹក​ព្រែកទាល់ ភូមិ​បណ្ដែត​បាក់ព្រា និង​ភូមិ​ផ្សេងៗ​ទៀត​ឡើង​ចុះ​ៗ​ទៅ​គោលដៅ​របស់​ពួកគេ។ ដូច្នេះ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​នៅតែ​ពេញ​និយម​សម្រាប់​សហគមន៍​លើ​ភូមិ​បណ្ដែត​ទឹក​នៃ​បឹង​ទន្លេសាប​នេះ​។ 

ជាមួយ​ការ​ដំណើរ​ចន្លោះពី ៦ ទៅ ៧ ម៉ោង លោក ប៊ុនណាត បាន​និយាយថា ការ​ផ្អាក​មួយ​រយៈ​កន្លងមក ​កម្ពស់​ទឹក​ទាប​ពេក​​ដោយការ​ទប់ទឹក​របស់​ក្រុមហ៊ុន​ចិន​ ហើយ​លោក​បារម្ភ​ពី​បញ្ហា​នៃ​ការ​ធ្វើដំណើរ​តាម​ទូក​មាន​រយៈពេល​ខ្លី ដោយសារ​ខ្វះទឹក។

ភ្នំពេញប៉ុស្ដិ៍​​​ព្យាយាម​ទាក់ទង​ខាង​ក្រុមហ៊ុន Angkor Express តែ​មិន​បាន​ជោគជ័យ។ បុរស​ម្នាក់​បាន​លើក​ទូរស័ព្ទ​តែ​មិន​ចង់​និយាយ ហើយ​បាន​បិទ​ចោល​ភ្លាមៗ។

យ៉ាងណាមិញ អ្នកនាង មិន ដានី អ្នក​លក់​សំបុត្រ​ទូក​ល្បឿន​លឿន​ សុខ ចំរើន ទិសដៅ​ សៀមរាប-បាត់ដំបង-សៀមរាប បាន​និយាយថា ក្រុមហ៊ុន សុខ ចំរើន ​បើក​ដំណើរ​ការ​អាជីវកម្ម​ទូក​ដឹក​អ្នកដំណើរ​នេះ​ជាង​​ម្ភៃ​ឆ្នាំ​មក​ហើយ។ ជារៀង​រាល់ឆ្នាំ ទូក​ទាំង​នេះ​​រត់ដឹក​អ្នកដំណើរ​នៅ​រាល់​​រដូវកាល​ទឹក​ឡើង ដែល​ភាគច្រើន​ចាប់ពី​ខែសីហា​រហូត​ចូល​ដល់​ខែ​មីនា។

ភ្ញៀវទេសចរបរទេសធ្វើដំណើរតាម ទូក​ល្បឿន​លឿន​ សុខ ចំរើន ពីបាត់ដំបង​ទៅ​សៀមរាប។ រូបថត សហការី

អ្នកនាង ដានី បាន​ឱ្យដឹងថា​៖ «សម្រាប់ឆ្នាំ​នេះ​ទឹក​ឆាប់​ឡើងលឿន​ ដូច្នេះ​យើង​អាច​ដំណើរ​ការ ដោយ​ចាប់ផ្ដើម​រត់​តាំង​ពី​ខែ ៧ (កក្កដា)​​ រហូតមក។ ទូក​របស់​យើង​មាន ៣ ខ្នាត​គឺ​ខ្នាត​តូច​អាច​ដឹក​អ្នកដំណើរ​បាន​ ១២នាក់ ខ្នាត​កណ្ដាល ២០ ទៅ​៣០​នាក់ និង​ខ្នាត​ធំ អាច​ដាក់​បាន​មនុស្ស​ពី ៦០ ទៅ ១២០​នាក់។ តម្លៃ​សម្រាប់ភ្ញៀវ​ខ្មែរ សៀមរាប បាត់ដំបង គឺ ១៥​ដុល្លារ​ និង​ភ្ញៀវ​បរទេស​ ២៥​ដុល្លារ»។

ក្នុង​មួយថ្ងៃ​ ទូក​ដឹក​ភ្ញៀវ​ពី​សៀមរាប​ ទៅបាត់ដំបង ធ្វើ​ដំណើរ ១ ជើង​ដោយទៅ​ទទួល​ភ្ញៀវ​នៅម៉ោង ៦កន្លះព្រឹក និង​ចេញ​ដំណើរ​នៅ​ម៉ោង ៧កន្លះ។ រយៈពេល​ធ្វើដំណើរ​អាច​ខុស​គ្នា​អាស្រ័យ​ទៅ​លើ​កត្តា​ខ្យល់​ផង​ដែរ។

ការ​ធ្វើដំណើរ​ពី​សៀមរាប​ទៅ​បាត់ដំបង​តាមផ្លូវ​ទឹក​នេះ​មាន​រយៈពេល​ប្រមាណ ៦ ម៉ោង​ ដោយសារ​​ភ្ញៀវ​ត្រូវ​ចុះ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ភូមិ​បាក់ព្រា មុន​នឹង​បន្ត​ដំណើរ​​ទៅគោលដៅ​បាត់ដំបង។

យ៉ាងណាមិញ អ្នកនាង ដានី ទទួល​ស្គាល់​ថា មធ្យោបាយ​ធ្វើដំណើរ​នេះ​ក៏​មិនសូវ​មានភ្ញៀវ​ដែរ ដោយ​ក្នុង​មួយ​ថ្ងៃ​ទូក​រត់​តែ​មួយ​ជើង​ប៉ុណ្ណោះ ហើយ​ភាគច្រើន​ជា​ភ្ញៀវ​បរទេស ខណៈ​ភ្ញៀវខ្មែរ​​មាន​ត្រឹមតែ​ ២០ ទៅ​ ​៣០​ភាគរយទេ។

លោក ហម អរុណ អនុប្រធាន​មន្ទីរទេសចរណ៍​ខេត្តបាត់ដំបង ក្រោយ​ខកខាន​មួយ​រយៈ​ ការ​ដាក់​ឱ្យ​ដំណើរ​ការ​កាណូត​ឡើង​វិញ​នេះ ​ភ្ញៀវ​អាច​ទទួល​បាន​បទពិសោធ​លើស​ពីការ​ធ្វើ​ដំណើរ​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ​ ដោយ​ពួកគេ​អាច​ទស្សនា​​ព្រៃលិចទឹក មើល​ឃើញ​ពីការ​រស់នៅ​ពលរដ្ឋ​លើ​ភូមិ​បណ្ដែតទឹក ការប្រកប​របរ​នេសាទ​ និង​គយគន់​ដង​ស្ទឹង​សង្កែរ​ជាដើម។

ទស្សនៈ​របស់​អ្នក​ដំណើរ

អ្នកនាង Sheree Hooker ជា​អ្នកធ្វើដំណើរ​ដែល​បាន​ជិះ​ទូក​ពីសៀមរាប​ទៅ​បាត់ដំបង​ បាន​ចែករំលែក​ប​ទ​ពិសោធដោយ​សរសេរ​នៅលើ​វេបសាយ ​​​South Asia Backpacker កាល​ពី​​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។​

អ្នក​នាង​ Hooker បាន​ពណ៌នា​ការ​ជិះទូក​ពី​ខេត្តសៀមរាប​ទៅ​បាត់ដំបង​ថា​ជា​ដំណើរ​ផ្សងព្រេង​ដ៏​ពិសេស​មួយ ដែល​ផ្តល់​នូវ​ទស្សនីយភាព​ដ៏​កម្រ​ក្នុង​ការ​ទស្សនា​​ជីវិត​ពិត​របស់​ប្រជាជន​ខ្មែរ។

អ្នកនាង​​បាន​កត់សម្គាល់ថា​៖ «​ការ​ជិះទូក​គឺជា​រឿង​ដែល​ត្រូវធ្វើ​សម្រាប់​អ្នក​ចង់​ឃើញ​ជ្រុង​មួយ​នៃ​​ផ្នែក​ទេសចរណ៍​​នៃ​ប្រទេស​កម្ពុជា​»​។​

អ្នក​នាង​បាន​ឱ្យ​ថា ការប្ដូរ​ពី​​ការធ្វើដំណើរ​តាម​ផ្លូវគោក​រយៈពេល ៤ ម៉ោង ទៅជា​ការ​ជិះទូក​រយៈពេលរហូតដល់​ ៩ ម៉ោង​អាច​ជា​បទពិសោធន៍​​គួរឱ្យខ្លាច។ ប៉ុន្តែការ​ចំណាយ​ពេល​ជាច្រើន​​ម៉ោង​នេះ​​ផ្តល់នូវ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយនឹង​វប្បធម៌ និង​ទេសភាពដ៏​ស្រស់​ត្រកាល​​។​

ទូកទេសចរ សំចត​នៅ​កំពង់ទូក​ចុង​ឃ្នាស ខេត្ត​សៀមរាប។ រូបថត សហការី

ពេលវេលា​ដ៏​ល្អ​សម្រាប់​ការធ្វើដំណើរ​តាម​ទូក គឺ​ចាប់ពី​ខែសីហា ដល់​ខែកុម្ភៈ នៅពេលដែល​កម្ពស់​ទឹក​ឡើង​ខ្ពស់​។​

ដំណើរ​នេះ​ចាប់ផ្តើម​នៅ​ផែ​ចុង​ឃ្នា​ស ដោយ​កាត់​តាម​បឹង​ទន្លេសាប និង​តាម​ដងស្ទឹង​សង្កែ​។​ ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ភូមិ​បណ្តែត​ទឹក និង​បានឃើញ​សត្វស្លាប​ និង​ការនេសាទ​បែប​ប្រពៃណី​។​

អ្នក​នាង​ Hooker បាន​សរសេរ​ថា៖ «​ផ្លូវ​នេះ​ពិត​ជាមាន​ទេសភាព​ដ៏​អស្ចារ្យ ជាមួយនឹង​ការឈប់សម្រាក​​នៅ​ភូមិ​បណ្ដែត​ទឹក ​ដូចជា ឃុំ​កោះ​ជី​វាំង ដែល​ផ្តល់នូវ​បទពិសោធន៍​វប្បធម៌​ពិសេស​»។​

គន្លឹះ​សុវត្ថិភាព និង​ផាសុកភាព​

អ្នកធ្វើដំណើរ​គួរតែរៀបចំ​កៅអី​ជ័រ​រឹង ឬ​បង់​ឈើ និង​​អង្គុយ​ត្រូវ​​កម្តៅថ្ងៃ​។ ឡេ​ការពារ​កម្តៅថ្ងៃ និង​មួក​ការពារ​កម្តៅថ្ងៃ​គឺ​ចាំបាច់​ណាស់​។​

អ្នក​ធ្វើដំណើរ​ដែលមាន​បទពិសោធ Hooker ​បាន​ណែនាំ​ថា៖ «អង្គុយ​នៅ​ខាងមុ​ខ ដើម្បី​ជៀសវាង​សំឡេង​ម៉ាស៊ីនរំខាន​ ឬ​យក​កាស​ស្តាប់ ប្រសិនបើ​អ្នក​អង្គុយ​កន្លែង​ផ្សេង។ អ្នក​ក៏​អាច​អង្គុយ​នៅលើ​ដំបូល​ក៏​បាន​​ផងដែរ​»។​

អ្នក​នាង​ Hooker បាន​កត់សម្គាល់ថា៖ «មាន​អាវ​ពោង​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់គ្នា​ ហើយ​ទូក​មិនមាន​ភាព​ចង្អៀត​ទេ​​ ទោះបីជា​យ៉ាងណា​ក៏ដោយ បញ្ហា​មេកានិច​អាច​កើត​ឡើង ដែល​អាច​ធ្វើឱ្យ​មានការ​ពន្យារ​ពេល​ការធ្វើ​ដំណើរ​»។​

អ្នកធ្វើដំណើរ​ដែលមាន​គម្រោង​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​រវាង​ខេត្តសៀមរាប និង​បាត់ដំបង គួរតែ​យកចិត្តទុកដាក់​នូ​វគ​ន្លឹះ​សំខាន់ៗ ដើម្បី​ធានាបាន​នូវ​ការធ្វើដំណើរ​ប្រកបដោយ​ភាពរលូន​។​

ការ​កក់​សំបុត្រ​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​ជាមុន គឺជា​រឿង​សំខាន់ ជាពិសេស​ក្នុង​រដូវ​ភ្ជុំបិណ្ឌ។​ អាហារសម្រន់​គឺ​ចាំបាច់​ដោយសារតែ​ការចាប់​ផ្តើមដំបូង ទោះបីជា​អាហារ​ថ្ងៃត្រង់​ឈប់​ពាក់​កណ្តាលផ្លូវ​ក៏ដោយ។ 

អ្នកធ្វើដំណើរ​ត្រូវបាន​ណែនាំ​ឱ្យប្រើ​បង្គន់​នៅលើ​គោក​ឱ្យ​ហើយ​ និង​កន្លែង​ឈប់​អាហារ​ថ្ងៃត្រង់ ព្រោះ​បន្ទោរ​បង់​លើ​ទូក​​មិនសូវ​ល្អ​ទេ​។ វត្ថុ​សំខាន់ៗ ​ដូចជា ក្រដាសអនាម័យ និង​ជែ​ល​លាងដៃ អាចជួយ​ជៀសវាង​បញ្ហា​កខ្វក់​។​

អ្នកនាង Hooker បាន​បន្ថែម​ថា៖ «​ការ​ជិះទូក​ពី​ខេត្តសៀមរាប​ទៅ​បាត់ដំបង​ស្វែង​យល់​ច្រើន​អំពី​​វប្បធម៌​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​ជា​ចំណុច​លេចធ្លោ​នៃ​ដំណើរ​កម្សាន្ត​ណាមួយ​ទៅកាន់​អាស៊ីអាគ្នេយ៍»៕