ខណៈរដូវកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរខិតជិតមកដល់នោះ ទេសចរទីជិតឆ្ងាយ អាចសាកល្បងប្តូរចំណាប់អារម្មណ៍ការកម្សាន្ត ដែលដើមឡើយធ្លាប់តែពេញនិយមសម្រាប់ភ្ញៀវបរទេស។ នោះគឺទៅជិះទូកលេងទស្សនាសត្វស្លាបទឹក ពពួកសត្វជីវៈចម្រុះច្រើនប្រភេទ និងបណ្តុំទេសភាពធម្មជាតិ ដ៏ស្រស់ស្អាត នៃរមណីយដ្ឋានអាងទឹកត្រពាំងថ្ម។
រមណីយដ្ឋាន អាងទឹកត្រពាំងថ្ម លាតសន្ធឹងនៅលើផ្ទៃដីទំហំ ១២ ៦៥០ ហិកតា មានភូមិចំណុះជាច្រើនស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយចេញពីចំណុចនៃផ្លូវបំបែកស្រុកព្រះនេត្រព្រះ។