កាលពីសប្ដាហ៍មុនលោកសាស្ដ្រាចារ្យប្រវត្តិសាស្ដ្រ សំបូរ ម៉ាណារ៉ា បានចែករំលែកអំពីគោលគំនិតដឹកនាំរបស់ក្សត្រសម័យអង្គរដែលអប់រំសង្គមអំពីសាមគ្គីភាពគ្នាជាធ្លុងមួយពីលើរហូតដល់ក្រោម និងជាគន្លឹះមួយធ្វើឲ្យខ្មែរសម័យនោះរួមគ្នា និងបានកសាងជាតិឲ្យរុងរឿង។
សប្ដាហ៍នេះលោកថ្លែងអំពីមូលហេតុនៃការបែកបាក់ ការបាត់បង់ទឹកដី សង្គ្រាម ចម្បាំងរាំងជល និងឱនភាពនៃសេដ្ឋកិច្ចជាតិ។
យោងតាមប្រវត្តិសាស្ដ្រខ្មែរបានបញ្ជាក់ថាសង្គ្រាមនៅទឹកដីកម្ពុជាតាំងពីសម័យបុរាណមកកើតឡើងដោយសារកត្ដាធំៗពីរយ៉ាង គឺ៖ ទី ១ អសមត្ថភាពនៃការគ្រប់គ្រងទឹកដី និង ទី ២ គឺការបណ្ដុះគំនិតអប់រំខុសដូចជាការស្អប់គ្នាឯងមហិច្ឆតាហួសហេតុ និងភាពសួនតួនិយមពេក។ សូមជូនឧទាហរណ៍ក្នុងប្រវត្តិសាស្ដ្រខ្មែរដូចតទៅ។
នៅចន្លោះគ្រិស្ដសករាជ ឆ្នាំ ៥៥០ ដល់គ្រិស្ដសករាជ ឆ្នាំ ៨៥០ សង្គ្រាមបងប្អូនរវាងអាណាចក្រចេនឡាទឹក និងអាណាចក្រភ្នំ។ ភាគីទាំងពីរបានប្រទូសរ៉ាយគ្នាប្រមាណ ៣០០ ឆ្នាំទើបចេនឡាទឹកវាយដណ្ដើមបានទឹកដីទាំងមូលដោយបានរួបរួមទឹកដីតែមួយ។ ការអប់រំនៅសម័យនោះគឺអ្នកចេនឡាទឹកស្អប់ អ្នកចេនឡាភ្នំ ដោយក្ដីប្រមាថ និងមានគំនុំសងសឹក។ មនុស្សកើតមកត្រូវបានភាគីទាំងសងខាងបណ្ដុះគំនិតឲ្យមានកំហឹង ស្រឡាញ់ ស្អប់ និងការសងសឹកគ្នា បក្ខពួកនិយមតាមគំនិតដូនតារបស់ខ្លួន។