កាលពីសប្ដាហ៍មុន ប្រិយមិត្តអ្នក អានពិតជាបានដឹងច្បាស់ថារដ្ឋមន្ដ្រីក្រសួងបរិស្ថានជានរណា? ហើយក្នុងសប្ដាហ៍នេះលោកអ្នកនឹងបានដឹងពីចក្ខុវិស័យរបស់លោកក្នុងកិច្ចការគាំពារបរិស្ថាន។
ក្នុងបទសម្ភាសជាមួយ ភ្នំពេញ ប៉ុស្ដិ៍ រដ្ឋមន្ដ្រីបរិស្ថាន លោក សាយ សំអាល់ បានបន្ទោសប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង ៨ ជាអ្នកបំភាយឧស្ម័នពុលច្រើនជាងគេដែលជាកត្ដាបង្កឲ្យមានការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅដែនដីហើយក្នុងបរិបទនេះពិភពលោកតម្រូវឲ្យកម្ពុជាជាប្រទេសគ្មានឧស្សាហកម្មខ្នាតធំចូលរួមគាំពារបរិស្ថានក្នុងក្របខ័ណ្ឌតំបន់ និងសកល។ ប្រទេសមានឧស្សាហកម្មជឿនលឿនទាំង ៨ ឬ (G8) រួមមានប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស ជប៉ុន សហរដ្ឋអាមេរិក កាណាដា និង រុស្ស៊ី។
បច្ចុប្បន្ននេះការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅផែនដីគឺជាកង្វល់របស់សកលលោកតែកម្ពុជាជាប្រទេសតូចមានមនុស្សតិចមិនមានឧស្សាហកម្មខ្នាតធំនោះត្រូវបានជំរុញដោយប្រទេសមានការអភិវឌ្ឍជឿនលឿនទាំង ៨ និងសហគមន៍អន្ដរជាតិឲ្យចូលរួមចំណែកបន្ថយកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុដោយបញ្ឈប់ការកាប់ព្រៃឈើ និងត្រូវការពារជីវចម្រុះ។