វិថីព័ទ្ធពេនតាមជម្រាលភ្នំ សម្រាប់សម្រួលដល់ចរាចរណ៍ធ្វើដំណើរគ្រប់យានយន្ដ ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ស្ទើរតែរួចរាល់ បានប្រែក្លាយជាចំណុចសំចតរបស់អ្នកដំណើរឆ្លងកាត់ ភ្ញៀវទេសចរ និងអ្នកស្រុកទស្សនាខ្សែពណ៌ក្រមៅបត់បែនដូចអន្ទង់អាំង និងគយគន់ទេសភាពសមុទ្រឈើរលករលេញ ក្នុងតំបន់អភិរក្សជួរភ្នំសំកុស។
ទិដ្ឋភាពភ្នំចិនយំ ភ្នំប្រមោយ ជួរភ្នំក្រវាញ និងភ្នំសំកុស ជាភ្នំខ្ពស់បំផុតលំដាប់ទី ២ កម្ពស់ ១៧១៧ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ រំលេចបានជារលកសមុទ្រឈើដ៏ស្រស់ត្រកាល ពេលគយគន់ពីភ្នំ ១០០៥ ជាទីឋានដែលខ្សែចង្វាយជិត ២០០ គីឡូម៉ែត្រប្រឡាយកាត់។