ទិដ្ឋភាពដ៏ស្អាតដូចផ្ទាំងគំនូរនេះ គឺជាលំហូរទឹកទន្លេមេគង្គ និងទន្លេសាប ប្រសព្វគ្នាត្រង់ទន្លេចតុមុខ ឬទន្លេបួនមុខ។ មានហេតុផលមួយចំនួនដែលធ្វើឱ្យទន្លេទាំង២នេះ មានព័ណ៌ខុសគ្នា និងហាក់មិនរលាយចូលគ្នាដែលនេះជាបាតុភូតជលសាស្ត្រធម្មជាតិ កម្រមានក្នុងពិភពលោក។
នៅរដូវវស្សាចន្លោះពីខែឧសភា ដល់ខែតុលា កម្រិតទឹកទន្លេមេគង្គឡើងខ្ពស់ ហើយទឹកទន្លេមេគង្គ ហូរចូលទៅទន្លេសាប និងបន្តទៅដល់បឹងទន្លេសាប។ នៅរដូវប្រាំងវិញ នៅពេលកម្រិតទឹកទន្លេមេគង្គចុះទាប ទឹកក៏ចាប់ផ្ដើមហូរចេញពីបឹងទន្លេសាប មកទន្លេមេគង្គវិញ ដោយនាំមកជាមួយនូវល្បាប់ដែលធ្វើឲ្យទឹកទន្លេសាប និងទឹកទន្លេមេគង្គមានព័ណ៌ខុសគ្នា។
ចំណែកទិដ្ឋភាពដែលមើលទៅដូចមិនរលាយចូលគ្នា អាចមកពី ទឹកទន្លេទាំង២ មានសីតុណ្ហភាព មិនស្មើគ្នា។ ចំណុចមួយទៀត ទឹកហូរបញ្ច្រាសទិសគ្នា បានន័យថា លំហូរទឹកទន្លេមេគង្គ ដែលហូរប្រសព្វគ្នាជាមួយទឹកទន្លេសាប បានធ្វើឱ្យទឹកក្នុងទន្លេសាប ហូរបញ្ច្រាសទិសត្រឡប់ឆ្ពោះទៅបឹងទន្លេសាបវិញ ដូច្នេះហើយ យើងមើលទៅទន្លេទាំង២ខណ្ឌចែកគ្នាយ៉ាងដាច់ ដែលនេះគឺជាបាតុភូតជលសាស្ត្រធម្មជាតិ ដែលកម្រមាន។
សូមជម្រាបថា បាតុភូតបែបនេះកើតឡើងជារៀងរាល់ឆ្នាំ។ ហើយផ្នែកម្ខាងដែលមានទឹកពណ៌ថ្លាឆ្វង់ នោះ គឺជាខ្សែទឹកទន្លេមេគង្គ និងម្ខាងទៀតដែលមានទឹកល្អក់ គឺជា ខ្សែទឹកទន្លេសាប៕