ឧត្តមសេនីយ៍ទោ Atthaporn Wongsiripreeda បាននិយាយកាលពីថ្ងៃពុធថា លោក លី រតនរស្មី អាយុ ៤៣ ឆ្នាំ ត្រូវបានគេជឿថា បានជួលខ្មាន់កាំភ្លើង ឯក កាឡាក់ភីណយ បាញ់សម្លាប់លោកលិម គិមយ៉ា អាយុ ៧៣ ឆ្នាំនៅស្រុក Phra Nakhon ទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា។
លោកបន្តថា លោក លី រតនរស្មី ត្រូវបានគេស្គាល់ឈ្មោះជា ភាសាថៃ ថា ឈ្មោះថៃ «សោម វ៉ាង»។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
ឯក កាឡាក់ភីណយ ដែលជាខ្មាន់កាំភ្លើង បានសារភាពប្រាប់ប៉ូលិសថា លោក លី រតនរស្មី មានជម្លោះផ្ទាល់ខ្លួនជាមួយនឹងលោក លិម គិមយ៉ា។ គាត់បាននិយាយថា គាត់ត្រូវបានគេបញ្ជាឱ្យបាញ់ប្រហារសម្លាប់លោកលិម គិមយ៉ា នៅប្រទេសថៃ ទាំងដែលរូបលោក ពុំបានដឹងពីសាវតាររបស់លោក លិម គិមយ៉ា នោះទេ។
ឯក កាឡាក់ភីណយ និយាយថា រូបគេ ធ្លាប់ទទួលជំនួយជាលុយ ពីលោក លី រតនរស្មី ក្រោយពេលដែល ភីណយ ត្រូវបានបណ្តេញចេញពីកងទ័ពជើងទឹក។ លោក ឯក កាឡាក់ ត្រូវទទួលបានប្រាក់ឈ្នួល ៦០,០០០ បាតសម្រាប់ការសម្លាប់លោក លិម គិមយ៉ា។
បើតាមប៉ូលីសថៃ បញ្ជាក់ថា លោក លី រតនរស្មី បានមកដល់ប្រទេសថៃនៅម៉ោងប្រហែល ១០ យប់ថ្ងៃទី ៦ មករា ស្ថិតនៅស្រុក Bang Lamung ខេត្ត Chon Buri។
ចំណែក លោក លិម គិមយ៉ា ត្រូវបានគេបាញ់សម្លាប់នៅល្ងាចថ្ងៃទី៧ មករា ហើយលី រតនរស្មី បានចាកចេញពីប្រទេសថៃនៅព្រឹកថ្ងៃទី ៨ មករា។ ប៉ូលិសបាននិយាយថា លោក លី រតនរស្មី បានធ្វើដំណើរទៅប្រទេសថៃជាច្រើនដង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕