អ្នកជិះកង់ជួយកុមារកម្ពុជា លោក ទីវ ដារ៉ារិទ្ធ បានមកដល់ទីកន្លែងសុវត្ថិភាពហើយ ក្រោយពីលោកបាន ស្ថិតនៅក្នុងការប្រកាសអាសន្ន ជាប់គាំងនៅកណ្តាលភ្នំទឹកកកដ៏ធំល្វើយល្វើយ និងដាច់ស្រយាល រយៈពេល៥ ថ្ងៃ។
តាមរយៈការបង្ហោះវីដេអូលើផេកផ្លូវការរបស់ លោក ទីវ ដារ៉ារិទ្ធ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានបង្ហាញថា លោកបានព្យាយាមតស៊ូក្នុងដំណើរផ្លូវជិះកង់កាត់ភ្នំទឹកកក ដែលត្រូវប្រឆាំងជាមួយព្រិល កម្លាំងខ្យល់បក់ និងប្រកួតប្រជែងជាមួយភ្នំខ្ពស់ៗ ក្នុងមានសីតុណ្ហភាពរហូត -20 C សូម្បីតែអាហារ និងសម្ភារៈរបស់លោកក៏ត្រូវបានកក ចំណែកភូមិប្រជាជនដែលលោកបានដាក់គោលដៅ ប្រែជាភូមិខ្មោចគ្មានអ្នករស់នៅ ដែលនៅធ្វើឱ្យលោកពិបាកបន្ថែមទៀត។
ផ្លូវឆ្លងកាត់ឧបសគ្គដ៏លំបាកមួយនេះ លោក ទីវ ដារ៉ារិទ្ធ បានប្រាប់សារព័ត៌មានភ្នំពេញប៉ុស្តិ៍នារសៀល ថ្ងៃទី១៧ ខែមករានេះថា ពេលនេះ លោកបានមកដល់ទីកន្លែងមានសុវត្ថិភាពវិញហើយ ក្រោយលោក បានជាប់គាំងនៅលើផ្លូវ PAMIR HIGHWAY ផ្លូវពីគីជីគីស្ថាន ទៅ Tajikistan រយៈពេល៥ថ្ងៃ។
លោក ដារ៉ារិទ្ធ បន្តថា លោកបានរៀបចំផែនការច្បាស់លាស់តាំងពី ៣ ខែ មុនពេលចេញធ្វើដំណើរ ហើយលោកមានទីតាំងច្បាស់លាស់ដែលនឹងត្រូវជិះកង់ឆ្លងកាត់ ប៉ុន្តែដោយសារ លោកមកដល់តំបន់ អាស៊ីកណ្តាលយឺតពេល ដូច្នេះរដូវរងារចាប់ផ្តើមធ្វើឱ្យលោកជួបឧបសគ្គទាំងនេះ។
បុរសតស៊ូម្នាក់នេះរៀបរាប់ថា ក្នុងស្ថានភាពត្រជាក់បែបនេះ លោកព្យាយាមធ្វើចលនា ដើម្បីឱ្យមាន សីតុណ្ហភាពក្នុងខ្លួន និងខំប្រឹងតស៊ូ លោកដួលសន្លប់ជាច្រើនលើកច្រើនសារ តែលោកនៅតែរកវិធី ក្រោកឈរយកឈ្នះស្ថានភាពនេះ។ លោកបានអះអាថា ដំណើរផ្សងព្រេងនៅអាស៊ីកណ្ដាលនេះពិតជាលំបាកឥតគណនា។
សូមជម្រាបថា ទីវ តារារិទ្ធិ បានចេញដំណើរបេសកកម្មដើម្បីជួយកុមារកម្ពុជា នៅថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០២៤ គឺការជិះកង់ផ្សងព្រេងរយៈពេលមួយឆ្នាំ ចម្ងាយ ២ម៉ឺនគីឡូម៉ែត្រពីកម្ពុជាទៅទ្វីបអឺរ៉ុប។ បេសកកម្មនេះ មានបំណងរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជា៕