ក្រុងម៉ូស្គូ: ក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក បានធ្វើឲ្យក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ ស្រឡាំងកាំងកាលពីថ្ងៃអាទិត្យ តាមរយៈការយកឈ្នះក្នុងលទ្ធផល ១-០ ដែលធ្វើឲ្យការការពារពានរបស់អាល្លឺម៉ង់ ស្ថិតក្នុងភាពមិនច្បាស់ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល របស់ Neymar បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស។
ខ្សែប្រយុទ្ធ Hirving Lozano បានរកគ្រាប់បាល់ឈ្នះសម្រាប់ក្រុមម៉ិកស៊ិក នៅនាទី ទី៣៥ នាកីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូ ក្រោយពីធ្វើឲ្យអ្នកចាំទី Manuel Neuer មិនអាចសង្គ្រោះបាល់បានឡើយ ក្រោយពីការអវត្តមានអស់រយៈពេល៩ខែ ដោយសារតែរបួស។
ខ្សែបម្រើ Toni Kroos បានស៊ុតបាល់ប៉ះទៅនឹងរបារទី សម្រាប់អាល្លឺម៉ង់ ប៉ុន្តែ ពួកគេមិនអាចវាយបកដើម្បីវិលទៅកាន់ការប្រកួតនេះវិញឡើយ ខណៈដែលពួកគេបានរងបរាជ័យជាលើកទី១ក្នុងការប្រកួតបើកឆាករបស់ពួកគេនៃយុទ្ធនាការ World Cup បើគិតចាប់តាំងពីឆ្នាំ១៩៨២។
Lozano វ័យ ២២ ឆ្នាំ បានឲ្យដឹងថា៖ «ខ្ញុំមិនដឹងថា វាជាជ័យជម្នះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ម៉ិកស៊ិក ឬយ៉ាងណាឡើយ ប៉ុន្តែ ពិតណាស់ វាជាជ័យជម្នះមួយក្នុងចំណោមជ័យជម្នះដ៏ធំបំផុត»។
គ្រាប់បាល់ឈ្នះរបស់ Lozano បានបង្កើតឲ្យមានរំញ័រផែនដីក្នុងទីក្រុង Mexico City ដោយក្រុមអ្នកជំនាញបានរកឃើញពីសញ្ញារញ្ជួយតូចមួយដែលអាចត្រូវបានបង្កើតឡើងដោយ «ការលោតអបអរយ៉ាងខ្លាំងក្លា ក្នុងពេលគ្រាប់បាល់ចូលទី»៕ IS