ក្រុងហ្សាការតា​: ជា​តួ​អង្គ​គំនូរ​ជីវចល និង​គំនូរ​សៀវភៅ​រឿង​ដ៏​ល្បី​ល្បាញ​មួយ ដូរ៉េម៉ុន​ (Doraemon) ជា​ឆ្មា​យន្ដ​ពណ៌​ខៀវ​ដ៏​គួរ​ឲ្យ​ស្រឡាញ់ មាន​អ្នក​គាំទ្រ​រាប់​លាន​នាក់​ជុំវិញ​ពិភព​លោក​ តែ​ក្រុម​គ្រួសារ​នៅ​ឥណ្ឌូនេស៊ី​នេះ ទំនង​ជា​គាំទ្រ​ពេញ​ទំហឹង​តែ​ម្ដង​។

ដូរ៉េម៉ុន​ ត្រូវ​បាន​ចាត់​ទុក​ជា​តួអង្គ​តុក្កតា​ពេញ​និយម​សម្រាប់​កុមារ ខណៈ​អ្នកស្រី រ៉េហ្គីណា កាវូ និង​ស្វាមី​ហាក់​នៅ​មិនអស់​​ធំ ​​ចំពោះ​ចំណង់​ស្រឡាញ់​ឆ្មា​យន្ដ​នេះ​ឡើយ​។

ថ្វីដ្បិតតែ​ពួកគេ​ពេល​នេះ មាន​កូន​ស្រី​ពីរ​នាក់​ អ្នក​ទាំងពីរ​នៅតែ​​ចូលចិត្ដ​តុក្កតា ដូរ៉េម៉ុន​ ហើយ​ផ្ទះ​របស់​ពួកគេ​គឺជា​លទ្ធផល​ស​បញ្ជាក់​ច្បាស់​។ វា​រំលេច​ទៅ​ដោយ​និម្មិត​រូប​វប្បធម៌​​ជប៉ុន ទាំង​ក្នុង និង​ក្រៅ​ផ្ទះ​។

ដូច​ដែល​បាន​ឃើញ ទំព័រ​អ៊ីនស្ដាក្រាម​របស់​អ្នកស្រី ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ​ដូរ៉េម៉ុន ដោយ​មាន​ចំនួន​ជាង ៤ ម៉ឺន​នាក់​ ដែល​រមែង​ចង់​ឃើញ​នូវ​ភាព​ទាក់​ទាញ​នៃការ​តុបតែង​​ផ្ទះ​សម្បែង​រចនា​ប័ទ្ម​ដូរ៉េម៉ុន​។

នៅ​ផ្នែក​ខាង​ក្រៅ​ផ្ទះ ជញ្ជាំង​ពណ៌​ខៀវ​ និង​ស​ បន្ថែម​ទៅដោយ​រូប​ភាព​តុក្កតា​ដូរ៉េម៉ុន​ធំ​ៗ​ក្បែរ​មាត់​ទ្វារ ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​ទាំងពីរ​ជា​អ្នក​គាំទ្រ​ដូរ៉េម៉ុន​ផ្កាប់​មុខ​តែម្ដង​។ ប៉ុន្ដែ​ពេល​ឈាន​ជើង​ចូល​ក្នុង​ផ្ទះ​ លោក​អ្នក​នឹង​បាន​ដឹង​កាន់តែ​ច្បាស់​។

បន្ទប់​គេង​របស់​កូន​ៗ ក៏​រំលេច​នូវ​រចនា​ប័ទ្ម​ដូរ៉េម៉ុន គ្រប់​ចំអាម​នៃ​ជ្រុង​ផ្ទះ​ ដូចជា តុក្កតា​ដូរ៉េម៉ុន ជញ្ជាំង​រូប​ដូរ៉េម៉ុន និង​ស្ទីកឃ័រ​ផ្សេង​ៗ​ទៀត​។ លោក​អ្នក​នឹង​បាន​ឃើញ​យ៉ាង​ហោច​ណាស់​ វត្ថុ​និម្មិតរូប​ដូរ៉េម៉ុនមួយ​គ្រប់​ចំអាម​ទាំង​អស់​។

ចំណូលចិត្ដ​ស្រឡាញ់​ដូរ៉េម៉ុន​របស់​ពួកគេ​មាន​វិសាល​ភាព​លើស​ពី​ការ​តុប​តែង​ផ្ទះ​។ ខណៈ​ឡាន​ក៏​​​ដូរ៉េម៉ុន បរិវេណ​ផ្ទៃ​ក្នុង​កាន់តែ​សម្បូរ​ដូរ៉េម៉ុន ចាប់​ពី​ដៃ​ចង្កូត​ កម្រាល​ ស្ទីក​ឃ័រ និង​ឡប់​ឡែរ​ដូរ៉េម៉ុន​ថែម​ទៀត​៕ HR

ប្រភព odditycentral.com