ក្រុងប៉ារីស៖ បាឡែន ដូហ្វីន និងឋនិកសត្វម្យ៉ាងទៀត ស្រដៀងដូហ្វីន (porpoises) មានគុណសម្បត្ដិវិសេសចំនួន ២ យ៉ាងពីកំណើតរបស់ពួកវា ដែលមានអាយុវែង និងអាចប្រឆាំងជំងឺមហារីក។
ការសិក្សាថ្មីមួយបានបង្ហាញថា មូលហេតុចម្បងគឺហ្សែន។
ជាទូទៅ ពេលសត្វមានកោសិការច្រើនក្នុងរាងកាយ ពួកវាទំនងជាងាយរងគ្រោះដោយសារបម្រែបម្រួលហ្សែន ដែលអាចអភិវឌ្ឍទៅជាមហារីក។
ដានីញ៉ែឡា តេចាដា-ម៉ាទីណេស ជាអ្នកដឹកនាំការសិក្សានៅសាកលវិទ្យាល័យ Austral University of Chile បាននិយាយថា៖ «យើងធ្លាប់គិតថា អម្បូរសត្វអាយុវែង និងធំៗ ដូចជា បាឡែន មានអត្រាងាយកើតមហារីកជាងពពួកសត្វតូចៗ»។
ដូច្នេះ ចុះតើមូលហេតុអ្វីបានបាឡែនបូវហ៊េដ (bowhead whale) មានអាយុវែង និងអាចមានប្រវែង ១៨ ម៉ែត្រ និងទម្ងន់ជិត ១០០ តោន ព្រមទាំងរស់នៅរហូតដល់ជាង ២០០ ឆ្នាំ?
តេចាដា-ម៉ាទីណេស បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា៖ «វិធីសាស្ដ្រ ដែលអម្បូរឋនិកសត្វខុសគ្នាមានលទ្ធភាពជម្នះនឹងជំងឺមហារីកតាំងពីបុរាណកាលមកនៅតែជាអាថ៌កំបាំង»។
ការសិក្សា ដែលចុះផ្សាយក្នុងព្រឹត្ដិបត្រ Proceedings of the Royal Society B បានរកឃើញថា ហ្សែនវិជ្ជមានមួយចំនួនជាគន្លឺះក្នុងការគ្រប់គ្រងលទ្ធភាពនៃបំផ្លាញឌីអិនអេ និងប្រព័ន្ធស៊ាំងជំងឺ។
អត្រាឆាប់ជាសះស្បើយសម្រាប់ពពួកហ្សែនបង្ក្រាបមហារីក មានជិត ២,៤ ដង លើពពួកឋនិកសត្វទឹកជាងឋនិកសត្វគោក។
ក្រុមអ្នកស្រាវជ្រាវក៏បានសម្គាល់ហ្សែនប្រហាក់ប្រហែលគ្នាចំនួន ១១ ដែលមានអាយុវែងផងដែរ។
ប៉ុន្ដែ គំរូហ្សែនបដិវត្ដន៍នេះមានលក្ខណៈខុសប្លែកគ្នាទៅតាមអម្បូរសត្វ។
តេចាដា-ម៉ាទីណេស បានអះអាងថា៖ «ជាក់ស្ដែង បាឡែនបាលីន (Baleen whale) មានវ៉ារីយ៉ង់ម៉ូលីគុលក្នុងហ្សែនបង្ក្រាបដុំសាច់មហារីក និងអត្រាជាសះស្បើយឆាប់ ដែលទំនងជាមូលហេតុធ្វើឱ្យសត្វមានអាយុវែង និងធំៗ»។
យ៉ាងណាមិញ ដូហ្វូងច្រមុះដប មានបរិមាណហ្សែនទាបបំផុត ផ្ទុយស្រឡះពីពពួកឋនិកសត្វទឹកដទៃទៀត៕ AFP/HR