
ទេសភាពដ៏ស្រស់ត្រកាលនៃភូមិផ្កាត្រកួនស្ថិតនៅស្រុកស្អាង។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
កណ្តាលៈ អ្នកចង់ស្វែងរកកន្លែងសម្រាកលម្ហែអារម្មណ៍ ដោយមិនចាំបាច់ជិះរាប់ម៉ោងទៅកាន់ទីកន្លែងឆ្ងាយៗអាចមកកម្សាន្តទទួលនូវបទពិសោធថ្មីពីរមណីយដ្ឋានទើបបង្កើតថ្មីថ្មោងឈ្មោះថា ភូមិផ្កាត្រកួន។
រមណីយដ្ឋានបែបធម្មជាតិដ៏ស្រស់ស្រាយត្រជាក់កាយ និងស្អាតប្លែកភ្នែកមួយនេះមានទីតាំងស្ថិតនៅក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
លោក ឌិន សុមេធារិទ្ធ អគ្គនាយកភូមិផ្កាត្រកួនបានឲ្យដឹងថា៖ «ទីតាំងនេះកាលពីមុនជាដីចម្ការស្វាយ ចម្ការចេក អត់មានផ្លូវទេ ហើយពិបាកណាស់ តែយើងបង្កើតវាទៅជារមណីយដ្ឋាន។ យើងធ្វើថ្មីទាំងអស់ ទាំងផ្លូវ និងឈូសឆាយអីផ្សេងៗ ហើយធ្វើប្រព័ន្ធទឹកប្រព័ន្ធលូគឺយើងធ្វើឲ្យល្អឲ្យស្រួលសម្រាប់ភ្ញៀវដែលមកកម្សាន្ត។ ឥឡូវយើងមានផ្ទៃដីប្រហែល ១០០ ហិកតាអ៊ីចឹងយើងនឹងកសាងបន្ថែមទៀត»។

ដំណាំធម្មជាតិបង្កើតបានជាទិដ្ឋភាពស្រុកស្រែចម្ការដ៏ស្រស់ស្រាយ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
រមណីយដ្ឋាន ភូមិផ្កាត្រកួន ទើបនឹងអភិវឌ្ឍទៅជាកន្លែងសម្រាកលម្ហែកាយបែបធម្មជាតិបានប្រមាណជិត ១ ឆ្នាំ និងមិនទាន់សាងសង់រួចរាល់នៅឡើយ ប៉ុន្តែទីនេះបានចាប់បើកឲ្យភ្ញៀវទេសចរចូលមកកម្សាន្តបណ្តើរៗដោយ ១ ថ្ងៃមានភ្ញៀវប្រមាណ ១០០ នាក់មកទទួលបទពិសោធពីតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និង សាសនាមួយនេះ។
ភូមិផ្កាត្រកួនមានកន្លែងកម្សាន្តជាច្រើនដូចជា បឹងនិស្ស័យមានទំហំជាង ២ ហិកតាស្ថិតចំកណ្តាលដែលសម្បូរទៅដោយត្រីធម្មជាតិ ព្រោះបឹងធម្មជាតិនេះមានតាំងពីមុនមកម្ល៉េះ។
ភ្ញៀវដែលមកកម្សាន្តនៅរមណីដ្ឋាននេះ ក៏អាចជិះទូកកម្សាន្តគយគន់ទេសភាពផ្ទៃបឹងដោយទុកឲ្យខ្យល់ជំនោរបរិសុទ្ធផាត់យកទុក្ខកង្វល់ភ្ញៀវមកកម្សាន្តឲ្យធូរស្បើយសប្បាយកាយា។
នៅជុំវិញមាត់បឹងមានត្រកួនដុះព្រោងព្រាតស្រស់បៃតងខ្ចីដែលស័ក្ដិសមទៅនឹងឈ្មោះថា «ភូមិផ្កាត្រកួន»។ នៅមានសួនបន្លែសិរីរាង្គគ្មានជាតិគីមីពណ៌បៃតងស្រស់ដូចជា សណ្តែកកួរ ស្ពៃក្តោប សាឡាដ ស្លឹកបាស និងននោងជាដើម។

ភ្ញៀវក៏អាចជិះទូកលេងកម្សាន្ត ស្រូបយកខ្យល់អាកាសត្រជាក់កាយ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
នៅប្របមាត់បឹងមានក្យូសឈើប្រក់ដំបូលស្បូវចំនួន ៥ ក្យូស សម្រាប់អង្គុយលម្ហែអារម្មណ៍ និង ញុំាអាហារចំនួន ៥ ក្បូស ។ ក្យូសនីមួយៗអាចទទួលភ្ញៀវបានចំនួន ១០ នាក់។
រមណីយដ្ឋាននេះក៏មានបម្រើអាហារសុទ្ធសឹងជាម្ហូបខ្មែរបែបស្រុកស្រែចម្ការដូចជា ម្ជូរកូនត្រីតម្លៃ ១២០០០ រៀល កកូរត្រីអណ្តែង ឬត្រីឆ្លាំងតម្លៃ ១២០០០ រៀល ស្ងោរជ្រក់ (សាច់មាន់ សាច់គោ សាច់ត្រី) តម្លៃ ១៦០០០ រៀល ម្ជូរគ្រឿង (សាច់ទា សាច់គោ ពោះគោ) តម្លៃ ២០០០០ រៀល ត្រីបំពងស្វាយខ្ចី (ត្រីរ៉ស់ ត្រីឌៀប) ៣០០០០ រៀលមាន់ស្រែដុតតម្លៃ ៦០០០០ រៀល។
ទន្ទឹមនឹងនោះភ្ញៀវទេសចរក៏អាចមកសម្រាកនៅផ្ទះលម្ហែបុរាណសម័យឧដុង្គបានផងដែរ។ ផ្ទះបុរាណមានប្រមាណជាង ១០ ខ្នងដោយផ្ទះធំតម្លៃ ១៥០ ដុល្លារ ផ្ទះកណ្តាលតម្លៃ ១០០ ដុល្លារ និងផ្ទះតូចតម្លៃ ៧០ ដុល្លារ។
លោក ឌិន សុមេធារិទ្ធ បញ្ជាក់ថា៖ «គោលការណ៍យើងមានពីរធំៗគឺដំណើរកម្សាន្តលម្ហែកាយប្រចាំឆ្នាំរបស់ក្រុមហ៊ុន និងសិស្សនិស្សិត។ ទី ២ សម្រាប់លក្ខណៈគ្រួសារមកលេងពេលចុងសប្តាហ៍។ យើងធ្វើសម្រាប់មនុស្សគ្រប់វ័យ ដោយពួកគាត់មិនចាំបាច់ទៅណាឆ្ងាយមកជិតៗភ្នំពេញសប្បាយជុំគ្នាត្រឹមរយៈពេល ១ ថ្ងៃ ២ ថ្ងៃហើយត្រឡប់ទៅផ្ទះវិញក៏បានដូចថ្ងៃសៅរ៍-អាទិត្យ អ៊ីចឹងពួកគាត់មកពិកនិកជុំគ្នាអាចបោះតង់ ឬជួលផ្ទះក៏បានហើយអត់មានដីណាធំអ៊ីចឹងទេនៅតំបន់នេះកន្លែងនេះជាឋានសួគ៌សម្រាប់អ្នកទីក្រុង»។

ក្យូសលម្ហែកាយ និងការទទួលទានអាហារបែបស្រុកស្រែនៅភូមិផ្កាត្រកួន។ រូប យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
លោកបានឲ្យដឹងថានៅពេលខាងមុខនេះភូមិផ្កាត្រកួននឹងរៀបចំស្ថាបនាកន្លែងកម្សាន្តជាច្រើនទៀតដូចជា កន្លែងលេងហាត់កីឡា សួនសត្វ សួនកម្សាន្ត កន្លែងសម្តែងសិល្បៈ ផ្សារខ្មែរបន្លែធម្មជាតិ ផ្សារទំនើប សាលប្រជុំ និងមានកន្លែងធ្វើសមាធិអប់រំចិត្តតាមបែបសាសនាផងដែរ។
ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ២១A ពីទួលក្រសាំងមករមណីយដ្ឋាននេះមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ឬក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ ២១ ក្នុងចម្ងាយ ២៧ គីឡូម៉ែត្រដោយត្រូវវាងកោះអន្លង់ចិន និងជិះកាត់តាមកោះក្របី។
ភូមិផ្កាត្រកួនបើកពីម៉ោង ៨ ព្រឹករហូតដល់ ៥ ល្ងាច ទទួលបានភ្ញៀវមកកម្សាន្តប្រមាណជិត ១០០ នាក់ក្នុង ១ ថ្ងៃ។
ទំនាក់ទំនងទូរស័ព្ទ ០១២ ៣៨១ ១៩៩ ឬ ហ្វេសប៊ុក «ភូមិផ្កាត្រកួន»៕
វីដេអូ៖