ផ្នែកមួយនៃចក្ខុវិស័យរបស់រមណីយដ្ឋានថ្ងៃបាំងឆត្រគឺការបន្តពង្រីកការផ្តល់ជូនភ្ញៀវរបស់ខ្លួននូវបទពិសោធ «ដោយគ្មានបារម្ភអំពីផលប៉ះពាល់» ដល់បរិស្ថាន ដើម្បីទទួលបានភាពរីករាយដ៏ស្រស់ស្រាយបំផុតនៅក្នុងជីវិត។
ដោយទទួលបានការទទួលស្គាល់កម្រិតអន្តរជាតិអំពីនិរន្តរភាពនៅក្នុងកម្រិតខ្ពស់បំផុតពីអង្គការទេសចរណ៍ប្រកបដោយនិរន្តរភាពជាសកល និងជាស្ថាប័នទទួលខុសត្រូវសង្គមឈានមុខគេ រមណីយដ្ឋានដ៏ប្រណីតនៅក្នុងខេត្តកែបមួយនេះកំពុងរៀបចំសៀវភៅណែនាំមួយជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។
ជាសណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារតិចតួចបំផុតនៅលើពិភពលោក ដែលទទួលបានស្តង់ដា platinum ខ្ពស់បំផុតពី GreenGrowth 2050, បច្ចុប្បន្នរមណីយដ្ឋានថ្ងៃបាំងឆត្រកំពុងនាំមុខគេក្នុងការធ្វើប្រតិបត្តិការដែលមិនប៉ះពាល់ដល់បរិស្ថានដោយឆ្លងកាត់គំរូប្រកបដោយនិរន្តរភាពរបស់ខ្លួនសម្រាប់អ្នកផ្សេងទៀតនៅគ្រប់វិស័យ ដើម្បីអាចអនុវត្តតាម។ GreenGrowth 2050 គឺក្រុមប្រឹក្សាទេសចរណ៍ប្រកបដោយនិរន្តរភាពជាសកលដែលទទួលស្គាល់កម្រិតស្តង់ដា។
ប្រធានគ្រប់គ្រងទូទៅនៃរមណីយដ្ឋានថ្ងៃបាំងឆត្រលោកស្រី Estelle Bergandi បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «រមណីយដ្ឋានថ្ងៃបាំងឆត្រផ្តោតសំខាន់លើការបង្កើតជាសហគមន៍ធ្វើឱ្យមានផលប៉ះពាល់ជាវិជ្ជមាន។ បច្ចុប្បន្នយើងកំពុងសហការជាមួយ UNDP និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតសៀវភៅណែនាំមួយ ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចឱ្យមាននិរន្តរភាពដើម្បីសម្រាប់ទាំងវិស័យសាធារណៈ និងវិស័យឯកជន»។
សៀវភៅណែនាំនេះបើតាមគម្រោងនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះដែលនឹងបង្ហាញអំពីរបៀបប្រើប្រាស់យុទ្ធសាស្ត្របៃតងឱ្យបានត្រឹមត្រូវ ដើម្បីឱ្យការប្រតិបត្តិអាជីវកម្មកាន់តែមានប្រសិទ្ធភាពជួយកាត់បន្ថយកាកសំណល់ ធ្វើជាគំរូសម្រាប់សាធារណជន និងជួយសន្សំថវិកាជាដើម។
លោកស្រី Bergandi បន្ថែមថាជាមួយនឹងអ្នកដំណើរជំនាន់ថ្មីដែលមិនកក់សណ្ឋាគារណាដែលមិនជួយការពារដល់បរិស្ថាន គឺវាចាំបាច់ណាស់សម្រាប់អ្នកនៅក្នុងឧស្សាហកម្មនេះគួរយកគំរូនៃការអនុវត្តប្រកបដោយនិរន្តរភាពនេះ។
«គោលដៅចុងក្រោយនៃគំនិតផ្តួចផ្តើមអាជីវកម្មបៃតង គឺបង្កើតបរិយាកាសប្រកបដោយនិរន្តរភាពដែលអំណោយផលដល់ការរីកចម្រើន ខណៈការប្រែប្រួលអាកាសធាតុបានប៉ះពាល់ដល់យើងទាំងអស់គ្នារួចហើយ ដូច្នេះការរួមបញ្ចូលគំរូសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពគឺជារឿងដែលត្រូវធ្វើ»។
«សម្រាប់ខ្ញុំវាចាប់ផ្តើមពីឥទ្ធិពល។ វាគឺជាមោទនភាពមួយដែលខ្ញុំគឺជាផ្នែកមួយនៃរមណីយដ្ឋាននេះដែលអាចបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ដល់ភ្ញៀវទេសចរ និងបរិស្ថាននៅជុំវិញខ្លួន ហើយអាចផ្តល់ការអប់រំក៏ដូចជាបង្ហាញអំពីសក្តានុពលនៃការរីកចម្រើននេះ»។
លោកស្រីបានបន្ថែមថា៖ «វាពិតជាអស្ទារ្យណាស់ដែលអាចបង្ហាញដល់ប្រជាជនឱ្យចេះផលិតកសិផលចេញពីសួនដំណាំរបស់យើង និងបង្ហាញពីដំណើរការនៃរមណីយដ្ឋានទាំងមូលដែលអាចនិយាយបានថា សាលាដដែលពួកគេបរិភោគបានមកពីសួនដំណាំ ដែលជីវជាតិគឺកើតចេញពីកាកសំណល់ផ្សេងៗដូចជាផ្កាខាត់ណាជាដើម ដោយគ្រាន់តែរឿងតូចតាចទាំងនេះធ្វើឱ្យមានភាពល្អប្រសើរខ្លាំង។ រមណីយដ្ឋានថ្ងៃបាំងឆត្រកំពុងបន្តផ្តល់ការអប់រំដោយបើកសិក្ខាសាលាដើម្បីបង្ហាញអំពីអត្ថប្រយោជន៍នៃគំរូអាជីវកម្មប្រកបដោយនិរន្តរភាព។
«អ្វីដែលយើងធ្វើនៅទីនេះគឺកំពុងរីកសាយ ហើយយើងបានទទួលសំណើពីសណ្ឋាគារលំដាប់កំពូលមួយចំនួននៅទីក្រុងភ្នំពេញ ដើម្បីឱ្យធ្វើបទបង្ហាញដល់ពួកគេឱ្យទទួលបានជោគជ័យ។ វាជាជោគជ័យមួយដែលយើងដឹងថា យើងបានបើកសិក្ខាសាលាដើម្បីអាចចែករំលែកពីរបៀបដែលយើងធ្វើឱ្យមានភាពខុសប្លែក និងពីរបៀបដែលអ្នកផ្សេងទៀតអាចធ្វើបានដែរ»។
«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ខណៈការដឹងឭអំពីយើងកំពុងរីកសាយតាមរយៈការអប់រំអំពីរបៀបដែលប្រជាជនអាចថែរក្សាបរិស្ថានជុំវិញ សម្រាប់ទឹកដីរបស់ពួកគេ នោះហើយគឺជាការផ្លាស់ប្តូរពិតប្រាកដ»។
លោកស្រី Bergandi បន្តថា៖ «កិច្ចសហការជាមួយ UNDP ការបើកសិក្ខាសាលាជាមួយពួកគេ និងការទទួលបានការគាំទ្រពីពួកគេគឺយើងអាចផ្តល់ការអប់រំបានច្រើនតាមដែលអាចធ្វើទៅបាន គឺជាអ្វីដែលខ្ញុំគិតថាយើងមានមោទនភាព។ ដោយប្រើប្រាស់បច្ចេកទេសងាយៗដូចជាការកែច្នៃឡើងវិញក្នុងនោះដូចជាជីកំប៉ុសិ៍្ត ដើម្បីធានាថា កាកសំណល់ប្រមាណ ៧០ ភាគរយនឹងមិនត្រូវបានបោះចោលនោះឡើយ»។
ជីកំប៉ុស្តិ៍របស់រមណីយដ្ឋានថ្ងៃបាំងឆត្រត្រូវបានប្រើប្រាស់នៅលើសួនបន្លែសរីរាង្គ និងជីវចម្រុះរបស់ខ្លួនដែលបច្ចុប្បន្នធ្វើឱ្យរមណីយដ្ឋានមានបន្លែ ផ្លែឈើស្រស់គ្រប់គ្រាន់សម្រាប់ប្រើប្រាស់។ រមណីយដ្ឋានថ្ងៃបាំងឆត្រ ១០០ ភាគរយគឺមិនប្រើប្រាស់ប្លាស្ទិកដែលក្លាយជាគំរូមួយប្រកបដោយនិរន្តរភាព ជាហេតុធ្វើឱ្យរមណីយដ្ឋានមួយនេះកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញជារមណីយដ្ឋានប្រណីត។
ពេលលោកអ្នកឈានជើងចូលទៅដល់នោះនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបុគ្គលិកប្រកបដោយវិជ្ជាជីវៈអមដោយការរចនា តុបតែងដ៏ស្រស់ស្អាតដែលធ្វើឱ្យរមណីយដ្ឋានថ្ងៃបាំងឆត្រក្លាយជាទិសដៅសម្រាកលម្អែដ៏ប្រណីត និងមានលក្ខណពិសេស។ ក្នុងនោះភ្ញៀវអាចទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ក្នុងភោជនីយដ្ឋានដ៏ប្រណីត ពួកគេរីករាយជាមួយការជិះទូកក្តោងរួមជាមួយនឹងសកម្មភាពកម្សាន្តជាច្រើនទៀតរួមនឹងការទស្សនាទេសភាពផ្ទៃសមុទ្រដ៏ស្រស់ត្រកាល។
មេចុងភៅលោក Jay Scaife បានឱ្យដឹងថា៖ «អាហារគឺជាផ្នែកមួយនៃការចងចាំនៅរមណីយដ្ឋានថ្ងៃបាំងឆត្រ។ ខ្ញុំបានរៀបចំបញ្ជីមុខម្ហូបដោយផ្អែកទៅលើគោលការណ៍ ៣ គឺរសជាតិ សោភណភាព និងអារម្មណ៍។ ម្ហូបអាហារនីមួយៗគឺសុទ្ធតែភ្ជាប់មកជាមួយនូវប្រវត្តិរបស់វា រាប់ចាប់ពីហេមប៊ើហ្គឺ រហូតដល់ក្តាមក្នុងស្រុក»។
លោកស្រី Parisian បន្តថា៖ «យើងតែងតែឆ្លៀតពេលដើម្បីឆ្លុះបញ្ចាំងនូវអ្វីដែលសំខាន់ចំពោះយើង និងគុណតម្លៃសម្រាប់អ្វីដែលយើងធ្វើនៅទីនេះ ហើយសម្រាប់អ្វីដែលយើងធ្វើនៅទីនេះ គឺក្រុមការងាររបស់យើងដែលភ្ញៀវចងចាំបំផុត។ វាគឺជាភាពសប្បាយរីករាយរបស់ពួកគេក្នុងនោះមានក្តីស្រឡាញ់ ភាពសប្បាយរីករាយ ការពេញចិត្ត គឺពួកគេទទួលបានជារៀងរាល់ថ្ងៃ។ នេះហើយជាមូលហេតុដែលពួកគេត្រឡប់មកវិញ»៕