មណ្ឌលគិរីៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសបង្កើតអនុគណៈកម្មាធិការខេត្តមណ្ឌលគិរីដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ ជាអ្វីដែលមន្ត្រីបានបញ្ជាក់ថា យន្តការនេះជាផ្នែកមួយដើម្បីកុំឱ្យមន្ត្រីរុញការងារដាក់គ្នាទៀតជុំវិញការចុះទប់ស្កាត់សកម្មភាពខុសច្បាប់ទាំងនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មកាលពីថ្ងៃទី ៩ វិច្ឆិកា បានបញ្ជាក់ថា អនុគណៈកម្មាធិការនេះ គឺមានសមាសភាពដូចជា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីធ្វើជាប្រធាន និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តធ្វើជាលេខាប្រតិបត្តិ ខណៈសមាជិកជាច្រើនទៀតមានដូចជា មន្ត្រីតុលាការខេត្ត ប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន ស្នងការខេត្ត កងរាជអាវុធហត្ថខេត្ត ទាហាន និងអភិបាលស្រុក និងក្រុងចំនួន ៥ ផ្សេងទៀត ។
តាមសេចក្ដីប្រកាសបានបញ្ជាក់ថា ក្រុមការងារទាំងនេះនឹងអនុវត្តនូវតួនាទីសំខាន់ៗមួយចំនួនដូចជា ការស្រាវជ្រាវរកមេខ្លោង និងមេខ្យល់ដែលរៀបចំឱ្យមានចលនានៃការកាប់រានដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃខុសច្បាប់ រួមទាំងការបន្តចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃគ្រប់ប្រភេទដែលត្រូវបានរំលោភបំពានខុសច្បាប់មកទុកជាសម្បត្តិរដ្ឋវិញ។
សេចក្ដីប្រកាសសរសេរថា «សមាជិកអនុគណៈកម្មាធិការខេត្តនេះត្រូវចូលរួមទទួលខុសត្រូវក្នុងក្របខ័ណ្ឌសមត្ថកិច្ច ភារកិច្ចរបស់ខ្លួន និងត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។ អនុគណៈកម្មាធិការខេត្តនេះមានលេខាធិកាដ្ឋានប្រតិបត្តិជាជំនួយការនៅមន្ទីរកសិកម្ម និងមានសិទ្ធិប្រើប្រាស់ត្រារបស់រដ្ឋបាលខេត្តដើម្បីអនុវត្តភារកិច្ច និងសម្រួលការងាររបស់ខ្លួន»។
លោក សុក សេរ៉ា មន្ត្រីនាំពាក្យខេត្តមណ្ឌលគិរីបានបញ្ជាក់បន្ថែមប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា ការបង្កើតអនុគណៈកម្មាធិការនេះគឺដើម្បីកុំឱ្យមានការរុញការងារដាក់គ្នា និងដើម្បីបង្កើតជាកម្លាំងរួមគ្នាដើម្បីទប់ស្កាត់ការហ៊ុមព័ទ្ធយកដីព្រៃខុសច្បាប់។
លោកថា ក្រុមការងារនៃអនុគណៈកម្មាធិការនេះនឹងចុះទៅទប់ស្កាត់ភ្លាមៗនៅពេលមានការកាប់រានយកដីព្រៃហើយក្នុងនោះក៏មានការពិនិត្យឡើងវិញ ចំពោះការកាប់ទន្ទ្រានយកដីធ្វើជាដីកម្មសិទ្ធិនាពេលកន្លងមកដើម្បីដកហូតដីនោះទុកជាសម្បត្តិរដ្ឋវិញ។
លោកថា៖ «យើងនឹងពិនិត្យជាក់ស្ដែងអំពីប្រវត្តិដីហ្នឹង ភាពសមស្របរបស់គាត់ ហើយប្រសិនបើមានភាពមិនប្រក្រតី អាហ្នឹងយើងដកហូតជាសម្បត្តិរដ្ឋវិញ»។
កាលពីអំឡុងខែកក្កដាឆ្នាំនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានចេញលិខិតដកហូតបានដីចំនួន ១ ៧៥៤ ហិកតា ទុកជាសម្បត្តិរដ្ឋវិញពីលោក សេង សុវណ្ណារ៉ា ដែលកាលនោះលោកធ្វើជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ខណៈពលរដ្ឋចោទគាត់ថាបានធ្វើលិខិតកាន់កាប់លើដីសហគមន៍ និងដីដែនជម្រកសត្វព្រៃក្នុងស្រុកកោះញែក និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ប៉ុន្តែកាលនោះអាជ្ញាធរខេត្តមណ្ឌលគិរីមិនបានចាត់វិធានការផ្លូវច្បាប់ចំពោះលោក សេងសុវណ្ណារ៉ា ឡើយ ដោយអះអាងថា ដីដែលធ្វើលិខិតកាន់កាប់នោះគឺមិនទាន់បានឈូសឆាយនៅឡើយ។
នៅពេលទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញការបង្កើតអនុគណៈកម្មាធិការនេះពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីកាលពីថ្ងៃអាទិត្យ លោកមិនបានឆ្លើយតបទេ។
បើតាមលោក សុក សេរ៉ា អនុគណៈកម្មាធិការខេត្តមណ្ឌលគិរីនេះគឺបង្កើតឡើង បន្ទាប់ពីក្រសួងកសិកម្មបានបង្កើតគណៈកម្មាធិការជាតិកាលពីខែមិថុនាឆ្នាំ ២០១៩ ដើម្បីទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានយកដីព្រៃ។
លោកបន្តថា គ្រប់ខេត្តទាំងអស់នឹងត្រូវបង្កើតឱ្យមានអនុគណៈកម្មាធិការនេះ ដូចនៅខេត្តមណ្ឌលគិរីផងដែរ៕