មណ្ឌលគិរីៈ ក្រុមជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ១ ២៥៥ នាក់ បានទាមទារឲ្យអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីដកហូតត្រឡប់មកវិញនូវដីទីតាំងមន្ទីរចំនួន ៣ និងវិស័យឯកជនមួយចំនួនដោយថាជាទីតាំងដីមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ។ នេះបើតាមញត្តិ ១ ច្បាប់ដាក់ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃសុក្រ។
នៅក្នុងញត្តិនោះបានរៀបរាប់ថាកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០០៤ ទីតាំងដីទំហំជាង ១០២ ហិកតាក្នុងតំបន់ភ្នំដោះក្រមុំក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានរាជរដ្ឋាភិបាលសម្រេចទុកធ្វើជាកន្លែងបូជា និងមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច។ ប៉ុន្តែក្រោយមកមានជនចំណាកស្រុកមកទន្ទ្រានយកដីតំបន់នេះ និងបង្កទំនាស់ឥតឈប់ឈរ។
ក្នុងញត្តិដែលថានៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសហការជាមួយអាជ្ញាធរខេត្ត និងតំណាងសហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់នោះបានកាត់ដីមួយផ្នែកឲ្យអ្នកចំណាកស្រុកទាំងនោះធ្វើឲ្យផ្ទៃដីមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចនេះនៅសល់ត្រឹមតែ ៨៧,៨១ ហិកតា។
ញត្តិនេះបន្តថាទោះយ៉ាងណាការរំលោភយកដីធ្លីតំបន់នេះនៅតែកើតទៀត ហើយអាជ្ញាធរខេត្តចេះតែបន្តធ្វើប្រទានកម្មឲ្យទៅគេជាបន្តបន្ទាប់ដោយរំលោភលើសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងក្រសួងជំនាញដែលការពារ និងអភិរក្សទីតាំងដីនេះក្នុងនោះក៏បានសម្រេចកាត់ដីឲ្យខាងមន្ទីរមុខងារសាធារណៈ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម,មន្ទីររ៉ែ និងថាមពលក្នុងទំហំក្បាលដី ២៥ ម៉ែត្រ x៥០ ម៉ែត្រក្នុងមន្ទីរនីមួយៗ និងកាត់ដី ២,០៨ ហិកតាឲ្យក្រុមហ៊ុនទឹកស្អាត។
អ្នកស្រី ផ្លឹក ភីរុំ តំណាងជនជាតិភាគតិចទាំង ១ ២៥៥ នាក់ដែលបានផ្ដិតមេដៃក្នុងញត្តិនោះបានថ្លែងពីម្សិលមិញថា ពួកគាត់មិនឯកភាពចំពោះការកាត់ដីក្នុងតំបន់នោះឲ្យអង្គភាពទាំងនោះទេ។
អ្នកស្រីថា៖ «ថ្វីបើមន្ទីរទាំង ៣ នោះជារបស់រដ្ឋ ហើយក្រុមហ៊ុនទឹកស្អាតនោះទទួលបានសិទ្ធិវិនិយោគពីរដ្ឋក្ដី ប៉ុន្តែអាជ្ញាធរខេត្តពុំគួរកាត់ដីរបស់មជ្ឈមណ្ឌលវប្បធម៌នេះទៅឲ្យពួកគេទេ ព្រោះវារំលោភទៅលើសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ដូច្នេះទើបយើងខ្ញុំដាក់ញត្តិសុំឲ្យឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីឲ្យជួយសម្របសម្រួលដកហូតយកដីពីអង្គភាព និងស្ថាប័នទាំងនេះមកវិញ»។
បើតាមអ្នកស្រី ភីរុំ ពួកគាត់មិនទាមទារទំហំដីដើមជាង ១០២ ហិកតានោះទេ តែសុំឲ្យរក្សាទំហំដី ៨៧,៨១ ហិកតា និងសុំឲ្យបោះបង្គោលព្រំប្រទល់ដីឲ្យជាក់លាក់កុំឲ្យមានបំពានទៀត។
ជុំវិញករណីនេះលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបដិសេធអធិប្បាយដោយលោកថ្លែងថាកំពុង «ជាប់រវល់» កាលពីម្សិលមិញ។
ដោយឡែកលោក សី ទូច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរីថ្លែងថាការទាមទាររបស់បងប្អូនជនជាតិនេះមានចំណុចល្អជាច្រើនដែលជួយដល់កិច្ចការងារអភិរក្ស និងអភិវឌ្ឍវិស័យវប្បធម៌ជនជាតិដើមនៅកម្ពុជាដែលក្រសួង និងមន្ទីរវប្បធម៌កំពុងបន្តលើកស្ទួយវប្បធម៌ និងជីវភាពជនជាតិដើមភាគតិចនៅកម្ពុជា។
លោកថា៖ «ខ្ញុំយល់ថាសំណើរបស់ពួកគាត់គឺចង់ឲ្យមានការដោះស្រាយដោយមានការយល់ព្រមជាឯកច្ឆន្ទពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបញ្ចប់វិវាទដីធ្លីនៅក្នុងតំបន់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភ្នំដោះក្រមុំនេះ។ ខ្ញុំឯកភាពទាំងស្រុងលើចំណុចដែលពួកគាត់ទាមទារឲ្យមានការផ្ដើមបោះបង្គោលកំណត់ព្រំប្រទល់ដីមជ្ឈមណ្ឌលនេះ...»។
លោក សាន់ ដារិទ្ធិ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរីបានថ្លែងកាលពីម្សិលមិញដែរថា កន្លងមកមន្ទីររបស់លោកពិតជាបានស្នើសុំដីទំហំ ២៥ ម៉ែត្រ x៥០ ម៉ែត្រនៅទីតាំងជើងភ្នំដោះក្រមុំនោះមែន ដើម្បីសាងសង់ការិយាល័យ និងមន្ទីរពិសោធន៍ ប៉ុន្តែមិនទាន់ទទួលបានដីនោះទេ។
លោកថា៖ «បើរដ្ឋបាលសាលាខេត្ត [មណ្ឌលគិរី] ផ្ដល់ឲ្យមន្ទីរយើងនោះយើងទទួលយកដើម្បីអភិវឌ្ឍការិយាល័យ មន្ទីរពិសោធន៍ តែបើខេត្តមិនផ្ដល់ឲ្យទេ ខាងមន្ទីរយើងក៏មិនទាមទារថា ត្រូវតែបាននោះដែរ»។
បើតាមលោក ដារិទ្ធិ វិវាទដីធ្លីនោះកើតឡើងដោយសារជនជាតិដើមភាគតិចមួយចំនួនក្នុងតំបន់នោះបានចូលកាប់រានដីធ្វើចម្ការ ហើយលក់បន្តឲ្យជនចំណាកស្រុក។ បន្ទាប់ពីអាជ្ញាធរចាប់រឹតបន្តឹងមិនឲ្យកាប់រានយកទៅលក់ឲ្យក្រុមឈ្មួញ ពួកគេក៏តវ៉ាថា ដីក្នុងតំបន់នោះជាទីកន្លែងធ្វើសក្ការបូជា និងជាចម្ការវិលជុំរបស់ពួកគេ។
លោក ពៅ សុធារ៉ា ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីឆ្នាំ ២០១២ រដ្ឋបាលខេត្តមណ្ឌលគិរីបានផ្ដល់ដីទំហំ ២៥ ម៉ែត្រ x៥០ ម៉ែត្រដល់មន្ទីររបស់លោកដើម្បីសង់អគាររដ្ឋពីព្រោះពេលមន្ទីរនេះបំបែកចេញពីមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលនោះគឺមន្ត្រីពុំមានអគារធ្វើការ។
លោក សុធារ៉ា បញ្ជាក់ថា៖ «ដីតំបន់ភ្នំដោះក្រមុំជាដីរដ្ឋ ហើយខាងមន្ទីរយើងសុំដីនោះមកសង់អគាររដ្ឋបាលរបស់រដ្ឋគឺមន្ទីរឧស្សាហកម្ម និង សិប្បកម្ម ហើយយើងបានចុះវាចូលក្នុ្នងបញ្ជីសារពើភណ្ឌរបស់រដ្ឋថែមទៀត»។
យ៉ាងណាក្ដីលោកថា ប្រសិនបើអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីដកហូតទីតាំងដីនេះទៅវិញ ខាងមន្ទីររបស់លោកមិនជំទាស់ទេ ប៉ុន្តែសុំឲ្យរកទីតាំងថ្មី។ រីឯខាងក្រុមហ៊ុនទឹកស្អាតលោក សុធារ៉ា បានបញ្ជាក់ថាពួកគេឯកភាពឲ្យកាត់ផ្ទៃដីខ្លះ ប៉ុន្តែនឹងមិនព្រមទេបើដកហូតដីទាំងស្រុងនោះ។
កាលពីម្សិលមិញលោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារ សាធារណៈមិនបានអធិប្បាយឲ្យលម្អិតជុំវិញការទាមទារសុំឲ្យមានការដកហូតទីតាំងដីមន្ទីរមុខងារ សាធារណៈ ខេត្តមណ្ឌលគិរីនោះទេ ដោយសារសំណើនោះកំពុងស្ថិតក្រោមដែនយុត្តាធិការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីនៅឡើយ។
លោកថា៖ «ពេលនេះខ្ញុំមិនដឹងថាតើសំណើរបស់បងប្អូនប្រជាសហគមន៍ជនជាតិដើមភាគតិចទាំងនោះផ្អែកទៅលើមូលដ្ឋាន ឬយន្តការច្បាប់គតិយុត្តអ្វីខ្លះនោះទេ? ប៉ុន្តែការដកហូត ឬមួយយ៉ាងណានោះគឺអាស្រ័យលើដំណោះស្រាយរបស់អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីជាអ្នកសម្រេច ដូច្នេះខ្ញុំមិនមានការអធិប្បាយអ្វីឲ្យលើសពីនេះនោះទេ»៕