ខេត្ត​ព្រះ​សីហនុ: លោក​គ្រូអ្នក​គ្រូ​បង្រៀន​នៅ​អនុ​វិទ្យា​ល័យ​សម្តេច​ឪ​ប្រមា​ណ​ជាង ​៥០ នាក់ នៅ​ភូមិ ​២ ​សង្កាត់​លេខ​៣ ក្រុង/ខេ​ត្ត​ព្រះ​សីហនុ​ បាន​ប្តឹង​ជំទាស់​ទៅ​នឹង​ការ​សម្រេច​កាត់​ដី​ផ្នែក​ខាង​ក្រោយ​សា​​លារៀន ​មួយ​ចំនួន​ ជូន​ទៅ​ប្រជា​សហគមន៍​ដែល​មាន​លំនៅ​ឋាន​ខាង​ក្រោយ​សា​លា​រៀន​ដើម្បី​ពង្រីក​ផ្លូវលំ​ប៉ុន្ដែ​មន្ត្រី​អះ​អាង​ថាគម្រោង​នេះ​បាន​ផ្អាក​ហើយ​។

តាម​បណ្ដឹង​​របស់​លោក​គ្រូ​អ្នក​គ្រូ​នៅ​អនុ​វិទ្យា​ល័យ​សម្តេច​ឪ​ចំនួន​៥៣​នាក់​ចុះ​ថ្ងៃទី​៤​កញ្ញា​ថា ​ពួក​គាត់​មិន​យល់​ព្រម​ឱ្យ​ពង្រីក​ផ្លូវដោ​យ​​ធ្វើ​តែ​ភាគី​សា​លារៀន​ទេ​ដោយ​ហេតុ​ថា​សា​លា​បាន​សម្ប​ទាន​ដី​ឲ្យ​ធ្វើ​ផ្លូវ​ម្ដង​ហើយ។ម៉្យាង​វា​អាច​ប៉ះ​ពាល់​ដល់​អគារ​សិក្សា​និង​រំខាន​ដល់​ការ​សិក្សា​របស់​សិស្ស​តាម​រយៈ​សំឡេង​និង​បាត់​បង់​ទ្រព្យ​សម្បត្តិ​។

បណ្ដឹង​នោះ​រៀប​រាប់​ថា​«… ទំហំ​ផ្លូវ​បច្ចុ​ប្បន្ន​​សម​រម្យ​ដែល​មាន​ទទឹង​៦​ម៉ែត្រ​មិន​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​នៅ​ពេល​សិស្ស​ចូល​ឬ​ចេញ​ពី​សា​លា​រៀន​ទេ​…យើង​ខ្ញុំ​ជា​គ្រូ​បង្រៀន​ក្នុង​សា​លា​នេះ​មាន​បំណង​ថែរក្សា​ទ្រព្យ​សម្បត្តិ​សា​ធារ​ណៈ​ដែល​ជា​កន្លែង​សម្រាប់​ផ្ដល់​ចំណេះ​ដឹង​និង​ធន​ធាន​មនុស្ស​…»​។

លោក ​កែវ ​ឡាយ ​ប្រធាន​មន្ទី​រអប់រំ​យុវជន​និ​ង​កីឡា​ខេត្ត​ព្រះ​សី​ហនុ​បាន​ថ្លែង​ថា លោក​គ្រាន់​តែ​ជា​អ្នក​នាំពា​ក្យ​របស់​ប្រជា​​សហ​គមន៍​ប្រមាណ​ជាង​៤០​គ្រួសារ​ដែល​រស់​នៅ​ខាង​ក្រោយ​សា​លា​រៀន​នោះ​ដោយ​ពួក​គាត់​បាន​ធ្វើ​សំណើ​មួយ​ទៅ​លោក​អភិ​បាល​ខេត្ត​ដើម្បី​ស្នើសុំ​ពង្រីក​ផ្លូវ​បន្ថែម​៣​ម៉ែត្រ​លើ​ទំហំ​ផ្លូវ​ដែល​មាន​ស្រាប់​ទំហំ​៦​ម៉ែត្រ​ដែល​មាន​ប្រវែង ៤២០​ម៉ែត្រ​។

លោក​បន្ត​ថា លោក​អភិ​បាល​ខេត្ត​បាន​ទទួល​សំណើ​នេះ​ក៏​បាន​បង្គាប់​ឲ្យ​លោក​សម្រប​សម្រួល​ជួយ​ពង្រីក​ផ្លូវ​នេះ​ដើម្បី​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ​និង​ស្រួល​ធ្វើ​ចរាច​រណ៍​ពេល​មាន​អា​សន្ន​កើត​ឡើង​ប៉ុន្ដែ​ត្រូវបាន​លោក​គ្រូ-​អ្នក​គ្រូ​ចំនួន​ ៥៣​នាក់​បដិ​សេធ​ចំពោះ​គម្រោង​នេះ​។

លោក កែវ ឡាយ ​បាន​បញ្ជាក់​ថា៖ «ការ​ប្ដឹង​ជំទាស់​នេះ​ខ្ញុំ​បាន​ទទួល​ដំណឹង​ហើយ ​ហើយ​ខ្ញុំ​បាន​រាយ​ការណ៍​ទៅ​ឯក​ឧត្ត​ម​អភិ​បាល​ខេត្ត​ជ្រាប​ឯកឧត្តម​ក៏បាន​ប្រាប់​ខ្ញុំ​វិញ​ថា បើ​គេ​ជំទាស់​ហើយ ​អ៊ីចឹងយើង​មានតែ​ផ្អាក​សិន​ទៅអ៊ឹ​ចឹ​ង ហើយ​គាត់​ក៏​ឲ្យ​ខ្ញុំ​ទៅ​សម្រប​សម្រួល​ជាមួយ​ពួកគា​ត់​សិន។ ប៉ុន្ដែ​ខ្ញុំ​បាន​ជូន​យោ​បល់​មួយ​ទៅ​ឯក​ឧត្តម​អភិ​បាល​ថា ​ប្រសិន​បើ​អាច​យើង​​គួរ​ពង្រីក​ត្រឹម​តែ២​ម៉ែត្រ​បាន​ហើយ ហើយ​អភិ​បាល​ខេត្ត​គាត់​ថា​ចុះ​ទៅ​មើល​សិន​​អ៊ី​ចឹ​ង។ឥឡូ​វនេះ​យើង​អត់​ទាន់​ធ្វើ​អ្វី​ទេ ចាំ​មើល​ស្ថានភា​ព​ជាក់​ស្ដែង​សិន»​។

ប្រជា​សហ​គមន៍​ប្រ​មាណ​ជាង​៤០​គ្រួសារ​កាលពី​ថ្ងៃទី​២៥​ខែ​សីហា​ឆ្នាំ​នេះ​បាន​ដាក់​សំណើ​ទៅ​អភិបាល​ខេត្ត​ព្រះ​សីហនុ​លោក​ យន្ត មីន ដើម្បី​សុំ​ពង្រីក​ផ្លូវ​ទទឹង​៣​ម៉ែត្រ​បន្ថែម​លើ​៦​ម៉ែត្រ​ដែល​មាន​ស្រាប់​និង​បណ្ដោយ​៤២០​ម៉ែត្រ​ប៉ុន្ដែ​ត្រូវបាន​គ្រូប​ង្រៀន​ចំនួន​៥៣​នាក់បាន​ផ្ដិត​ស្នាម​មេ​ដៃប្ដឹង​ជំទាស់​​ ​​៕