ភ្នំពេញ: ទីបំផុតសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យឈ្មោះ យិន ហេង ដែលមានរហស្សនាមថា «ចំប៉ីខ្មៅ» នៅពន្ធនាគារព្រៃសក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង» ពាក់ព័ន្ធនឹងករណីបង្ហោះវីដេអូលើបណ្តាញសង្គម Facebook ដោយបានធ្វើការប្រមាថជាតិសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរ។
ការចោទប្រកាន់ និងការបញ្ជូនទៅឃុំខ្លួននេះធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចខណ្ឌដូនពេញកាលពីម្សិលមិញបានបញ្ជូនខ្លួនជនភេទទី ៣ «ចំប៉ីខ្មៅ» រូបនេះទៅសាលាដំបូងរាជធានី បន្ទាប់ពីជននេះបានបង្ហោះវីដេអូមួយដែលប្រើពាក្យពេចន៍ជេរប្រមាថជាតិសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីយុវជនមិនស្គាល់អត្តសញ្ញាណ៣នាក់ផ្សេងទៀតបានជិះម៉ូតូមកខោកក្បាលរូបគេពីក្រោយ។
លោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់លើឈ្មោះ យិន ហេង ពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
តាមប្រភពពីមន្ត្រីតុលាការផ្សេងទៀតដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បន្ទាប់ពីសាកសួរចៅក្រមស៊ើបសួរបានសម្រេចធ្វើការចោទប្រកាន់ចំប៉ីខ្មៅពីបទ «ញុះញង់ឲ្យមានការរើសអើង» ហើយបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។
លោក ទៀង ច័ន្ទសា អធិការខណ្ឌដូនពេញបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា សមត្ថកិច្ចខណ្ឌបានបញ្ជូន យិន ហេង ទៅសាលាដំបូងរាជធានី កាលពីរសៀលម្សិលមិញ បន្ទាប់ពីមន្ត្រីជំនាញខណ្ឌបានសាកសួរ និងរៀបចំសំណុំរឿងរួចរាល់។
លោកបញ្ជាក់ថា៖ «ភ័ស្តុតាងគ្រប់គ្រាន់អស់ហើយ រឿងនេះវាផុតពីដៃខ្ញុំហើយ ហើយរឿងចោទប្រកាន់ថា យ៉ាងម៉េច ឬសម្រេចឃុំខ្លួនឬមិនឃុំ អាហ្នឹងនៅលើតុលាការជាអ្នកចាត់ចែងទេ ខ្ញុំអត់ដឹងទេ»។
លោក ជា ពៅ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃថ្លែងថា ការចាប់ខ្លួនយុវជនភេទទី៣ រូបនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក នេត សាវឿន អគ្គស្នងការនគរបាល ជាតិ និងលោកស ថេត ស្នងការរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជា កម្លាំងនគរបាលជំនាញបានសហការគ្នាស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន យិន ហេង ជាក់ស្ដែងតែម្ដង។ «ខ្ញុំអត់ទាន់ដឹងរឿងហ្នឹងដល់ណាទេព្រោះខ្ញុំបានប្រគល់ឲ្យទៅស្នងការនគរបាលក្រុងភ្នំពេញ»។
ចំប៉ីខ្មៅ កាលពីយប់ថ្ងៃទី ៤ កុម្ភៈ នៅក្បែរព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញបាននិយាយលើហ្វេសប៊ុករបស់ខ្លួន៖ «ខ្ញុំជិះម៉ូតូតែខ្ញុំតែម្នាក់ឯងទេ ចុះហេតុអ្វីពួកអា ៣ នាក់ឈាមថោកនោះ មកខោកក្បាលខ្ញុំ ខ្ញុំអត់យល់ តើខ្ញុំបានធ្វើអ្វីខុសមែន ថ្ងៃហ្នឹងខ្ញុំថា អត់ទ្រាំណាស់ តែ ៣ នាក់ហ្នឹងខោកក្បាលខ្ញុំឡើងពក»។
ជនភេទទី៣ រូបនេះ បន្តថា៖ «ឈាមហ្នឹងដែលហៅថា ឈាមខ្មែរហ្នឹងមែន ពូជអាខ្មែរតិរច្ឆាន អាខ្មែរថោកទាបអាណាបំផ្លាញពួកហែ្អង ក្រៅពីពួកហែ្អងហ្នឹងបំផ្លាញខ្លួនឯង នេះសន្ដានខ្មែរ អាពួកខ្មែរ វាសមណាស់ ដែលពួកអាហែងដែលបាត់ទឹកដីបាត់ទឹកដីប៉ុណ្ណឹងនៅស្ទើរទេ បើរលាយទឹកដីហ្នឹងទៀត កាន់តែល្អ»។
ក្រោយពីបង្ហោះវីដេអូជេរប្រមាថជាសាធារណៈនេះ យិន ហេង បានបង្ហោះវីដេអូ បន្ទាប់នៅថ្ងៃទី ៥ កុម្ភៈ ដោយបានសុំទោស ពលរដ្ឋខ្មែរ ដោយវីដេអូនោះថា៖ «ក្រោយពីដេកពិចារណាកំហុសរួចពីយប់មិញ ខ្ញុំទទួល ស្គាល់កំហុសថា ខ្ញុំពិតជាបានប្រើសម្ដីអសុរសមែន ចំពោះទឹកដី និងប្រជាជនខ្មែរ ខ្ញុំគ្រាន់តែចង់សម្ដែងអារម្មណ៍ជ្រុលជ្រោះ ព្រោះតែអារម្មណ៍ខឹងមួយឆាវ ដោយសារតែមនុស្ស ៣ នាក់ ជិះម៉ូតូមកខោកក្បាលខ្ញុំឡើងពកអ៊ីចឹង»។
ជននេះបន្តថា៖ «វាមិនមែនជារឿងរំភើបរីករាយទេ ព្រោះអ្នកទាំងអស់គ្នាមិនដែលទទួលអារម្មណ៍ត្រូវគេខោកក្បាលពីក្រោយបែបនេះទេ ហើយមិញហ្នឹង ខ្ញុំខឹងខ្លាំងណាស់ ខឹងឡើងញ័រខ្លួនហ្មង ក្បាលខ្ញុំមិនមែនក្បាលឆ្កែទេម៉េចក៏មកវ៉ៃតាមចិត្តអ៊ីចឹង បើអ្នកទាំងអស់គ្នាចង់ជេរ ឬប្ដឹងខ្ញុំក៏ព្រមដែរ ប៉ុន្ដែត្រូវតាមរកអ្នកដែលវាយក្បាលខ្ញុំមកផ្ដន្ទាទោសផង»។
ទោះយ៉ាងណា ក្រុមអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នៅតែនាំគ្នាចែករំលែកនិងបញ្ចេញមតិចាត់ទុកសម្តីរបស់ចំប៉ីខ្មៅថា វាជាការជេរប្រមាថមកលើប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងន័យមើលងាយ មើលថោកដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋខ្មែរ និងប្រទេស កម្ពុជា។
តាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌចែងថា៖ «អំពើញុះញង់ដោយផ្ទាល់តាមមធ្យោបាយណាមួយ ដែលមានចែងក្នុងមាត្រា ៤៩៤ ស្តីពីលក្ខខណ្ឌអត្ថិភាពនៃការញុះញង់ នៃក្រមនេះឲ្យប្រព្រឹត្តការរើសអើង ការគុំកួន ឬហិង្សា ចំពោះបុគ្គលណាម្នាក់ឬក្រុមណាមួយដោយមូលហេតុបុគ្គលនេះជាសមាជិកឬមិនមែនជាសមាជិកនៃជាតិពិន្ទុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់នោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀលទៅ ៦ លានរៀលប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ៕