មណ្ឌលគិរីៈ តំណាង​ជនជាតិដើម​ភាគតិច បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​នៅ​ពុំទាន់​ចុះ​ទៅ វាស់​វែង​ដី​ដែល​ជា​ទីតាំង​របស់​មជ្ឈមណ្ឌល​វប្បធម៌​របស់​ជន​ជាតិ​ដើម​លើ​ភ្នំ​ដោះ​ក្រមុំ​នៅ​ឡើយ​ទេ បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា​តាំង​ពី​ចុង​ខែ​មុន​ក្ដី ខណៈ​ពួកគាត់​ចង់​ឲ្យ​ពន្លឿន​ការងារ​នេះ​ឲ្យ​បាន​ឆាប់។ ប៉ុន្តែ​អាជ្ញាធរ​ថា កំពុង​ដោះស្រាយ​បញ្ហា​នេះ​ហើយ។

លោក គ្រើ​ង តុលា លេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈមណ្ឌល​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច​ភ្នំ​ដោះ​ក្រមុំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ក្រុម​ជន​ជាតិ​ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ទៅ​សិក្សា​វាស់​វែង​និង​បោះ​បង្គោល​កំណត់​ទំហំ​ផ្ទៃដី​លើ​ភ្នំ​ដោះ​ក្រមុំ​ដែល​ជា​ទីតាំង​នៃ​មជ្ឈមណ្ឌល​វប្បធម៌​របស់​ជនជាតិ​ដើម​ឱ្យបាន​ឆាប់។

លោក តុលា អះអាងថា តាម ស.ជ.ណ របស់​រដ្ឋាភិបាល​ក្នុង​ឆ្នាំ ២០០៤ បាន​កំណត់​ថា មជ្ឈមណ្ឌល​វប្បធម៌​ជន​ជាតិ​ដើម​លើ​ភ្នំ​ដោះ​ក្រមុំ​គឺមាន​ទំហំ​ផ្ទៃដី​សរុប ១០២ ហិកតា​ដែល​លាត​សន្ធឹង​ចាប់ពី​ជើង​ភ្នំ ចង្កេះ​ភ្នំ និង​ដល់​កំពូល​ភ្នំ ប៉ុន្តែ​លោក​ថា បច្ចុប្បន្ន​នៅ​តាម​ចង្កេះ​ភ្នំ មាន​ផ្ទះ​ពលរដ្ឋ​ជាង ១០០ គ្រួសារ និង​មាន​ខារ៉ាអូខេ ២ កន្លែង ដែល​លោក​ថា សង់ រំលោភ​យក​ដី​មជ្ឈមណ្ឌល​វប្បធម៌​ជន​ជាតិ​ដើម​និង​កាន់​កាប់​ដោយ​ខុស​ច្បាប់ ។

លោក តុលា បន្តថា ក្រោយពី មាន​អនុសាសន៍​ពី​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ​ដើម្បីឱ្យ​អាជ្ញាធរ​ខេត្ត​ដក​ហូត​មក​វិញ​នូវ​ដីភ្នំ​ដែល​គេ​បាន​រំលោភ​យក​គឺ​អាជ្ញាធរ​ពាក់​ព័ន្ធ​ខេត្ត​បាន​បើក​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី ១ មីនា ប៉ុន្តែ​ក្រោយ​មក​នៅ​ពុំទាន់​បាន​ចុះ​ទៅ​វាស់​វែង​ទេ។

លោក​ថា៖ «អ៊ីចឹង​រវាង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​យើង​បាន​ជួបគ្នា​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ចុះ​ទៅ​ភ្នំ​ដោះ​ក្រមុំ​ហ្នឹង​ទេ ហើយ​យើង​ក៏​អត់​ទាន់​បាន​កំណត់​ត្រឹម​ណាៗ​ទេ អត់​ទាន់​ចុះ​ទៅ​ចុច GPS និង​ទៅ

បោះ​បង្គោល​នៅ​ឡើយ​ទេ»។

បើតាម​លោក តុលា ក្នុង​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​អភិបាល​ខេត្ត លោក ស្វាយ សំអ៊ាង នោះ​បាន​សម្រេច​កំណត់​វិធីសាស្ដ្រ​ដោះស្រាយ​បញ្ហា​ដីធ្លី​លើ​ភ្នំ​ដោះ​ក្រមុំ ដោយ​យក​កំណត់​ហេតុ​កាល​ពី​ឆ្នាំ ២០១៦ ធ្វើ​ជា​គោល​ក្នុង​ការ​កំណត់​ព្រំដី​ឱ្យបាន​ជាក់​លាក់ និង​ការ​រក្សា​ទុក​ដី​សម្រាប់​កម្ម​សិទ្ធិ​របស់​មន្ទីរ​ចំនួន ៣ ឱ្យ​នៅ​ដដែល​ដូចជា​មន្ទីរ​រ៉ែ​និង​ថាមពល មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម និង​មន្ទីរ​មុខងារ​សាធារណៈ។

ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោក ស្វាយ សំ​អ៊ាង អភិបាល​ខេត្ត​មណ្ឌលគិរី​បញ្ជាក់​ថា បញ្ហា​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​គឺ​មន្ត្រី​ពាក់ព័ន្ធ​និង​តំណាង​ជន​ជាតិ​បាន​ស្រុះ​ស្រួល​គ្នា​អស់​ហើយ។

លោក​ថា៖ «ខ្ញុំ​ដោះ​ហើយ អាហ្នឹង​ខ្ញុំ​ដោះ​ហើយ​តើ មិនមែន​មិន​ដោះ​ឯណា តែ​ពលរដ្ឋ​ខូច អាហ្នឹង​ដោះ​ហើយ ក៏​ថា​អត់​ដោះ​ដែរ»។

ប៉ុន្តែ លោក ឡុង វិបុល អភិបាល​ក្រុង​សែន​មនោ​រម្យ បញ្ជាក់​បន្ថែម​ថា ការ​ប្រជុំ​ដោះស្រាយ​បញ្ហា​ទន្ទ្រាន​យក​ភ្នំ​ដោះ​ក្រមុំ​ធ្វើ​កម្មសិទ្ធិ​នេះ គឺ​មិន​មែន​ទើប​តែ​ធ្វើ​ក្រោយ​អនុសាសន៍​របស់​លោក ហ៊ុន សែន នោះ​ទេ គឺ​អាជ្ញាធរ​ខេត្ត​បាន​ប្រជុំ​និង​ដោះស្រាយ​ជាច្រើន​លើក​មក​ហើយ ដោយ​នៅ​សល់​តែ ១១ គ្រួសារ ប៉ុណ្ណោះ។

លោក​បន្តថា បញ្ហា​លើ​ភ្នំ​ដោះក្រមុំ​គឺ​ស្ទើរតែ​ដោះស្រាយបាន​ទាំងស្រុង​ហើយ ដោយ​នៅ​តែ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​អន្តរ​ក្រសួង​កំណត់​ពេល​ចុះ​វាស់់​ទំហំ​ផ្ទៃដី​ដើម្បី​ឲ្យ​ដឹង​ថា ទីតាំង​ណា​ត្រូវ​ទុក​ជូន​ពលរដ្ឋ និង​ដី​ត្រូវ​ដក

ហូត​ពី​ពលរដ្ឋ​មុន​រាយ​ការណ៍​ជូន​នាយក​រដ្ឋមន្ត្រី។

លោក​ថា៖ «វាស់​កន្លែង​ណា​ដែល​យើង​ត្រូវយក​មកវិញ កន្លែង​ណា​ដែល​យើង​ត្រូវ​ជូន​ពលរដ្ឋ។ ទោះបី​ជា​យើង​ត្រូវ​យក​មក​វិញ ប៉ុន្តែ​កន្លែង​ខ្លះ​ពលរដ្ឋ​តាំង​លំនៅ​តាំង​ពីមុន​ទីតាំង​ហ្នឹង​ចុះ​បញ្ជី​ទៅ​ទៀត»។

ប៉ុន្តែ​លោក ឡុង វិបុល មិនទាន់​អាច​អះអាងថា អាជ្ញាធរ​នឹង​ចុះទៅ​វាស់វែង​ផ្ទាល់​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។ លោក អ៊ាង ម៉េង​លី មន្ត្រី​អាដ​ហុក​ប្រចាំ​ខេត្ត​មណ្ឌលគីរី​យល់​ឃើញ​ថា អាជ្ញាធរ​គួរតែ​ដោះ​ស្រាយ​បញ្ហា​ដី​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ តាម​អនុ​សាសន៍​នាយក​រដ្ឋមន្ត្រី​និង​ធ្វើ​យ៉ាង​ណា​ឱ្យ​ជន​ជាតិ​ភាគ​តិច

ស្ងប់​ចិត្ត​អាច​ទទួល​យក​បាន។

លោក​ថា៖ «ចំពោះ​ខ្ញុំ​យល់ថា ពលរដ្ឋ​ទាមទារ​ដី​ទំហំ​ជាក់ស្ដែង​ដែល​កំណត់​នៅ​ក្នុង ស.ជ.ណ ហើយ​រាល់​ថ្ងៃ​នេះ មាន​ការ​ទន្ទ្រាន​យក​ពី​សំណាក់​អ្នក​នៅ​ក្នុង​តំបន់​ហ្នឹង ហើយ​គាត់​ចង់​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ហ្នឹង​ឱ្យ​បាន​ជាក់​លាក់»។

ថ្វី​ដ្បិត​ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​មាន ១០២ ហិកតា ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​គេ​ទន្ទ្រាន​យក និង​នៅ​សល់​តែ ៨៧ ហិកតា​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​គ្រើន តុលា ៕