ព្រះសីហនុៈ ដីអភិរក្សក្នុងដែនសហគមន៍ព្រៃកោងកាងក្នុងភូមិ ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុប្រមាណ ៥០ ហិកតាត្រូវបានតំណាងសហគមន៍អះអាងថា មានអ្នកកាប់ទន្ទ្រាន និងបោះបង្គោលយក ប៉ុន្ដែអាជ្ញាធរនៅមិនទាន់វែកមុខជនល្មើសឃើញទេ។
លោក គីម ហាក់ ប្រធានសហគមន៍នេសាទការពារព្រៃលិចទឹកទំនប់រលក និងជាមេភូមិ ១ នៃតំបន់សហគមន៍ព្រៃកោងកាងបានថ្លែងប្រាប់កាលពីម្សិលមិញថា ដីព្រៃក្នុងតំបន់សហគមន៍ព្រៃកោងកាងស្រុកស្ទឹងហាវនេះត្រូវបានគេលួចកាប់ទន្ទ្រានយកជាបន្ដបន្ទាប់ ខណៈដីនៅខេត្ដព្រះសីហនុកំពុងឡើងថ្លៃ ប៉ុន្ដែអាជ្ញាធរមិនទាន់អាចកំណត់មុខសញ្ញាជនល្មើសបាននៅឡើយទេ ថ្វីបើបានចុះទៅដកបង្គោលចេញខ្លះហើយក្ដី។
លោកថា៖ «ក្រុមការងារខាងមន្ដ្រីជលផល និងសហគមន៍ព្រៃកោងកាងបានចុះទៅដកបង្គោលលើដីពី ៥០ ទៅ ៦០ ហិកតា។
ប៉ុន្ដែយើងមិនទាន់កំណត់បានថាជារបស់អ្នកណាទេ យើងកំពុងអង្កេតឲ្យច្បាស់...បោះបង្គោលមានធ្វើពីថ្ម និងឈើនៅទីតាំងដីព្រៃកោងកាងនោះ»។
លោក ហាក់ បានបន្តថា អ្នកធ្វើសកម្មភាពអាចជាបុគ្គលនៅខេត្ដព្រះសីហនុ និងនៅភ្នំពេញតែមិនមែនក្នុងមូលដ្ឋានទេ។
លោកថា៖ «ពួកគាត់មកទន្ទ្រានយកដីនេះ ដោយកាប់ឆ្ការព្រៃចេញរួចបោះបង្គោលព្រំកំណត់ថាជារបស់ខ្លួន ហើយការសម្រុកមកកាន់កាប់ដីព្រៃអភិរក្សនេះមកពីសម្ទុះដីឡើងខ្លាំងនៅខេត្តព្រះសីហនុនេះ»។
លោក ហាក់ បានឲ្យដឹងថាក្រោយពីចុះវាយកម្ទេចបង្គោលកាលពីថ្ងៃទី ៣០ តុលាអាជ្ញាធរនឹងបន្ដស្រាវជ្រាវរកជនល្មើសដែលកាប់ព្រៃអភិរក្សនេះ។
លោកថា៖ «យើងកំពុងស្រាវជ្រាវរកមុខជនល្មើសដើម្បីបញ្ជូនទៅដោះស្រាយតាមផ្លូវច្បាប់។ ខាងរដ្ឋបាលជលផលកំពុងព្រាងរឿងជនល្មើសកាប់ទន្ទ្រានយកដីនេះទៅមន្ទីរ និងក្រសួង»។
លោក ទេព មន្នី អភិបាលរងស្រុកស្ទឹងហាវដែលបានដឹកនាំកម្លាំងចុះទៅវាយកម្ទេចបង្គោលព្រំនោះបានថ្លែងថា កន្លងមកមានជនខិលខូចបានលួចបោះបង្គោលថ្ម និងលួចដាំដើមឈើមួយចំនួនក្នុងដីសហគមន៍ព្រៃកោងកាងនេះផងដែរ។
លោកបន្ដថា៖ «យើងបានដឹកនាំកម្លាំងទៅវាយកម្ទេចបង្គោលថ្មព្រំដីដែលគេលួចបោះទាំងនោះ។ កន្លងមកមានជនខិលខូចបានលួចបោះជាលក្ខណៈសម្គាល់ព្រំដីរបស់ពួកគេហើយមានខ្លះបានយកដើមដូងទៅដាំនៅទីនោះ»។
លោក ស៊ុន សុផាត តំណាងសហគមន៍ទូទាំងខេត្តព្រះសីហនុ និងជាអ្នកស៊ើបអង្កេតលើករណីទន្ទ្រានដីក្នុងតំបន់អភិរក្សផងនោះបានថ្លែងកាលពីម្សិលមិញថា នៅខេត្ដព្រះសីហនុបច្ចុប្បន្នមានជនខិលខូចជាច្រើនបានមកទន្ទ្រានយកដីព្រៃនៅក្នុងតំបន់អភិរក្ស ប៉ុន្ដែនៅមិនទាន់មានវិធានការណាមួយពីអាជ្ញាធរខេត្ដ និងថ្នាក់មូលដ្ឋានទេ។
លោកបានបន្តថា សកម្មភាពបែបនេះមិនមែនមានតែក្នុងតំបន់ព្រៃអភិរក្សនេះទេដែលកំពុងត្រូវបានជនខិលខូចចូលមកទន្ទ្រាននោះ ប៉ុន្ដែនៅតំបន់អភិរក្សរាម ក៏កំពុងត្រូវបានគេលួចកាប់ទន្ទ្រានផងដែរ។
លោកបានបន្ថែមថា៖ «ដីព្រៃអភិរក្សស្ទឹងហាវ និងឧទ្យានជាតិរាមក៏កំពុងត្រូវបានគេកាប់ទន្ទ្រានយ៉ាងអនាធិបតេយ្យដោយគ្មានអ្នកណាហ៊ាននិយាយអីទេ ហើយមិនត្រឹមតែទន្ទ្រានដោយកម្លាំងមនុស្សទេ គឺមានទាំងយកអេស្កាវ៉ាទ័រទៅកាយព្រៃក៏មានដែរ»។ «ភាគច្រើនពួកគេបានមកកាប់ព្រៃកោងកាងចេញរួចហើយទើបបានយកដើមឈើផ្សេងៗមកដាំជំនួសវិញ មានដូចជា ដើមដូង ជាដើម។ ការកាប់ទន្ទ្រាននេះភាគច្រើនអ្នកមានលុយដែលគេបានជួលឲ្យប្រជាជនទៅកាប់»។
លោក សុផាត បានសំណូមពរឱ្យអាជ្ញាធរមានវិធានការដើម្បីរឹតបន្តឹងចំពោះជនល្មើសដែលមកទន្ទ្រានយកដីព្រៃរដ្ឋនេះ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី ១២ ខែកញ្ញាឆ្នាំនេះក្រសួងបរិស្ថានបានដាក់បម្រាមមិនឲ្យទន្ទ្រានកាន់កាប់ដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិឡើយ បន្ទាប់ពីមានករណីល្មើសច្បាប់នៅតាមឧទ្យានជាតិមួយចំនួនពិសេសក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ «រាម» ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រៃស្រែពកជាដើម។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ដ្រា ធ្លាប់បានបញ្ជាក់ថា៖ «យើងឃើញមានការកើតឡើង ការកាន់កាប់ ការឈូសឆាយ ទន្ទ្រានដីព្រៃយកជាកម្មសិទ្ធិ និងការទិញលក់ដីរដ្ឋខុសច្បាប់រួមទាំងការប្រើឯកសារដែលដល់មោឃភាពទៅយកដីរបស់រដ្ឋ»។
«ដូច្នេះបានជាយើងត្រូវចាត់វិធានការចាំបាច់ដើម្បីទប់ស្កាត់កុំឲ្យមានការរីករាលដាលអំពើល្មើសច្បាប់ទាំងអស់នេះ»៕