ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១៤ ខែធ្នូកន្លងមកនេះបានទម្លាក់បទចោទប្រកាន់ និងបិទបញ្ចប់សំណុំរឿងដោយមិនចាត់ការចំពោះករណីសកម្មជនដីធ្លីសហគមន៍បុរីកីឡា ៣ នាក់ដែលត្រូវបានប្ដឹងដោយលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផាន អ៊ីម៉ិច ពីបទគំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
សកម្មជនដីធ្លីទាំង ៣ នាក់នោះគឺអ្នកស្រី ភោគ សុភីន អ្នកស្រី អ៊ឹម ស្រីទូច និងអ្នកស្រី ស៊ា ណារ៉េន។ ប៉ុន្តែពលរដ្ឋសហគមន៍បុរីកីឡាដែលជាជនសកម្មខាងតវ៉ារឿងជម្លោះដីធ្លីទាំងនេះបានបដិសេធរាល់ការចោទប្រកាន់របស់ដើមបណ្តឹងដោយអះអាងថា សំណុំរឿងប្តឹងពួកគេនេះមិនមានមូលដ្ឋានច្បាស់លាស់។
អ្នកស្រី ភោគ សុភីន ជាសកម្មជនម្នាក់ក្នុងចំណោមអ្នកទាំង ៣ បានថ្លែងកាលពីម្សិលមិញថាតុលាការបានបិទបញ្ចប់សំណុំរឿង និងបញ្ឈប់ការសាកសួរបន្តទៀតហើយ ពីព្រោះមិនមានភ័ស្ដុតាង និងមូលដ្ឋានសមរម្យ។
លោកស្រី ស៊ុយ សុផាន បានប្ដឹងអ្នកស្រី និងបក្ខពួកចំនួន ២ នាក់ផ្សេងទៀត បន្ទាប់ពីពួកគាត់បាននាំគ្នាទៅតវ៉ាទាមទារឲ្យលោកស្រី ស៊ុយ សុផាន ផ្ដល់សំណងសមរម្យចំពោះការមករំលោភបំពានយកដីធ្លីនៅតំបន់បុរីកីឡាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
អ្នកស្រី ភោគ សុភីន ថ្លែងថា៖ «តុលាការទម្លាក់បទចោទ ហើយគេឈប់កោះហៅពួកខ្ញុំមកឆ្លើយបំភ្លឺទៀតហើយ ប៉ុន្ដែគេឲ្យពួកខ្ញុំស្នើសុំឲ្យតុលាការទម្លាក់បទចោទ ហើយពួកខ្ញុំក៏បានប្រាប់ទៅតុលាការថា សុំឲ្យទម្លាក់បទចោទពីពួកខ្ញុំទៅ ព្រោះពួកខ្ញុំគ្មានកំហុសអ្វីទេ។ ក្រោយមកខាងតុលាការគេបានបំពេញបែបបទហើយឲ្យពួកខ្ញុំផ្ដិតមេដៃបញ្ចប់ហើយមិនបាច់មកតុលាការទៀតទេ»។
អ្នកស្រី ស៊ា ណារ៉េន ជាអ្នកចូលបំភ្លឺក្នុងតុលាការដែរបានថ្លែងផងដែរថា៖ «ខ្ញុំមិនបានប្រព្រឹត្តគឺខ្ញុំមិនបានបារម្ភ ព្រោះខ្ញុំមិនមានកំហុស។ ចុះចំណែកអស់លោកដែលមកឈូសឆាយផ្ទះ ប្លន់យកដីខ្ញុំហ្នឹងមានកំហុសអត់? ខ្ញុំទាមទារតែអ្វីដែលជារបស់ខ្ញុំតើ»។
លោក តឹក ណារ៉ូ មេធាវីការពារក្ដីឲ្យសកម្មជនដីធ្លីទាំង ៣ នាក់នោះកាលពីម្សិលមិញមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផាន អ៊ីម៉ិច មិនអាចទាក់ទងបានទេពីម្សិលមិញ។ ប៉ុន្ដែលោកស្រីធ្លាប់បានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ១ ខែវិច្ឆិកាថា សំណុំរឿងនេះបានប្រគល់ឲ្យទៅមេធាវី និងតុលាការចាត់ចែងតាមនីតិវិធីច្បាប់។ តាមដីកាកោះហៅរបស់លោកស្រី ស៊ឺ វណ្ណនី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ៤ ធ្នូ គឺបានអញ្ជើញឈ្មោះ ភោគ សុភីន អ៊ឹម ស្រីទូច និង ស៊ា ណារ៉េន ដើម្បីចូលបំភ្លឺពីដំណើររឿងឈ្មោះ ស៊ុយ សុផាន ប្ដឹងពីបទគំរាមកំហែង និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ៕