កំពង់ឆ្នាំង: សាលាដំបូងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី ២២ ខែធ្នូបានសម្រេចឃុំខ្លួនបុរស ២ នាក់ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនក្នុងអំឡុងពេលឈូសឆាយដីព្រៃរបស់សហគមន៍ភូមិជរស្ថិតក្នុងឃុំប្រស្និប ស្រុករលាប្អៀរ។ នេះបើតាមលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងសាលាដំបូង ខេត្តកំពង់ឆ្នាំង។
លោក ស៊ីថា បញ្ជាក់ថាបុរសទាំងពីរនាក់ត្រូវបានចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នដោយចោទប្រកាន់ពីបទ «កាប់រុករានដីព្រៃអភិរក្សដោយគ្មានការអនុញ្ញាត» ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងថ្លែងថាលោកបានបញ្ជូនជនសង្ស័យ ២ នាក់ទៅសាលាដំបូងខេត្តកាលពីថ្ងៃទី ២១ ខែធ្នូ បន្ទាប់ពីពួកគេទាំង ២ នាក់ជាមួយនឹងត្រាក់ទ័រ ៣ គ្រឿងព្យាយាមឈូសឆាយដីព្រៃរបស់សហគមន៍ភូមិជរដោយគ្មានការអនុញ្ញាត។
លោកបន្តថា សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវរកជនខិលខូចដែលបានជាប់ពាក់ព័ន្ធនឹងករណីនេះ។ ជនសង្ស័យទាំង ២ នាក់នេះបាននិងកំពុងឈូសឆាយធ្វើផ្លូវចូលទៅក្នុងដីព្រៃអភិរក្សរបស់សហគមន៍ភូមិជរ ប៉ុន្ដែពួកគេនៅមិនទាន់បានឈូសឆាយដីព្រៃនៅឡើយទេ ហើយក៏មានប្រជាសហគមន៍បានរាយការណ៍ទៅអាជ្ញាធរទាន់ពេលវេលា។
លោក ងិន ហ៊ុន បញ្ជាក់ថា៖ «យើងអត់បានអនុញ្ញាតឲ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិឲ្យបុគ្គលណាម្នាក់ទេ ព្រោះវាជាដីបម្រុងទុករបស់សហគមន៍ ប៉ុន្ដែត្រូវជនខិលខូចនាំគ្នាមកឈូសឆាយបែបនេះ។ យើងក៏បានឃាត់ខ្លួនអ្នកបើកបរត្រាក់ទ័រ ២ នាក់បញ្ជូនទៅតុលាការ ហើយត្រាក់ទ័របានបញ្ជូនទៅទុកនៅរដ្ឋបាលព្រៃឈើស្រុករលាប្អៀរ»។
ប្រជាសហគមន៍ព្រៃឈើរស់នៅឃុំប្រស្នឹបម្នាក់សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ដីព្រៃសហគមន៍ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦-២០០៧ ដែលមានផ្ទៃដីជាង ៥០០ ហិកតាក្នុងនោះដីព្រៃ ១៧៤ ហិកតាត្រូវបានជនខិលខូច ឃុបឃិតគ្នាជាមួយប្រធានសហគមន៍ និងអាជ្ញាធរមូលដ្ឋានលក់ឲ្យក្រុមហ៊ុនចិនមួយក្រោមរូបភាពដោះដូរទីតាំងដីសហគមន៍ទៅដាក់ទីតាំងផ្សេងវិញ ដោយមិនមាន ស ជ ណ ពីក្រសួងពាក់ព័ន្ធ និងរាជរដ្ឋាភិបាលឡើយ។
លោកបញ្ជាក់ថា៖ «មានគេឃើញប្រធានសហគមន៍ និងមេឃុំធ្វើការងារជាមួយគ្នាស្ងាត់ៗខ្ញុំមិនដឹងថា គេធ្វើអ្វីទេ ប៉ុន្ដែរយៈក្រោយមកក៏ឃើញមានត្រាក់ទ័រ ៣ គ្រឿងមកឈូសឆាយដីព្រៃឡើងវាល»។
តាមច្បាប់ព្រៃឈើការរំលោភយកដីក្នុងតំបន់ការពារ ឬព្រៃសហគមន៍នឹងមានទោសជាប់ពន្ធនាគារពី ១ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានទៅ ១០០ លានរៀលករណីការមិនគោរពតាមផែនការគ្រប់គ្រង និងផែនការប្រមូលផលប្រចាំឆ្នាំការប្រើប្រាស់គ្រឿងចក្រទៅឈូសឆាយដីព្រៃ និងអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងការប្រើប្រាស់ដីលើសពីទំហំអនុញ្ញាតដើម្បីសង់លំនៅឋានជាដើម។ ច្បាប់នេះក៏បានផ្ដល់សិទ្ធិឲ្យរដ្ឋបាលព្រៃឈើចេញលិខិតព្រមាន ឬឲ្យជនប្រព្រឹត្តចេញសំណងជួសជុលការខូចខាត និងអាចកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការទៀត បើសិនជាអ្នកប្រព្រឹត្តខុសនោះមិនព្រមបង់ប្រាក់ពិន័យ ឬករណីមិនរាងចាល៕