រតនគិរីៈ តំណាង​សហ​គមន៍​ជន​ជាតិ​ទំពូន​ម្នាក់​ ក្នុង​ភូមិ​កែង​សាន់ ឃុំ​សេដា ស្រុក​លំ​ផាត់ ខេត្ត​រតន​គិរី ត្រូវបាន​មន្ត្រី​រដ្ឋ​បាល​ការ​ពារនិង​អភិរក្ស​ធម្ម​ជាតិនៃការិយា​ល័យ​ដែន​​ជម្រក​សត្វ​ព្រៃ​លំផាត់ កោះឲ្យ​​ចូល​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​ករណី​កាប់​គាស់​ រុក​រាន ​និងឆ្ការ​ដីព្រៃ ក្នុង​តំបន់​ការ​ពារ​ធន​ធាន​ធម្មជា​តិ​។

យោងតាម​​លិខិត​កោះ​ហៅ​​របស់​ការិ​យា​ល័យ​ដែន​​ជម្រក​សត្វព្រៃ​លំផាត់​ ចុះថ្ងៃ​១៤ ​ខែ​កញ្ញា ​ឆ្នាំ ​២០១៨​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅថ្ងៃទី១៩កញ្ញានេះ លោក​ ខាំ នីន ដែល​ជា​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ដ៏​សកម្ម​ម្នាក់ក្នុង​សហគ​មន៍​ភូមិ​កែង​សាន់ និងដែល​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលា​ការ​ខេត្ត​រតន​គិរីប្រឆាំង​មន្ត្រី​មូល​ដ្ឋាន​ភូមិ​-ឃុំក៏​ដូច​ជាមេដឹ​ក​នាំ​​សហ​គមន៍​​របស់​គាត់​រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​សំខាន់​នៃ​ស្ថា​ប័ន​ជំនាញ​មួយ​ចំនួន​ពី​បទ​ពាក់​ព័ន្ធ​ និង​ អនុគ្រោះ​ចំពោះ​បទល្មើ​ស​ព្រៃ​ឈើ​ដោយ​មិន​ទប់​ស្កាត់​ ការ​កាប់​រាន ឈូស​ឆាយ​ដី​ព្រៃយក​ធ្វើ​ជា​កម្ម​សិទ្ធិ​និង​លក់​បន្ត​ដោយ​ខុស​ច្បាប់​ទាន់​ពេល​វេលា​​ផង​ដែរ​នោះត្រូវ​បាន​ លោក សាន សានី ប្រ​ធាន​ការិ​យា​ល័យ​ដែន​​ជម្រក​សត្វព្រៃ​លំផាត់​កោះ​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ជុំវិញ​សំណុំ​រឿង​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ​។

លោក ខាំ នីន ដែល​អះ​អាង​ថា គាត់​ពុំធ្លាប់​បាន​ប្រព្រឹត្ត​បទ​ល្មើស កាប់​រាន​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធន​ធាន​ធម្ម​ជាតិ​ទាល់​តែ​សោះ​​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី១៩កញ្ញានេះ​​ថាលោក​នឹង​ទៅ​ឆ្លើយ​បំភ្លឺ​តាម​កាល​កំណត់។

លោក នីន បាន​បញ្ជាក់​​ថា៖​«ខ្ញុំ​មិន​ដឹង​ថា​តើ​លិខិត​កោះ​ហៅ​នោះ​ វា​មាន​ពាក់​ព័ន្ធ​នឹង​បណ្ដឹង​របស់​យើង​ខ្ញុំ​កាល​ពី​ឆ្នាំ​មុន​ឬ​យ៉ាង​​ណា​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​លិខិ​តនោះ រូ​បខ្ញុំ​ហាក់​ដូច​ជា​មាន​បុគ្គល​ណា​ម្នាក់​ប្ដឹង​ចោទ​ប្រ​កាន់​ថា​បាន​ប្រព្រឹត្ត​បទ​ល្មើស កាប់​គាស់ រុក​រាន​និងកាប់​ឆ្ការ​ដីព្រៃ ក្នុង​តំបន់​កា​រពារ​ធន​ធាន​ធម្មជាតិ​ដោយ​ខុស​ច្បាប់ ​យក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន»​។

លោក​ នីន បាន​បន្ត​ថា៖«ទោះ​ជា​បែប​ណា​ក្ដី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ខ្ញុំ​នឹង​ទៅ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ករណី​នេះ​តាម​កាល​កំណត់​ របស់​សមត្ថ​កិច្ច​ជំនាញ»​។

ជុំវិញ​ករណី​នេះ ​លោក សាន សានី ប្រ​ធាន​ការិ​យា​ល័យ​ដែន​​ជម្រក​សត្វព្រៃ​លំផាត់​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ទេ​នៅថ្ងៃទី១៩កញ្ញា​នេះ​ ប៉ុន្តែ បើ​តាម​ ​លោក ញ អង្គួត មេ​ភូមិ​កែង​សាន់ថា លោក ខាំ នីន ត្រូវ​បាន​អ្នក​ភូមិ​កែង​សាន់​មួយ​ចំនួន​ប្ដឹង​ទៅ​​​មន្ត្រី​បរិ​ស្ថាន​ដើម្បី​ជា​ការ​ព្រមាន​ចំពោះ​ភាព​រឹង​រុះ​របស់​គាត់​ដែល​តែង​​រាយ​ការ​ណ៍​​ព័ត៌​មាន​ពី​សកម្ម​ភាព​របស់​ពួក​គេរឿង​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃទៅ​ឲ្យ​អ្នក​សារ​ព័ត៌​មាន​​និង​ផ្សព្វ​ផ្សាយ​បន្ដ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អាជ្ញា​ធរ​ថ្នាក់​ខេត្តនិង​ថ្នាក់​ជាតិ​។

លោក អង្កួត បាន​បញ្ជាក់​ថា៖«ខាំ នីន វាធ្លាប់​កាប់​ឆ្ការ​ព្រៃ​រាប់​សិប​ហិក​តា​យក​ទៅ​ដាំ​ស្វាយ​ចន្ទី ហើយ​ក្រោយ​មក​វា​លក់​យក​លុយ​ធ្វើ​ផ្ទះ និងទិញ​ម៉ូតូ​ ល្អៗជិះ។ លុះក្រោយ​មក​អ្នក​ភូមិ​គេ​នាំ​គ្នា​កាប់​ឆ្ការ​ព្រៃ​ធ្វើ​ចម្ការ​ និងលក់​ដូរ​ខ្លះ​ទៅ​ឲ្យ​អ្នក​មកពី​ក្រៅ​សហ​គមន៍​ វាក៏រាយ​ការណ៍​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ ពិសេស​ខាង​វិទ្យុអា​ស៊ីសេរីធ្វើ​ឲ្យ​អ្នក​ភូមិ​មួយ​ចំនួន​ខឹង​សម្បា ហើយ​នាំគ្នា​ប្ដឹង​ប្រឆាំង​នឹង​វា​វិញ​អ៊ីចឹង​ទៅ»​។

លោក​​​អង្កួតបាន​បន្តថា៖«អ្នក​ភូមិ​កែង​សាន់​ប្រមា​ណ​ជាង​៣០០​គ្រួសា​រគ្មា​នគ្រួសា​រណា​មួយដែល​មិន​កាប់​រាន​ដី​ព្រៃធ្វើ​ចម្ការ​​នោះ​ទេ ព្រោះ​ពួក​យើង​រស់​នៅ​អា​ស្រ័យ​លើ​ការ​ដាំដុះ​ នេ​សាទ បរ​បាញ់និងរុករក​អនុ​ផលព្រៃ​ឈើ​ ហើយ​ពួក​យើង​ក៏​ចង់​មាន​ឡាន​ជិះ​នឹង​គេ​ដែរ»​។

បើ​តាម​លោក​ អង្កួត ការកាប់​រាន​ដី​ព្រៃ​របស់​ប្រជា​សហ​គមន៍​ក្នុង​តំបន់​នោះ​គឺដើម្បី​ពង្រីក​ដី​កសិកម្ម​របស់​ពួកគេ​ប៉ុណ្ណោះ ហើយ​ព្រៃ​ដែល​ពួកគេ​កាប់​រាន​នោះ​ជាដី​ព្រៃ​របស់​សហ​គមន៍ មិន​មែន​ជាដី​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​នោះ​ទេ។

យោង​តាម​បណ្ដឹង​របស់​លោក​ខាំ នីន និង​តំណាង​៣​នាក់​ផ្សេង​ទៀត​ក្នុង​សហ​គមន៍​ភូមិ​កែង​សាន់ រួមទាំង​លោក​ ប៉ែន​ ប៊ុណ្ណារិ៍​ មន្ត្រី​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដ​ហុក​ខេត្ត​រតនគិរី​ដែល​បាន​ប្ដឹង​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី កាល​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ បាន​បង្ហាញ​ថា​ សកម្ម​ភាព​កាប់​បំផ្លាញ​ព្រៃស​ហគមន៍​ភូមិ​កែង​សាន់​ក្នុង​ឃុំសេដា ស្រុក​លំផាត់​ ដែល​ចាប់​ផ្ដើម​ផុល​ផុស​នៅ​ពី​ឆ្នាំ ២០១៤ រហូត​ដល់​ចុង​ឆ្នាំ ​២០១៧ ​នោះ​ ត្រូវ​បាន​គេប៉ា​ន់​ប្រមាណ​អស់​ជាង ​១​០០០ ហិកតា ហើយ​ក្នុង​អំឡុង​ពេល​នោះ ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ រួម​ទាំង​មេ​សហ​គមន៍​ក្នុង​មូល​ដា្ឋនត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ពុំបា​នទប់​ស្កាត់​បទ​ល្មើស​នេះ​ទាន់​ពេល​នោះ​ទេ​៕ ​