បាត់ដំបងៈ ដីព្រៃប្រមាណជាង ១០០ ហិកតា ក្នុងតំបន់ការពារធម្មជាតិប្រើប្រាស់ច្រើនយ៉ាងសំឡូត ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីកងកម្លាំងប្រដាប់អាវុធមួយចំនួនកាប់រានដើម្បីកាន់កាប់យកជាសម្បត្តិឯកជនដោយខុសច្បាប់។ នេះបើយោងតាមការអះអាងរបស់ប្រជាសហគមន៍ការពារព្រៃឈើ និងមន្ត្រីពាក់ព័ន្ធមួយចំនួនក្នុងស្រុកសំឡូតកាលពីម្សិមិញ។
តំណាងប្រជាសហគមន៍ព្រៃឈើភ្នំដេកា (DK) សំឡូត លោក យ៉ាត នាង អាយុ ៦២ ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃអង្គារថា ករណីកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិប្រើប្រាស់ច្រើនយ៉ាងសំឡូតបានកើតឡើងជាច្រើនឆ្នាំមកហើយតាមរយៈការដុតរានដីព្រៃពង្រីកផ្ទៃដីកសិកម្ម។ ទីតាំងដែលមានការលួចកាប់ និងដុតរានដីព្រៃដើម្បីទន្ទ្រានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់នោះរួមមាននៅចំណុចអូរអាចម៍ក្របី អូរស្លេវ អូរត្របែកជូរ អូរឆ្នាំងធ្លុះ អូរតាតឹង និងអូរសម្រិល ឬអូរថ្ម ដែលស្ថិតនៅក្នុងឃុំ-ស្រុកសំឡូត ខេត្តបាត់ដំបង។
លោក នាង ថ្លែងថា៖ «អ្នកដែលចូលទៅកាប់ ឈូសឆាយ និងដុតរានដីព្រៃក្នុងតំបន់នោះ ភាគច្រើនជាមន្ត្រីកងកម្លាំង និងជាអ្នកមានលុយមានអំណាច»។
អ្នកស្រី ម៉ឹង មឿន ប្រធានសហគមន៍ព្រៃឈើអូរតាតឹង បាននិយាយស្រដៀងគ្នានេះថា សកម្មភាពនៃការកាប់រានដីព្រៃក្នុងតំបន់ការពារធម្មជាតិប្រើប្រាស់ច្រើនយ៉ាងសំឡូតនាពេលថ្មីៗនេះ ភាគច្រើនធ្វើឡើងដោយក្រុមមន្ត្រីយោធាវរការពារព្រំដែនលេខ ៥០២។
អ្នកស្រីបាននិយាយថា៖ «ពួកគេថាដីព្រៃនេះជារបស់រដ្ឋនិងមានទីតាំងស្ថិតនៅតាមជួរព្រំដែន ដែលកងទ័ពមានសិទ្ធិបង្កើតស្នាក់ការយុទ្ធសាស្ត្រសម្រាប់ដាក់ពង្រាយកងល្បាត សម្រាប់ការពារ និងត្រួតពិនិត្យអំពីសុវត្ថិភាពសន្តិសុខនៅតាមជួរបន្ទាត់ព្រំដែន ហើយកិច្ចការនេះ ប្រជាពលរដ្ឋធម្មតាមិនគួរត្រូវចង់ដឹងច្រើនពេកនោះទេ»។
អ្នកស្រីមឿន អះអាងថា ក្រុមកងកម្លាំងយោធា ប្រជាពលរដ្ឋក្នុងសហគមន៍របស់អ្នកស្រី រួមទាំងអាជ្ញាធរភូមិឃុំ បានរាយការណ៍ទៅអាជ្ញាធរស្រុក និង មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង ដើម្បីចុះត្រួតពិនិត្យ និងសាកសួរឲ្យច្បាស់លាស់អំពីករណីសកម្មភាពកាប់ទន្ទ្រានដីព្រៃការពារនេះ។
លោក ធឹម ព្រឿង មេឃុំសំឡូត បាននិយាយថា បើមានការសាងសង់លេណដ្ឋានកងទ័ពមែននោះ វាប្រាកដជា មានការប្រកាសឲ្យដឹងពីថ្នាក់ជាតិ ឬ ថ្នាក់ខេត្ត និងស្នើឲ្យមានការចូលរួមសហការពីអាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបរិស្ថានក្នុងតំបន់នេះ ប៉ុន្តែ វាគ្មានការផ្ដល់ដំណឹងជាមុនអំពីករណីនេះទេ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគិតថា ពួកគេកាប់ទន្ទ្រានដីព្រៃក្នុងតំបន់នេះ ក្នុងគោលបំណងដើម្បីចាប់យកដីទុកលក់ឲ្យក្រុមឈ្មួញជួញដូរដីធ្លី ព្រោះបច្ចុប្បន្ន មានពាក្យចចាមអារ៉ាមលេចឮពេញក្នុងភូមិឃុំយើងខ្ញុំថា មានក្រុមចិនមួយ គេចាំទទួលទិញដីដែលកាប់ឆ្ការហើយ»។
លោកព្រឿង បានបន្តថា ករណីនេះ បានស្ងប់ស្ងាត់ទៅវិញហើយ។ លោក កត់ បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បានចេញលិខិតមួយច្បាប់ជម្រាបជូនដំណឹងដល់សាមីអង្គភាពយោធាវរៈការពារព្រំដែនលេខ ៥០២ នោះស្ដីពីការហាមឃាត់និងទប់ស្កាត់ជាការកាប់បំផ្លាញព្រៃឈើ។
លោក ហុក ហ៊ុនហ៊ត មេបញ្ជាការយោធាវរៈការពារព្រំដែនលេខ ៥០២ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា មិនទាន់ទទួលបានចំណារឯកភាពពីក្រសួងការពារជាតិ ស្ដីពីការសាងសង់បន្ទាយទ័ព ឬ ស្នាក់ការសម្រាប់កងល្បាតទេ៕