ភ្នំពេញៈ ប្រធានគណបក្ស ២ ដែលមានសមាសភាពនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានកំពុងចោទប្រកាន់គ្នាទៅវិញទៅមកលើបញ្ហាលក់ដីទំហំប្រមាណ ២០ ហិកតា ចំនួន ៣ កន្លែង ស្ថិតនៅឃុំនិមិត្ត ឃុំប៉ោយប៉ែត និងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយគណបក្សម្ខាងចោទថា មានភាពមិនប្រក្រតីនៅក្នុងនៅក្នុងការលក់ដូរ។
ភាគីដែលចោទប្រកាន់គ្នាទៅវិញទៅមកក្នុងវិវាទដីធ្លីនោះគឺលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក។
លោក ញឹក ប៊ុនឆៃ មានសមាសភាពជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានច្រានចោលការចោទប្រកាន់ក្រោយពីលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានចុះហត្ថលេខាកាលពីថ្ងៃទី ២៥ មិថុនា ប្រគល់ភារកិច្ចឲ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីធ្វើការ ពិនិត្យដោះស្រាយករណីប្រជាពលរដ្ឋប្ដឹងលោក ញឹក ប៊ុនឆៃ តាមរយៈលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ពាក់ព័ន្ធភាពមិនប្រក្រតីនៃការលក់ដី ៣ កន្លែង របស់ក្រុមហ៊ុន ASK & KH Group ដែលម្ចាស់ក្រុមហ៊ុននេះឈ្មោះលោក លី សាយឃាង។
លោក ហ៊ីង ថូរ៉ាក់ស៊ី បានឲ្យដឹងនៅក្នុងលិខិតរបស់លោកថា៖ «ពាក់ព័ន្ធភាពមិនប្រក្រតីនៃការលក់ដី ៣ កន្លែង នៅឃុំនិមិត្ត ឃុំប៉ោយប៉ែត និងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែលបានលើកឡើង របស់ប្រធាន គណបក្សខ្មែរក្រោក រាជរដ្ឋាភិបាលឯកភាពប្រគល់ជូនអាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លីដោះស្រាយ»។
លោក ញឹក ប៊ុនឆៃ បានអះអាងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ៣ ខែ កក្កដា បានច្រានចោលការចោទប្រកាន់របស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលបានចោទប្រកាន់មកលើរូបលោកថា លក់ដីចំនួន ៣ កន្លែងស្ថិតនៅឃុំនិមិត្ត ឃុំប៉ោយប៉ែត និងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យមានភាពមិនប្រក្រតីដោយចាត់ទុកថាជារឿងប្រឌិត។
លោក ប៊ុនឆៃ បានអះអាងនៅក្នុងលិខិតបំភ្លឺរបស់លោកថា៖ «លោក លី សាយឃាង បានតែងតាំងលោក តាំង សុខឃី ជាតំណាងក្រុមហ៊ុនថ្មីដែលមានការជួយជ្រោមជ្រែងពីលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង (ហៅវីលៀម) ប្រធានគណបក្សខ្មែរក្រោកផង ដើម្បីលក់ដីនេះចែកផលប្រយោជន៍គ្នា ដែលធ្វើឱ្យបញ្ហាជម្លោះដីធ្លីនេះ ដែលត្រូវបានបញ្ចប់ទៅហើយ ត្រឡប់មកមានបញ្ហាដដែល ធ្វើឲ្យមានបញ្ហាអសន្តិសុខសង្គម មិនអាចធ្វើការអភិវឌ្ឍនៅតំបន់នេះបាន»។
លោកញឹក ប៊ុនឆៃ បានឲ្យដឹងទៀតថា លោក តាំង សុខឃី ដែលជាឈ្មួញមករកទិញដី បានសហការជាមួយលោក លី សាយឃាង ទាត់ចោលឈប់ទទួលស្គាល់កិច្ចសន្យាប្រគល់សិទ្ធិលក់ទិញអចលនវត្ថុ (ដី) ចុះថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៨ មិនទទួលស្គាល់លោកម៉ន ម៉ារ៉ាឌី លោក សូ មឿត ដែលជាតំណាងក្រុមហ៊ុន និងលោក ញឹក ប៊ុនឆៃ ជាប្រធានគណៈកម្មការដោះស្រាយទំនាស់ និងលក់ដីក្រុមហ៊ុន មិនទទួលស្គាល់កិច្ចសន្យាទិញលក់ដីរវាងលោក លី សាយឃាង និងឈ្មួញអ្នកទិញ ថែមទាំងមិនទទួលស្គាល់ប្រាក់កក់ថ្លៃដីដែលបានទទួលរួចហើយកន្លងមក។
លោក ប៊ុនឆៃ ថ្លែងថា៖ «យើងខ្ញុំមានឯកសារគ្រប់គ្រាន់ ហើយសង្ឃឹមថា យើងខ្ញុំនឹង ទទួលបានយុត្តិធម៌ នៅពេល អាជ្ញាធរដោះស្រាយទំនាស់ដីធ្លី នៅពេលដែលមានការកោះប្រជុំនៅពេលឆាប់ៗនេះ»។
លោក ប៊ុនឆៃ អះអាងបន្តថា៖ «លោក លី សាយឃាង បានលក់ដីកំពុងមានរឿងឲ្យមករូបខ្ញុំ (ញឹក ប៊ុនឆៃ) តាមកិច្ចសន្យាប្រគល់សិទ្ធិលក់ ទិញអចលនវត្ថុ (ដី) ចុះថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៨។ ដោយមានការសហការល្អពីអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំងប្រជាជនផង ទំនាស់ដីធ្លីដ៏ស្មុគស្មាញអស់រយៈពេល ១៤ ឆ្នាំ មកហើយត្រូវបានបញ្ចប់ តាមកិច្ចព្រមព្រាងស្ដីពីការបញ្ចប់ជម្លោះដីធ្លីចុះថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨»។
ទោះយ៉ាងណាក៏ដោយលោក សុខសុវណ្ណ វឌ្ឈនាសាប៊ុង ក៏បានច្រានចោលការចោទប្រកាន់របស់លោក ញឹក ប៊ុនឆៃថា ជាចេតនាទុច្ចរិត។
លោក សាប៊ុង ថ្លែងថា៖ «យើងមិនបានធ្វើការដោះស្រាយទេ យើងគ្រាន់តែមានតួនាទី ទៅប្រមូល តម្រុយ និងភ័ស្តុតាង យកមកជូនសម្តេចតេជោ យើងមិនបានទៅឃុបឃិតទេ ហើយយើងក៏មិនអាចទទួលយកបានទេ។ ខ្ញុំនឹងធ្វើបណ្តឹងព្រហ្មទណ្ឌប្រសិនបើលោក ញឹក ប៊ុនឆៃ មិនព្រមធ្វើការសុំទោសជាសាធារណៈនោះទេ»។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបានថ្លែងប្រាប់ការសែតភ្នំពេញប៉ុស្តិ៍ថា លោកមិនអាចផ្តល់បទសម្ភាសបានទេដោយសារតែលោក បាននិងកំពុងជាប់រវល់នៅក្នុងកិច្ចប្រជុំ។
ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញក៏ពុំអាចទាក់ទងសុំការបញ្ជាក់ពីលោក ញឹក ប៊ុនឆៃ បានដែរ៕