ខេត្តព្រះសីហនុ​: ប្រជាពលរដ្ឋ​ប្រមាណ​ ៤០០ ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​សុក្រ​ចុងសប្ដាហ៍​មុន​តវ៉ា​ដោយ​ទាមទារ​ឲ្យ​សាលាដំបូង​ខេត្ត​ទម្លាក់​បទ​ចោទ​ និង​ដោះលែង​មនុស្ស​ ៤ ​នាក់​ដែល​បាន​ជាប់ឃុំ​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា​ម្នាក់​កាលពី​ចុង​ឆ្នាំ​ ២០១៧ ព្រមទាំង​ទាមទារ​យក​ដី​ទំហំ​ ៨៤ ​ហិកតា​ពី​ឧកញ៉ា​មក​វិញ​។

ការផ្ទុះ​ការតវ៉ា​បាន​កើតឡើង​ក្រោយ​ពី​ពលរដ្ឋ​ទាំង​នោះ​បាន​ទទួល​ដំណឹង​ពី​សាលាដំបូង​ខេត្ត​គ្រោង​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​ប្រជាពលរដ្ឋ​ចំនួន ៤ ​នាក់​រួមមាន អ្នកស្រី ឡុច ទូច តំណាង​សហគមន៍ លោក ម៉ែន ខេន លោក ញាញ់ ជាតិ និង​លោក កៅ ហេង រស់នៅ​ភូមិ​អូរខ្សាច់ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ចាប់​តាំងពី​ថ្ងៃទី​ ៦ ខែ​ឧសភា​ត្រូវ​ចោទ​ពី​បទ​ «​កាន់កាប់​ទន្ទ្រាន​ដី​អ្នកដទៃ និង​ប្រើ​ហិង្សា​ដោយ​ចេតនា​» បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​ឧកញ៉ា តាន់ តាប់ ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជាន់​លើ​ដី​របស់​ពួកគាត់​។

លោក យឹម ប៉ុណ្ណារ៉េត អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ការសម្រេចចិត្ត​គឺ​ស្ថិត​នៅ​លើ​ចៅក្រម​។

លោក ប៉ុណ្ណារ៉េត ថ្លែង​ថា​៖ «​ខ្ញុំ​គ្មាន​តួនាទី​អ្វី​សម្រេច​នោះ​ទេ​គឺ​ស្ថិត​នៅ​លើ​ចៅក្រម​ជា​អ្នក​សម្រេច​។ ការ​ដែល​ក្រុម​ពលរដ្ឋ​មក​តវ៉ា​បែប​នេះ​វា​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​អ្នក​ជាប់​ឃុំ​នោះ​ទេ ដោយ​ថា​ការធ្វើ​នេះ​គឺ​ខុស​នីតិវិធី​ច្បាប់​ «​ពួកគាត់​ត្រូវ​ដាក់​ពាក្យ​ប្តឹង​សុំ​នៅ​ក្រៅ​ឃុំ​ទៅ​គេ​ឲ្យ​មិន​ឲ្យ​យ៉ាង​ម៉េច​? យើង​ដាក់​ទៅ​សាលាឧទ្ធរណ៍​ទៀត​ទៅ ហើយ​បើ​យើង​មក​ឈរ​តវ៉ា​អ៊ីចឹង​ដោះស្រាយ​ម៉េច​កើត?»​។

លោក យូ វាសនា តំណាង​សហគមន៍​អូរខ្សាច់​ជាង ៤០០ ​នាក់​នោះ​បាន​ឲ្យ​ដឹង​ថា​៖ «​ពួកខ្ញុំ​ចង់​ឲ្យ​តុលាការ​បញ្ឈប់​ការ​ចោទប្រកាន់​ដល់​អ្នក​ទាំង ៤ នាក់​នេះ ព្រោះ​ពួកយើង​មើល​ឃើញ​ថា​ការឃុំ​ខ្លួន​របស់​តុលាការ​ហ្នឹង​មាន​ភាព​អយុត្តិធម៌ ដោយ​មិន​បាន​មើល​ទៅ​លើ​ឯកសារ​របស់​ក្រសួង​កសិកម្ម​ដែល​ចេញ​មក​ថា ដី​នោះ​ស្ថិត​ក្នុង​តំបន់​គម្រប​ព្រៃឈើ​ការពារ ប៉ុន្ដែ​ត្រូវ​បាន​​អាជ្ញាធរ​កាត់​ឲ្យ​ពលរដ្ឋ​។ មិន​យូរ​ប៉ុន្មាន​បុគ្គល​មាន​អំណាច​ហ្នឹង​បែរ​ជា​មាន​ប័ណ្ណកម្មសិទ្ធិ​ដែរ ហើយ​បាន​មក​ចាប់​ពលរដ្ឋ​ចំនួន​ ៤ ​នាក់​ដាក់​ឃុំ​រយៈពេល​ជាង​ ៤ ​ខែ​ទៀត តើ​ឲ្យ​ពួកខ្ញុំ​ធ្វើ​យ៉ាង​ណា​ទៅ​វិញ​?»​។

លោក ថេង សាវឿន អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) បាន​ថ្លែង​ថា​ការឃុំ​ខ្លួន​ពលរដ្ឋ​ទាំង​អយុត្តិធម៌​តាម​បណ្ដឹង​របស់​ឧកញ៉ា​នេះ​គឺជា​ការ​លម្អៀង​របស់​តុលាការ​ដោយ​មិន​បាន​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​តាម​អង្គហេតុ​នីមួយៗ​អំពី​ប្រវត្តិ​ដី​នៅ​តំបន់​នោះ​ឲ្យ​បាន​ច្បាស់លាស់​។

លោក​ថ្លែង​ថា​៖ «​ក្នុង​អំឡុងពេល​តវ៉ា​ហ្នឹង​មន្ត្រី​តុលាការ​ហៅ​ពលរដ្ឋ​ទៅ​សួរ​នាំ ហើយ​ប្រាប់​ពួកគាត់​វិញ​ថា​មិន​អាច​ដោះលែង​បាន​ទេ ឆាប់​ទៅ​រក​ឯកសារ​បន្ថែម​មក​ដោះ​បន្ទុក​។ ប៉ុន្ដែ​សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា​បើ​ចង់​បាន​ឯកសារ​បន្ថែម​ត្រូវ​តែ​ដោះលែង​ពួកគាត់​សិន ដើម្បី​ឲ្យ​ពួកគាត់​មាន​សិទ្ធិ​ប្រមូល​ឯកសារ និង​អាច​តតាំង​ក្ដី​ជាមួយ​ឧកញ៉ា ហើយ​បើ​នៅ​ឃុំ​ខ្លួន​គាត់​អ៊ីចឹង តើ​ឲ្យ​គាត់​តតាំង​ក្ដី​ជាមួយ​ឧកញ៉ា​យ៉ាង​ម៉េច​កើត?»​។

លោក កែ ប៊ុនធឿន មេធាវី​ការពារ​ក្តី​ធ្លាប់​អះអាង​ថា​បើ​តាម​ការស្រាវជ្រាវ និង​ភ័ស្ភុតាង​ដែល​ផ្អែក​តាម​នីតិវិធី​ច្បាប់​គឺ​កូនក្តី​របស់​លោក​មិន​ត្រូវ​ឃុំឃាំង​នោះ​ទេ​។

ក្នុង​សំណុំ​រឿង​ជម្លោះ​ដីធ្លី​នោះ​គឺ​ស្ថិត​ក្នុង​តំបន់​គម្រប​ព្រៃឈើ​ដែល​តាម​ផ្លូវច្បាប់​មិន​អាច​ភាគី​ណា​មាន​សិទ្ធិ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​បាន​ឡើយ ប៉ុន្តែ​សម្រាប់​ភាគី​ដើមបណ្តឹង​បែរ​ជា​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដែល​ត្រូវ​មាន​ទោស បើ​ផ្អែក​លើ​មាត្រា​ ២៥៩ នៃ​ច្បាប់​ភូមិបាល​។

កាលពី​ខែ​កក្កដា​ សាលាឧទ្ធរណ៍​ម្តង​រួច​មក​ហើយ បន្ទាប់ពី​តុលាការ​មួយ​នេះ​ប្រកាស​សាលដីកា​លើ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​តំណាង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ ៤ ​នាក់​ដោយ​សម្រេច​បន្ត​ឃុំ​ខ្លួន​តំណាងពលរដ្ឋ​ទាំង​នោះ​ទៀត​ក្រោម​ហេតុផល​ថា ពួកគាត់​គ្មាន​ទីលំនៅ​ច្បាស់លាស់ និង​ថា​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​មិន​ទាន់​បិទ​ការ​ស៊ើបសួរ​នៅ​ឡើយ​៕