កណ្ដាលៈ ពលរដ្ឋប្រមាណ ១ ពាន់នាក់កាលពីម្សិលមិញបាននាំគ្នាបិទផ្លូវជាតិលេខ ២ ដើម្បីតវ៉ាឲ្យអាជ្ញាធរខេត្តកណ្តាលដោះស្រាយគោលនយោបាយក្នុងម្នាក់ ២៥០ ដុល្លារ ខណៈអាជ្ញាធរព្រមឲ្យក្នុងម្នាក់ត្រឹម ១០០ ដុល្លារពាក់ព័ន្ធនឹងករណីចោទអតីតមេឃុំបឹងខ្យាង ក្នុងស្រុកកណ្តាលស្ទឹង ថាបានលក់ដីរួមទំហំ ២៤៥ ហិកតាឲ្យក្រុមហ៊ុន ហេងអភិវឌ្ឍន៍។
លោក ស៊ុន ខេមរា ដែលអះអាងថាជាតំណាងឲ្យពលរដ្ឋទាំងអស់នោះបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ការតវ៉ាបិទផ្លូវនេះដោយសារពលរដ្ឋមិនសុខចិត្តនឹងការផ្តល់គោលនយោបាយរបស់អាជ្ញាធរខេត្តកណ្តាលដែលព្រមផ្ដល់ក្នុងម្នាក់ៗតែ ១០០ ដុល្លារ ខណៈពលរដ្ឋទាមទារក្នុងម្នាក់ៗ ២៥០ ដុល្លារ ។
លោកបានបន្តថាការតវ៉ានេះផ្តើមចេញពីអតីតមេឃុំបឹងខ្យាងឈ្មោះ គង់ នៅ បានលួចដីរួមទំហំ ២៤៥ ហិកតាក្នុងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹងលក់ឲ្យទៅក្រុមហ៊ុនហេងអភិវឌ្ឍន៍តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។
ប៉ុន្តែបន្ទាប់ពីពលរដ្ឋដឹងក៏នាំគ្នាទាមទារដីពីក្រុមហ៊ុននោះមកវិញដោយមានការប្រជុំជាមួយអាជ្ញាធរ ឃុំ-ស្រុក និងខេត្តកណ្តាលជាច្រើនដង តែមិនមានដំណោះស្រាយសមរម្យទេ។
លោកប្រាប់ថាទំនាស់ដីនេះមានពាក់ព័ន្ធ ឃុំអំពិលព្រៃ និងឃុំបឹងខ្យាង ក្នុងស្រុកកណ្តាលស្ទឹងដែលមានពលរដ្ឋពាក់ព័ន្ធចំនួន ១៩៦៩ នាក់ តែពលរដ្ឋក្នុងឃុំអំពិលព្រៃបានព្រមទទួលយកគោលនយោបាយជាប្រាក់ក្នុងម្នាក់ៗ ១០០ ដុល្លារពីអាជ្ញាធរខេត្ត ប៉ុន្តែពលរដ្ឋក្នុងឃុំបឹងខ្យាង មិនព្រមទទួលទេដោយទាមទារក្នុងម្នាក់ៗ ២៥០ ដុល្លារ។
បើតាមលោក មករា គឺមានលក្ខខណ្ឌ ៤ ចំណុចដែលពលរដ្ឋទាមទារគឺទី ១ ស្នើដកកម្លាំងនគរបានចេញពីសាលាឃុំ,ទី ២ ស្នើសុំឲ្យតំណាងអាជ្ញាធរខេត្តជួយនាំសំណើរបស់អ្នកតវ៉ាទៅសាលាខេត្តកណ្តាល,ទី ៣ ស្នើសុំអាជ្ញាធរខេត្តកណ្តាលឈប់ដើរគំរាមកំហែងពលរដ្ឋក្នុងភូមិនិង ទី ៤ ស្នើសុំឲ្យអាជ្ញាធរខេត្តកណ្តាលជួយពាំនាំរឿងទំនាស់ដីនេះទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដូច្នេះពួកគាត់នឹងរង់ចាំទទួលយកចម្លើយនេះ។
លោកបញ្ជាក់ថា៖ «ពួកខ្ញុំតវ៉ានេះដោយសារនៅពាក់កណ្តាលខែធ្នូចុងឆ្នាំ ២០១៨ ខាងអាជ្ញាធរខេត្តបានសន្យាឲ្យពួកខ្ញុំដើររកក្រុមហ៊ុនណាដែលមានលទ្ធភាពទិញដីទាំង ២៤៥ ហិកតានោះ ហើយហ៊ានផ្តល់ប្រាក់ឲ្យក្នុងម្នាក់ ២៥០ ដុល្លារលើសក្រុមហ៊ុនហេងអភិវឌ្ឍន៍ហើយពេលខាងខ្ញុំរកបានក្រុមហ៊ុនមួយឈ្មោះ បុរីមរកត បែរជាខាងអាជ្ញាធរមិនព្រមទៅវិញដោយបានបំពានលើកិច្ចព្រមព្រៀងនោះ ហើយនៅតែបន្តផ្តល់ប្រាក់គោលនយោបាយម្នាក់ៗត្រឹម ១០០ ដុល្លារដដែល។ អាជ្ញាធរខេត្តបានហៅពលរដ្ឋប្រគល់លុយ ១០០ ដុល្លារហើយឲ្យផ្តិតមេដៃដើម្បីយកស្នាមមេដៃនោះទៅឲ្យម្ចាស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដើម្បីធ្វើប្លង់កាន់កាប់ដីនោះ»។
លោក ស៊ុន មករា បន្ថែមថាដីទំហំ ២៤៥ ហិកតាដែលថាជារបស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍នោះគឺមិនអាចទៅរួចទេ ព្រោះដីនោះ ខាងក្រុមហ៊ុនហេងអភិវឌ្ឍន៍មិនទាន់មានប្លង់កាន់កាប់ទេ។ ហេតុដូច្នេះពួកគាត់ជាពលរដ្ឋនៅតែជាម្ចាស់កម្មសិទ្ធិកាន់កាប់ដីរួមនោះដដែល ហើយពួកគាត់មានសិទ្ធិលក់ដីនោះទៅឲ្យក្រុមហ៊ុនណាក៏បាន ប៉ុន្តែរហូតមកទល់ពេលនេះពួកគាត់រកបានក្រុមហ៊ុនថ្មី ហើយឈ្មោះ បុរីមរកត។
ទោះយ៉ាងណាលោក គង់ សុភ័ណ្ឌ អភិបាលរងខេត្តកណ្តាលបានប្រាប់កាលពីម្សិលមិញថាករណីនេះខាងអាជ្ញាធរខេត្តបានបន្តផ្ដល់ប្រាក់គោលនយោបាយក្នុងម្នាក់ៗ ១០០ ដុល្លារ ហើយរហូតមកទល់ពេលនេះមានពលរដ្ឋជិត ៣ ពាន់នាក់ព្រមទទួលយកក្នុងចំណោមពលរដ្ឋសរុបជាង ៨៤០០ នាក់។
លោកបានបញ្ជាក់ថាដំណោះស្រាយរបស់អាជ្ញាធរខេត្តគឺអនុវត្តតាមគោលការណ៍ព្រមព្រៀងរវាងពលរដ្ឋជាមួយអាជ្ញាធរខេត្តកាលពីថ្ងៃទី ២០ ខែធ្នូ ចុងឆ្នាំនេះ។
លោកបញ្ជាក់បន្ថែមថា៖ «មានបងប្អូនតែមួយចំនួនតូចទេក្នុងចំណោមប្រជាជនទាំងអស់ដែលមកតវ៉ាព្រោះពួកគាត់ថា មានក្រុមហ៊ុនមួយឲ្យពួកគាត់ក្នុងម្នាក់ ២៥០ ដុល្លារ ហើយសន្យាឲ្យលុយនៅថ្ងៃទី ១ មករា ប៉ុន្តែមកទល់ថ្ងៃទី ១ មករានេះគឺអត់មានទេ។ ចំពោះការតវ៉ាជារឿងរបស់ពួកគាត់ តែពួកគាត់មិនត្រូវតវ៉ាទេព្រោះមានការឯកភាពគ្នាហើយបើពួកគាត់មកតវ៉ាបិទផ្លូវសាធារណៈបង្កការអុកឡុកផ្សេងៗស្រេចតែពួកគាត់។ ប៉ុន្តែយើងជាអាជ្ញាធរត្រូវស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីភាពស្រុះស្រួលគ្នា»។
ពាក់ព័ន្ធនឹងបញ្ហានេះ ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងក្រុមហ៊ុនហេងអភិវឌ្ឍន៍បានទេកាលពីម្សិលមិញ រីឯតំណាងក្រុមហ៊ុនបុរីមរកតមិនមានអ្នកលើកទូរស័ព្ទ។ ចំណែកអតីតមេឃុំបឹងខ្យាង គង់ នៅ ក៏មិនអាចសុំការបំភ្លឺបានដែរ ខណៈមេឃុំខ្យាងថ្មីលោក ណៃចានីឌី បានថ្លែងថាលោកដឹងរឿងមិនច្បាស់និងថាហួសពីសមត្ថកិច្ចរបស់លោក៕