មណ្ឌលគិរី​: ប្រជាសហគមន៍​ស្រែ​ពក​ជាង​ ១០០ ​គ្រួសារ​នៅ​ភូមិ​ពូតាង ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា បាន​ចោទ​ក្រុមហ៊ុន ហ៊ាងលី ថា​នៅ​តែ​បន្ត​ឈូសឆាយ​ដីព្រៃ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ស្រែ​ពក​ហើយ​បាន​ស្នើឲ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់ ប៉ុន្ដែ​មន្ត្រី​ថា​ក្រុមហ៊ុន​បាន​បញ្ឈប់​សកម្មភាព​តាម​កិច្ចសន្យា​ហើយ​។

តំណាង​សហគមន៍​ការពារ​តំបន់​ធម្មជាតិ​ពូជ្រៃ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន ហ៊ាង លី បាន​ឈូសឆាយ​រំលើង​គល់​ព្រៃឈើ​សហគមន៍​ក្នុង​ទីតាំង​ខាង​លើ​ធ្វើ​ឱ្យ​ខូចខាត​ព្រៃឈើ​ ១០៦៣ ​ដើម និង​ផ្ទៃដី​ ១៥x១៥០០ ​ម៉ែត្រ​។ សកម្មភាព​នេះ​ពុំ​មាន​ការអនុញ្ញាត​ទេ​ហើយ​ថែម​ទាំង​បាន​រំលោភសិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ទៀត​ផង​។

លោក​ថា​៖ «​ក្រុមហ៊ុន​ហ្នឹង​បាន​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​ខុស​ច្បាប់ ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទេ ប៉ុន្ដែ​សម្រាប់​តំបន់​នេះ​គឺ​មាន​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។ យើង​ឃើញ​ថា​នៅ​ពេល​អាជ្ញាធរ​ចុះ​ទៅ ពួកគាត់​ក៏​ផ្អាក​សកម្មភាព តែ​ពេល​មន្ត្រី​ទៅ​វិញ​អស់​ក៏​ចាប់ផ្ដើម​បន្ត​ទៀត ខ្ញុំ​ថា បើ​គ្មាន​វិធានការ​ក្ដៅ​ទេ គឺ​វា​នៅ​តែ​អ៊ីចឹង​»​។

តាម​ពាក្យ​បណ្តឹង​របស់​សហគមន៍​តំបន់​នោះ​ទៅ​អភិបាល​ខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃទី​ ២៩ ខែ​មិថុនា​ឆ្នាំ​នេះ​បាន​បង្ហាញ​ថា ក្រុមហ៊ុន ហ៊ាង លី បាន​យក​អេស្កាវ៉ាទ័រ​ ១ ​គ្រឿង​ឈូសឆាយ​ដី​ព្រៃ​សហគមន៍​ចាប់​តាំងពី​មុន​បោះឆ្នោត​ដែល​មាន​ឈ្មោះ ឆៃ លី ជា​អ្នក​បញ្ជា ហើយ​បាន​ឈូសឆាយ​ដី​ទំហំ ១៥x១៥០០ ម៉ែត្រ​នៅ​ចំណុច​កិនថ្ម នៅ​ភូមិ​ពូតាង ឃុំ​ពូជ្រៃ​ ស្រុក​ពេជ្រាដា ដោយ​មាន​ទាំង​ការសាងសង់​ស្នាក់ការ និង​ឃ្លាំង​ដាក់​គ្រឿងចក្រ​ទីនោះ​ផង​ដែរ​។​

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្តឹង​នេះ​លោក​បាន​ចុះ​ទៅ​ឃាត់​ក្រុមហ៊ុន​ និង​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​លិខិត​អនុញ្ញាត​ផ្លូវការ​សិន​។

លោក​បន្ត​ថា​ដី​ដែល​ក្រុមហ៊ុន​កំពុង​ឈូសឆាយ​នោះ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមហ៊ុន​ទេ ដោយ​ក្រុមហ៊ុន​គ្រាន់​តែ​ឈូស​ដីព្រៃ​ធ្វើ​ផ្លូវ​ចូល​ក្នុង​ទីតាំង​រោងចក្រ​កិន​ថ្ម​ប៉ុណ្ណោះ​។

លោក​ថា​៖ «​ក្រុមហ៊ុន​អត់​មាន​សកម្មភាព​អ្វី​ទៀត​ទេ គេ​ធ្វើ​នៅ​កន្លែង​ចាស់​ហើយ​ដូចជា​អត់​មាន​ឈូស​ចូលក្នុង​ដីព្រៃ​សហគមន៍​ទេ​»​។

លោក​បន្ថែម​ថា​ករណី​នេះ​ក្រសួង​បរិស្ថាន​ធ្លាប់​បាន​ចុះ​ពិនិត្យ​មើល​ ២ ​លើក​ហើយ ដោយ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ណែនាំ​ក្រុមហ៊ុន​កុំ​ឲ្យ​ឈូសឆាយ​ក្រៅ​​ពី​រង្វង់​ដី​ដែល​ខ្លួន​ទទួល​បាន ហើយ​មាន​ការ​សម្រប​សម្រួល​​រវាង​ក្រុមហ៊ុន​ជាមួយ​នឹង​ខាង​សហគមន៍ ប៉ុន្តែ​ភាគី​សហគមន៍​ទាមទារ​សំណង តែ​លោក​មិន​ទាន់​ដឹងថា ការសម្របសម្រួល​នេះ​ដល់​ណា​ហើយ​ទេ​។

លោក អៀង ម៉េងលី មន្ត្រី​សម្របសម្រួល​អង្គការ ADHOC ប្រចាំ​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​ទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​អត់​ដឹង​ផង ព្រោះ​រវល់​ការងារ​នៅ​តាម​តំបន់​ស្រុក​ផ្សេង​ទៀត ចាំ​មើល​ខ្ញុំ​ស៊ើបអង្កេត​សិន​»​។

ចំណែក​តំណាង​ក្រុមហ៊ុន ហ៊ាង លី ដែល​រង​ការ​ចោទប្រកាន់​ពី​ប្រជាសហគមន៍​ក៏​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បាន​ដែរ​កាលពី​ម្សិលមិញ​៕