ព្រះវិហារៈ ពលរដ្ឋដែលអះអាងថា មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាពក្នុងខេត្តព្រះវិហារបានឡើងមករាជធានីភ្នំពេញដើម្បីសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីឲ្យជួយដោះស្រាយបញ្ហាដីធ្លី និងសុំឲ្យដោះលែងពួកគាត់ ១៣ នាក់ បន្ទាប់ពីសាលាដំបូងខេត្តនេះឃាត់ខ្លួនដោយចោទថាបានទន្ទ្រានដីព្រៃរបស់រដ្ឋ។
តំណាងពលរដ្ឋ លោក ឡាយ លីហ៊ួរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា ពួកគាត់ជាង ១០០ នាក់បានឡើងមកដល់ភ្នំពេញដើម្បីស្វែងរកការអន្តរាគមន៍ក្រោយមានការចាប់ខ្លួនក្រុមគ្រួសារគាត់ ខណៈអ្នកផ្សេងទៀតក៏ប្រឈមនឹងការចាប់ខ្លួនដែ។
លោកបញ្ជាក់ថា៖ «ជួយអន្តរាគមន៍ឲ្យគាត់ជួយដោះលែងគ្នាខ្ញុំទាំង ១៣ នាក់ និងការចោទប្រកាន់របស់តុលាការខេត្តព្រះវិហារ និងដីកាកោះហៅ ២៥ នាក់ ហើយជួយដោះស្រាយឲ្យពួកខ្ញុំមានដីធ្លីរស់នៅតំបន់មានជម្លោះហ្នឹង»។
តំណាងពលរដ្ឋរូបនេះ បន្តថាពួកគេនឹងប្រមូលស្នាមមេដៃនិងដាក់លិខិតសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីនៅថ្ងៃព្រហស្បតិ៍នេះ។
ការឡើងមកសុំអន្តរាគមន៍របស់ពលរដ្ឋដល់រាជធានីភ្នំពេញនេះ បន្ទាប់ពីមានការចាប់ខ្លួនពួកគាត់ចំនួន ១៣ នាក់ ជាបន្តបន្ទាប់តាំងពីថ្ងៃទី ១៩ មករា មក ដែលពលរដ្ឋបានអះអាងថា ពួកគេជាង ៣០០ គ្រួសារ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីនៅទីតាំងជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារហើយក៏ត្រូវបានទាហានម្នាក់មានឈ្មោះ រីម ខេន ហៅលុយ សម្បត្តិ ជាអ្នកការពារដីក្រុមហ៊ុននេះចាប់ពួកគេ តែក្រោយមកបែរជាមានការចោទប្រកាន់ពីតុលាការទៅវិញ។
នេះបើតាមការអះអាងពីលោក ឡាយ លីហ៊ួរ។ភ្នំពេញប៉ុស្តិ៍ មិនអាចសុំការអត្ថាធិប្បាយពីលោក រីម ខេន ហៅ លុយ សម្បត្តិ ជុំវិញការចោទប្រកាន់នេះបានទេ។
យ៉ាងណាក្ដី លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការចាប់ខ្លួនពួកគេទាំង ១៣ នាក់នោះគឺជាប់ពាក់ព័ន្ធនឹងករណីទន្ទ្រានដីព្រៃរបស់រដ្ឋ និងដីក្រុមហ៊ុនមេត្រីភាព។ លោកបន្តថា ពួកគេកំពុងស្ថិតក្នុងការឃុំខ្លួនបណ្ណោះអាសន្ននៅពន្ធនាគារខេត្ត។
លោកបញ្ជាក់ថា៖ «ការចាប់ខ្លួនពួកគាត់ គឺបទល្មើសជាក់ស្តែងដែលបានកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ និងពាក់ព័ន្ធដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច»។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ មិនបានអត្ថាធិប្បាយលម្អិតអំពីករណីនេះទេ ដោយគ្រាន់តែអះអាងយ៉ាងខ្លីថា ការចាប់ខ្លួននេះគឺស្ថិតក្នុងបទល្មើសដដែល [ទន្ទ្រានដីរដ្ឋ] ហើយក៏បានបិទទូរស័ព្ទ។ ប៉ុន្តែកាលពីថ្ងៃទី ២២ មករា លោកធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការចាប់ខ្លួននេះគឺដោយសារពួកគេមកកាប់ទន្ទ្រានដីអភិរក្ស។
លោកថា៖ «តុលាការត្រូវតែចាប់ខ្លួនពួកគេ ព្រោះជាបទល្មើសជាក់ស្តែង ហើយបទល្មើសដែលចោទប្រកាន់ពួកគេនោះពីជាបទល្មើសព្រៃឈើ»។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តបានប្រាប់ដែរថា ជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនមេត្រីភាពនេះគឺបានកើតឡើងជាយូរមកហើយ ក្នុងនោះអាជ្ញាធរស្រុក ធ្លាប់បានចុះធ្វើរបាយការណ៍ និងស្រង់ស្ថិតិពលរដ្ឋទាំងនោះ តែមិនទាន់បានបញ្ចប់របាយការណ៍ផង ក៏មានការចាប់ខ្លួន។ដូច្នេះករណីនេះហួសដែនសមត្ថកិច្ចរបស់លោកហើយ។
លោកបានបញ្ជាក់ថា៖ «ក្នុងឆ្នាំ ២០១៧ ពលរដ្ឋជាង ២៨០ គ្រួសារដែលគាត់មានផលប៉ះពាល់ជាមួយក្រុមហ៊ុនមេត្រីភាពបានដាក់ពាក្យបណ្តឹងមកស្រុក។ ក្នុងនាមអាជ្ញាធរ យើងចុះទៅសិក្សាផលប៉ះពាល់ជាក់ស្តែងដោយបានស្រង់ស្ថិតិបាន ៦០ ទៅ ៧០ គ្រួសារ។ យើងធ្វើការបូកសរុបអត់ទាន់បានព្រោះពេលខ្លះទៅគាត់ចង្អុលព្រៃថាជាដីរបស់គាត់ ពេលខ្លះយើងឃើញភោគផលមានពិតប្រាកដ ដូចជាដាំពោតដាំអី។ប៉ុន្តែការសិក្សារបស់អាជ្ញាធរស្រុកមិនទាន់រួចរាល់ជាស្ថាពរទេ ដល់ពេលខាងក្រុមហ៊ុនគេមានអំណាចតុលាការទៅអនុវត្តដីកាចាប់ខ្លួនចាប់អី អ៊ឹចឹងមានតែធ្វើរបាយការណ៍ជូនអភិបាលខេត្ត»។
ទោះជាយ៉ាងណា អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ពលរដ្ឋទាំងនោះមិនពាក់ព័ន្ធនឹងក្រុមហ៊ុនមេត្រីភាពទេព្រោះក្រុមហ៊ុនបានដោះស្រាយនិងផ្តល់សំណងរួចអស់ហើយ។ ចំណែកពលរដ្ឋជាង ៣០០ គ្រួសារ និងអ្នកដែលត្រូវបានចាប់ខ្លួន ១៣ នេះគឺជាអ្នកទើបមករុករានដីព្រៃរបស់រដ្ឋថ្មី។
លោកបន្តថា៖ «ទុកឲ្យស្ថាប័នតុលាការអនុវត្តតាមនីតិវិធីផ្លូវច្បាប់ចុះករណីហ្នឹងគាត់ចូលទៅទន្ទ្រានកាន់កាប់ដីព្រៃអភិរក្សជាង ១ ពាន់ហិកតា។គាត់កាប់បំផ្លាញអស់ហើយ គាត់ចូលកាន់កាប់ដែលជាដីតំបន់អភិរក្សធ្វើឲ្យប៉ះពាល់ដីបរិស្ថាន»។
ជាមួយនេះ លោក អ៊ុន ចាន់ដា បានបដិសេធថា មិនមានករណីទាហាន រុនរានកាន់កាប់ និងការពារដីក្រុមហ៊ុនដូចការចោទរបស់ពលរដ្ឋនោះទេ ប៉ុន្តែលោកថា ការដែលពលរដ្ឋឡើងទៅសុំអន្តរគមន៍ដល់ស្ថាប័នកំពូលគឺសិទ្ធិរបស់ពួកគាត់ តែលោកចង់ឲ្យពួកគេដាក់លិខិតឯកសារត្រឹមត្រូវដើម្បីតតាំងជាមួយតុលាការប្រសើរជាង។
លោក ឡោ ច័ន្ទ មន្ត្រីសម្រប-សម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ យល់ឃើញថា ករណីនេះ មិនមែនជារឿងដាច់ដោយឡែកពីជម្លោះដីធ្លីជាមួយក្រុមហ៊ុនទេ តែពួកគេព្យាយាមទាញឲ្យក្លាយជាបទល្មើសព្រៃឈើ និងបានហៅការចាប់ខ្លួនពលរដ្ឋនេះថាធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលដែលគួរតែដោះស្រាយ។
លោកថា៖ «ការចោទប្រកាន់របស់ព្រះរាជអាជ្ញាគឺជាសិទ្ធិរបស់គាត់ តែការចោទប្រកាន់នេះមិនមែនជាបទល្មើសបរិស្ថានទេគឺជាបញ្ហាជម្លោះដី។ បើការចោទប្រកាន់ពលរដ្ឋ អ៊ឹចឹងចុះចំណែកយោធាមួយចំនួនដែលគាត់មានអំណាច មានដីនៅទីហ្នឹង ហេតុអ្វីមិនប៉ះពាល់ មកប៉ះពាល់តែប្រជាពលរដ្ឋ»។
លោក ឡោ ច័ន្ទ បន្ថែមថា រាជរដ្ឋាភិបាលគួរជួយពិនិត្យលើករណីហ្នឹងឡើងវិញ ហើយមេត្តាជួយពលរដ្ឋនៅតំបន់ហ្នឹងផង។ ប្រសិនបើនៅបណ្តាយឲ្យក្រុមយោធាគាត់ធ្វើព្យុះធ្វើភ្លៀងលើពលរដ្ឋស្លូតត្រង់គឺកាន់តែបង្កឲ្យមានហិង្សា៕