ឧត្តរមានជ័យ: មេបញ្ជាការយោធាវរការពារព្រំដែនគោកលេខ ៤០២ លោក ប៉ុក សុផល ត្រូវបានប្រជាពលរដ្ឋចំនួន ១៤ គ្រួសារ រស់នៅភូមិចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ប្តឹងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់ថា បានរំលោភយកដីពួកគាត់ជាង ៤០ ហិកតា ប៉ុន្ដែមន្ត្រីយោធារូបនេះបានបដិសេធ។
លោក ប៊ូ ប៊ុនថា តំណាងប្រជាពលរដ្ឋ ១៤ គ្រួសារ បានឲ្យដឹងកាលពីម្សិលមិញថា ពួកលោកបានកាន់កាប់ដីធ្លី និងអាស្រ័យផលលើទីតាំងដីទំហំចំនួន ៤៣,៥ ហិកតានេះចាប់តាំងពីឆ្នាំ ២០០៤ មក ដោយមានរយៈពេលជាង ១០ ឆ្នាំហើយ។ លុះមកដល់ពាក់កណ្តាលខែធ្នូឆ្នាំ ២០១៨ ថ្មីៗនេះ លោក ប៉ុក សុផល ដែលទើបនឹងផ្លាស់មកកាន់តំណែងជាមេបញ្ជាការវរការពារព្រំដែនលេខ ៤០២ នេះ ក៏បាននាំកម្លាំងដើរគំរាមកំហែងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងរំលោភយកដីធ្លីរបស់ពួកគាត់។
លោកបន្តថា៖ «ជាក់ស្តែងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ លោកមេបញ្ជាការរូបហ្នឹង បានចេញបញ្ជាដល់កម្លាំងចំនួន ៦ នាក់ ប្រដាប់ដោយអាវុធវែងខ្លីគ្រប់ដៃ បានយកគ្រឿងចក្រមួយគ្រឿងចូលទៅឈូសឆាយទន្ទ្រានលើដីពួកខ្ញុំ ហើយប្រើលេសថា ធ្វើផ្លូវសម្រាប់កងទ័ពតែពួកខ្ញុំជាពលរដ្ឋមិនទាន់អាចជឿបានទេ»។
ប៉ុន្តែ លោក ប៉ុក សុផល បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា លោកសូមបដិសេធចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋទាំងនេះ ដោយថា លោកមិនបានទៅរំលោភយកដីរបស់ពលរដ្ឋទាំងនោះទេ ហើយបើលោកបានរំលោភយកដីដូចការចោទប្រកាន់មែន លោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់។ លោកស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ចុះមកស៊ើបអង្កេត ឬសិក្សាឲ្យបានច្បាស់លាស់ ប្រសិនរកឃើញថា ពលរដ្ឋទាំងនោះពិតជាមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់មែន លោកនឹងបញ្ឈប់ឈូសឆាយ ធ្វើផ្លូវលើដីពួកគាត់តទៅទៀត។
លោកបន្តថា ការឈូសឆាយនៅលើទីតាំងនោះ គ្រាន់តែធ្វើផ្លូវមានទទឹងប្រមាណជិត ៥ ម៉ែត្របណ្តោយប្រមាណ ២ គីឡូម៉ែត្រសម្រាប់ឲ្យពលទាហានងាយស្រួលចេញចូលបន្ទាយប្រចាំថ្ងៃប៉ុណ្ណោះ ជាពិសេសងាយស្រួលចល័តកងកម្លាំងនៅតំបន់ឈរជើង ដោយមានការឯកភាពពីមន្ត្រីអាជ្ញាធរឃុំស្រុក សុរិយោដី និងអាជ្ញាធរខេត្តឧត្តរមានជ័យផងដែរ។
លោកបញ្ជាក់ថា៖ «ក្នុងនោះ តំណាងពលរដ្ឋចំនួន ៣ នាក់ហ្នឹង មកឈរមើលសកម្មភាពពួកខ្ញុំកំពុងឈូសឆាយដីផ្លូវដែរ និងមានការឯកភាពឲ្យខ្ញុំឈូសឆាយផងដែរ ប៉ុន្ដែខណៈនេះ តំណាងពលរដ្ឋម្នាក់ ដែលមានឈ្មោះ ប៊ូ ប៊ុនថា បានងាកមកចោទប្រកាន់ខ្ញុំថា ខ្ញុំហ្នឹងឈូសឆាយរំលោភយកដីពួកគាត់ទៅវិញ ខ្ញុំអត់យល់ ខ្ញុំពន្យល់យ៉ាងណា ក៏មិនព្រមស្ដាប់ ហើយឥឡូវឮថា ដាក់ប្ដឹងដល់សម្ដេចទៀត»។
លោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់ បានឱ្យដឹងថា ពលរដ្ឋចំនួន ១៤ គ្រួសារនេះ ពិតជាមានលិខិតបញ្ជាក់កាន់កាប់ដីធ្លីជាកម្មសិទ្ធិត្រឹមត្រូវមែន ដោយលោកបានសម្របសម្រួលជាមួយភាគីទាំង ២ ជាច្រើនលើករួចមកហើយ ដោយផ្អែកទៅលើទិដ្ឋភាពច្បាប់កាន់កាប់ដីធ្លី និងការរំលោភដីអ្នកដទៃ ប៉ុន្ដែភាគីទាហាន គាត់មិនព្រមបញ្ឈប់ការឈូសឆាយបញ្ចប់ទំនាស់ទេ ហើយភាគីពលរដ្ឋក៏បន្តប្ដឹងទៅថ្នាក់លើទៀត។
លោកបញ្ជាក់ថា៖ «ដីហ្នឹងខាងទាហានគាត់ឈូសឆាយហើយខ្លះ នៅខ្លះ ហើយក៏មានការតវ៉ាអ៊ីចឹងទៅ គាត់ក៏ផ្អាកសិន។ ខ្ញុំខំជួយសម្របសម្រួលដែរ ប៉ុន្ដែពួកគាត់គ្មានអ្នកណាស្ដាប់ខ្ញុំទេ ភាគីទាំង ២ ហ្នឹង គេចង់ឈ្នះគ្នារៀងៗខ្លួន ខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចទៀតដែរ ឲ្យពួកគាត់ប្ដឹងទៅលើទៀតទៅ»។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងកាលពីម្សិលមិញថា លោកបានទទួលព័ត៌មាននេះរួចហើយ ប៉ុន្ដែពលរដ្ឋមិនបានប្ដឹង ឬដាក់សំណើសុំដោះស្រាយមកសាលាខេត្តឧត្តរមានជ័យទេដោយពួកគាត់បានយកទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្ដង។
លោកបញ្ជាក់ថា៖ «បើពួកគាត់ដាក់ពាក្យបណ្ដឹងនៅខេត្តនេះ ខាងខេត្តនេះ គេចាត់ចែងដោះស្រាយឲ្យហើយ គេមានគណៈកម្មការគេដោះស្រាយទំនាស់ដីធ្លីដែរតើ»។
តាមដីកាបញ្ជូនរបស់លោក ហូ សិទ្ធី នាយកខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៩ ដែលបានផ្ញើបន្តទៅលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបានបង្ហាញថា៖ «លិខិតចុះថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៩ របស់ឈ្មោះ ប៊ូ ប៊ុនថា, សុខ ម៉ៅ និងឈ្មោះ ជី ធឿប តំណាងប្រជាពលរដ្ឋចំនួន ១៤ គ្រួសាររស់នៅសង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី សំណើសុំប្ដឹងឈ្មោះប៉ុក សុផល, ពៅ អឿន, យោ យ៉ាន និងឈ្មោះ ឡុង លី ជាទាហានវរការពារព្រំដែនលេខ ៤០២ ឈរជើងនៅចំណុចភូមិផ្អុង ឃុំកូនក្រៀល ក្រុងសំរោង ដែលបានរំលោភយកដីរបស់ពួកគាត់ទំហំ ៤៣,៥ ហិកតា ស្ថិតនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សូមឯកឧត្តមឧបនាយករដ្ឋមន្ត្រីមេត្តាពិនិត្យសំណើនេះជាមួយសមត្ថកិច្ចតាមការគួរ»៕