ភ្នំពេញ: ប្រជាពលរដ្ឋមកពីខេត្តកោះកុងប្រមាណជាង ៧០ នាក់តំណាងឲ្យ ១៧៦ គ្រួសារកាលពីម្សិលមិញបានមកប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីឲ្យក្រសួងជួយអន្តរាគមន៍ទៅក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ផ្ដល់សំណងជាទឹកប្រាក់ប្រមាណ ៦ ពាន់ដុល្លារបន្ទាប់ពីទទួលបានដីចំនួន ១ ហិកតាកន្លះក្នុង ១ គ្រួសារ។
អ្នកស្រី ពៅ ង៉ែត អាយុ ៤០ ឆ្នាំតំណាងពលរដ្ឋ ១៧៦ គ្រួសាររស់នៅភូមិឈូ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុងបានថ្លែងថាគោលបំណងមកដល់ក្រសួងដែនដីនេះដើម្បីស្នើសុំឲ្យមន្ត្រីពាក់ព័ន្ធជួយអន្តរាគមន៍ទៅក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ផ្ដល់សំណងក្នុង ១ គ្រួសារថវិកាចំនួន ៦ ពាន់ដុល្លារ ហើយពលរដ្ឋនឹងមិនទាមទារដីធ្លីទៀតទេ។ អ្នកស្រីថាពលរដ្ឋបានទទួលដីធ្លីចំនួន ១ ហិកតាកន្លះក្នុង ១ គ្រួសាររួចហើយកាលពីឆ្នាំ ២០១០ បន្ទាប់ពីក្រុមហ៊ុនបានទៅរំលោភយកដីរបស់ពួកគាត់កាលពីឆ្នាំ ២០០៤។
«ពួកខ្ញុំមកតវ៉ានេះក៏ដោយសារក្រុមគេផ្សេងគេទទួលបានទាំងលុយ និងដីចំណែកក្រុមខ្ញុំឯណេះបានតែដី ១ ហិកតាកន្លះ ហើយអត់បានលុយ ឥឡូវពួកខ្ញុំមកសុំលុយដែរ»។
អ្នកស្រី ទិត្យ ហ៊ាង ពលរដ្ឋម្នាក់ក្នុងចំណោមនោះដែលបានចូលទៅជួបមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីបានឲ្យដឹងថា ភាគីមន្ត្រីក្រសួងប្រាប់ថាមិនអាចជួយបានទេ ព្រោះក្រុមហ៊ុនបានប្រគល់ដី ហើយភាគីទាំង ២ បានព្រមព្រៀងគ្នាទទួលយករួចហើយ។
អ្នកស្រីបន្តថាអ្នកស្រីពិតជាអស់សង្ឃឹមចំពោះមន្ត្រីដែលមិនយកចិត្តទុកដាក់លើពលរដ្ឋរងគ្រោះដីធ្លី ដោយបណ្ដោយឲ្យក្រុមហ៊ុន និងឈ្មួញខិលខូចតែងតែរំលោភយកដីធ្លីពលរដ្ឋជាញឹកញាប់។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីប្រាប់ថាលោកកំពុងជាប់រវល់មិនអាចអធិប្បាយបានទេ។ ប៉ុន្ដែបើតាមពលរដ្ឋមន្ត្រីជាន់ខ្ពស់ម្នាក់ដែលពួកគាត់ជួបដោយមិនបានប្រាប់ឈ្មោះបានឆ្លើយតបទៅពលរដ្ឋវិញថា ក្រសួងមិនមានលទ្ធភាពអន្តរាគមន៍បានទេ ហើយក៏មិនមានលុយសម្រាប់ផ្ដល់សំណងជូនពលរដ្ឋដែរដោយប្រាប់ពលរដ្ឋឲ្យត្រលប់ទៅផ្ទះវិញ។
លោក ហោ អ៊ិន មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តកោះកុងបានថ្លែងថា បញ្ហាដីធ្លីនៅស្រុកស្រែអំបិលនេះមន្ត្រីបានដោះស្រាយជូនពលរដ្ឋស្របតាមការសម្របសម្រួល និងការយល់ព្រមទទួលយកសំណងតាមការស្ម័គ្រចិត្តរបស់ពលរដ្ឋ ហើយពួកគាត់ទាំងនោះទទួលបានដី និងលុយសមល្មមដែរ។ ប៉ុន្ដែចំពោះក្រុមចុងក្រោយនេះទទួលបានតែដីតិចជាងគេ គ្មានលុយបន្ថែម។
លោកបន្តថា៖ «អ៊ីចឹងបានជាពួកគាត់សម្រេចចិត្តមកតវ៉ា សុំសំណងបន្ថែមបែបនេះ អាជ្ញាធរគួរជួយរកមធ្យោបាយសម្រួលឲ្យគាត់ទទួលយកទាំងអស់គ្នាផង»។
តំណាងក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ កាលពីម្សិលមិញមិនអាចទាក់ទងសុំការបញ្ជាក់បានទេ៕