ព្រះសីហនុ: សមាជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោប​ល់​ពី​គណ​បក្ស​ខ្មែរ​ក្រោកបាន​អះ​អាង​ថា ​លោក​ យន្ត ​មីន អភិ​បាល​ខេត្ត​ព្រះ​សី​ហនុ លោក​ឧក​ញ៉ា ស៊ីវ គង់​ទ្រី​វ និង​លោក​ ឧក​ញ៉ា លី យ៉ុង​ផាត់ ​បាន​​ឃុប​ឃិត​គ្នា​យ​ក​ដីរ​ដ្ឋ​ខុស​ច្បាប់ ​នៅ​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង​ ក្រុង​ព្រះ​សីហនុ​ ប៉ុន្ដែ​មន្ត្រី​អះ​អា​ងថាជា​រឿង​មិន​ពិត​។

លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ​សមាជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោ​បល់ និង​ជា​ប្រធាន​គណ​បក្ស​ខ្មែរ​ក្រោក​បាន​ថ្លែង​នៅ​ថ្ងៃទី ២ ខែធ្នូ នេះ​ថា លោក​បាន​ប្រមូល​ភ័ស្ដុ​តាង​ជាក់​លាក់​មួយ​ចំនួន​ ទាក់​ទង​នឹង​មន្ត្រី​ទាំង​នោះ​ ពីករណីឃុប​ឃិត​គ្នា យ​កដីរ​ដ្ឋ​ខុសច្បាប់ ​នៅ​ភូមិ​ចំណោតរាម​ ក្នុង​​តំបន់​ឧទ្យាន​ជាតិ​រាម​ជាច្រើនហិកតា។

លោក ​បន្ត​ថា ករណី​នេះ ត្រូវ​បាន​ក្រុមកា​រងារ​មកពី​គណបក្ស​ខ្មែរក្រោ​ក​លើកឡើង​ក្នុង​អង្គប្រជុំ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោប​ល់​កាលពី​ថ្ងៃ ទី ៣០ វិច្ឆិកា ​ដោយ​បានដាក់​របា​យការណ៍​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សម្រេច​ចាត់​វិធាន​ការ​តាម​ច្បាប់​។

លោក វ​ឌ្ឍ​នាសា​ប៊ុង​ បាន​បញ្ជាក់ថា៖ «បើ​រកឃើញថា ពួកគាត់​ពិត​បាន​រំលោភ​យក​ដី​រដ្ឋ​មែន រដ្ឋាភិបាល​ ត្រូវតែមាន​វិធានការ​ជា​ចាំបាច់ មិនអាច​ឲ្យ​ជន​ពាក់ព័ន្ធ​ទាំងនោះ​នៅក្រៅ​សំណាញ់​ច្បាប់​បានទេ ព្រោះ​ប្លង់​ស្លាបមាន់​របស់​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ កាន់កាប់​នោះ​ត្រូវបាន​ គេ​ចាត់ទុក​ជានិ​រាក​រណ៍​អស់ហើយ»។

តាម​របាយ​ការណ៍​រប​ស់​សមា​ជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក​ដែល​បានចេញ​ផ្សាយ​កាល​ពី​​ថ្ងៃទី ៣០ វិច្ឆិកា​ ​​បង្ហាញថា រាជរដ្ឋាភិបាល​បានចេញ សជណ លេខ ៥៨៤ ចុះ​ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០០៦ សម្រេចយក​ផែនទី​គម្រប​ព្រៃឈើ​ឆ្នាំ ២០០២ ជាការ​កំណត់​ព្រំប្រទល់​ព្រៃឈើ​កម្ពុជា។

ដូចនេះ​ប្លង់​ស្លាបមាន់​របស់​ឧក​ញ៉ា សី​វ គង់​ទ្រី​វ ដែលមាន​ដី​ក្នុង​តំបន់​នេះ​គឺ​ត្រូវបាន​ចាត់ទុក​ជានិ​រាក​រណ៍ និង​ត្រូវ​រឹបអូស​ទុកជា​កម្ម​សិទ្ធិរបស់​រដ្ឋ​វិញ ប៉ុន្ដែ​​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ ចាត់ទុក​ដី​នោះ​ ជា​របស់​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ព្រមទាំង​បាន​ផ្ទេរ​សិទ្ធិ​ ​ទៅ​ឲ្យ​លោក​ ឧកញ៉ា លី យ៉ុង​ផាត់ ថែម​ទៀតផង។

របាយ​ការណ៍​នេះ​ថា កន្លង​មក អតីត​អភិបាលខេត្ត​ព្រះ​សីហនុ លោក សាយ​ហាក់ ក៏​ធ្លាប់​បាន​ចេញ​សេចក្ដី​ប្រកាស​លេខ ០២ដក ចុះ​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០០៦ ដោយ​យោង​តាមច្បាប់​ជា​ធរមាន​ថា ត្រូវ​រឹបអូស​ដី​ទាំង​នោះមក​ទុកជា​របស់​រដ្ឋ​វិញ​ដែរ។

របាយ​ការណ៍​បន្ថែម​ថា តាម​លិខិត​លេខ ០៨៥/១៨លបក ដាច់​ដោយ​ឡែក​មួយ​រប​ស់លោក​ យន្ត​ មីន ក៏បាន​​បញ្ជា​​ឲ្យ​បង្កើត​​គណៈ​កម្មាធិ​ការ​ចុះ​វាស់​វែង​លើដី​របស់​រដ្ឋ​នេះ​ផង​ដែរ ជាពិ​សេស​រដ្ឋបា​ល​ខេត្ត​ព្រះសីហនុ​ពុះ​វាស់វែង​បញ្ជាក់​​ដី​រដ្ឋ​ឲ្យ​ឯកជន​យ៉ាង​អនា​ធិប​តេយ្យ ​ប៉ុន្តែថ្មីៗនេះ មន្ទី​របរិស្ថាន​ខេត្ត និង​ក្រសួង​បរិស្ថាន​បាន​ចេញ​សេចក្ដី​ប្រកាស​លេខ ៩៣២ សជណ រួច​មក​ហើយ ​ស្ដីពី​ការ​ទាម​ទា​រឲ្យ​ជន​ពាក់​ព័ន្ធ​នឹង​ដី​គម្រប​ព្រៃ​ទាំងនោះ​បញ្ឈប់​សកម្ម​ភាព​ទន្ទ្រាន​យក​ដី​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ​តទៅ​ទៀត។

របាយការណ៍​បន្តថា «ក្នុងនាម​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ស្នើសុំ​ឲ្យ​មានការ​សិក្សា​លម្អិត​ច្បាស់​លាស់​មួយ ដោយ​រៀបចំ​គណៈកម្មការ​ចម្រុះ​ថ្នាក់ជាតិ និង​អាជ្ញាធរ​ដែនដី ដើម្បី​សិក្សា​ករណី​មិន​ប្រក្រតី​នេះ។ ដាក់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​ជន​ពាក់ព័ន្ធ​ខាងលើ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន និង​សុំ​ឲ្យ​អង្គភាព​អំពើពុករលួយ​ពិចារណា​ស៊ើបអង្កេត​ចំពោះ​ករណី​គួរ​ឲ្យ​សង្ស័យ​នេះ»។

លោក​ ឧកញ៉ា​ គង់ ​ទ្រីវ និង​លោក​ឧកញ៉ា​លី យ៉ុង​ផាត់​ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ប៉ុន្តែ លោក​ យន្ត មីន អភិបាលខេត្ត​ព្រះ​សី​ហនុ​ នៅថ្ងៃ​ទី​២ ធ្នូនេះ សុំ​ថ្លែង​មិន​លម្អិត​ជុំវិញ​ករណី​​នេះ ប៉ុន្ដែ​លោក​ ប្រាប់​ថា ការចោទប្រកាន់​នេះ គឺជា​រឿង​មិន​ពិត។

លោកថា៖ «ខ្ញុំ​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ​ ការពិត​ខ្ញុំ​អត់​ចង់​ឆ្លើយ​ទេ វា​ជាការ​ងារ​រប​ស់អ្នក​​​នាំពាក្យ​សាលាខេត្ត​ទេ ប៉ុន្ដែ​បើ​លោក​សួរ​ទៅ​ហើយ ​ខ្ញុំ​សុំ​ជម្រាប​ខ្លី​ទៅ​ចុះ​ថា រឿងនេះ​មិនមែនជា​រឿង​ពិត​ទេ ខ្ញុំ​ធ្វើការ​អ្វីមួយ គឺ​យោងទៅតាម​ច្បាប់ ហើយ​ក្រសួង​មហា​ផ្ទៃ​ក៏បាន​ចុះមក​អង្កេត​ផ្ទាល់​ម្ដង​ហើយ វា​គ្មានអ្វី​ទេ។ អ៊ីចឹង ខ្ញុំ​សុំ​និយា​យ​តែ​ប៉ុណ្ណឹង​ទេ»៕