កោះកុងៈ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កោះកុង​កំពុង​បន្ត​នីតិវិធី​ត្រួតពិនិត្យ ស្រាវជ្រាវ​ និង​បង្ក្រាប​បទល្មើស​ការ​លួច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ដោយ​ខុស​ច្បាប់​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាម​ក្រសោប​។ នេះ​បើ​តាម​លោក ម៉ម ផល្លារ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​។

លោក ផល្លារ បាន​និយាយ​ថា​ថ្វីបើ​បទល្មើស​ព្រៃឈើ​ និង​សត្វព្រៃ​នៅ​ខេត្ត​កោះកុង​ស្ទើរតែ​ពុំ​មាន​កើតឡើង​ក្ដី ប៉ុន្តែ​ការងារ​បង្ក្រាប​បទល្មើស​នៅ​តែ​បន្ត​អនុវត្ត​យ៉ាង​សកម្ម និង​ ទៀងទាត់​តាម​កាលវិភាគ​ដែល​បាន​កំណត់​ដោយ​ក្រុម​ឧទ្យានុរក្ស​ក្នុង​តំបន់ ជាពិសេស​ចាប់​តាំងពី​រដ្ឋបាល​ខេត្ត​កោះកុង​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការដកហូត​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ (​ខុស​ច្បាប់​) ​និង ​ការចូល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាម​ក្រសោប​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​មក​ក្រុម​មន្ត្រី​ឧទ្យានុរក្ស​បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​ប្រជាសហគមន៍​ការពារ​ព្រៃឈើ​បាន​បង្កើន​ការ​ចុះ​ល្បាត​ព្រៃ​ដើម្បី​ត្រួតពិនិត្យ​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​នេះ​។

លោក​ ផល្លារ បាន​ថ្លែង​ថា​៖ «​ជាមួយ​គ្នា​នេះ​ក្រុមមន្ត្រី​ជំនាញ​យើង​ក៏​កំពុង​ធ្វើការ​ស្រាវជ្រាវ​អំពី​ទីតាំង​ដីព្រៃ​ដែល​មាន​ប្លង់​កម្មសិទ្ធិ តែ​មិន​ទាន់​កែច្នៃ ឬ​អភិវឌ្ឍ​អ្វី​ទាំងអស់​នៅ​ក្នុង​តំបន់​ដែន​ជម្រក​ សត្វព្រៃ​ពាមក្រសោប​ យើង​ផង​ដែរ ដើម្បី​ឲ្យ​ប្រាកដ​ថា​ប្លង់​កម្មសិទ្ធិ​ទាំងនោះ​ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់​ ឬ​មួយ​យ៉ាងណា​? បើ​មិន​ត្រឹមត្រូវ យើង​នឹង​រៀបចំ​កសាង​សំណុំ​ឯកសារ​តាម​នីតិវិធី​ច្បាប់​ដាក់​ស្នើ​ទៅ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​មោឃភាព​ទៅ​លើ​ប្លង់​កម្មសិទ្ធិ​ទាំង​នោះ​ដើម្បី​ដក​ហូត​យក​ដី​ទាំង​នោះ​មក​ដាក់​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​»​។

ទោះ​ជា​បែប​ណា​ក្ដី​លោក ផល្លារ ​ពុំ​បាន​ប្រាប់​លម្អិត​ថា តើ​មាន​ដីព្រៃ​ដែល​មាន​ប្លង់​កម្មសិទ្ធិ​ដែល​មិន​ទាន់​កាប់ឆ្ការ​ឬ អភិឌ្ឍ​អ្វី​សោះ​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ពាម​ក្រសោប​នោះ​មាន​ចំនួន​ប៉ុន្មាន​ទីតាំង​នោះទេ​។

ប៉ុន្តែ​លោក​បាន​អះអាង​ថា​មាន​មួយ​ចំនួន​កំពុង​ស្ថិត​ក្រោម​យន្តការ​តាមដាន ស្រាវជ្រាវ និង​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ​ក្រុមមន្ត្រី​ជំនាញ​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​។

លោក មាន ព្រហ្មនី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​កោះកុង​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដោយ​ទទួលស្គាល់​ថា​ក្រុម​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​បាន​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​បាន​ល្អ​ប្រសើរ​។

ទន្ទឹម​នឹង​នេះ​ លោក ព្រហ្មនី បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​ផង​ដែរ ចំពោះ​ករណី​ប្រជាសហគមន៍​មួយ​ចំនួន​ដែល​ពួកគាត់​បាន​ស្នាក់នៅ​ និង​អាស្រ័យ​ផល​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ពាមក្រសោប​នោះ​តាំងពី​យូរណាស់​មក​ហើយ ប៉ុន្តែ​ពួកគាត់​គ្មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ដីធ្លី​នៅ​ឡើយ​ទេ​។

លោក​ថ្លែង​ថា​៖ «​ពលរដ្ឋ​មួយ​ចំនួន​បាន​រស់នៅ​ និង​អាស្រ័យ​ផល​នៅក្នុង​តំបន់​ដែន​ជម្រក​ខាងលើ​នេះ​ដោយ​មាន​ការទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ជាយូរ​មក​ហើយ ប៉ុន្តែ​ពួកគាត់​ពុំ​មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នៅ​ឡើយ​ទេ ករណី​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គប្បី​គិតគូរ​ពី​សុវត្ថិភាព​នៃ​ការរស់នៅ​របស់​ពួកគាត់​ផង​ដែរ​»​។

លោកស្រី នាង គុណ មេឃុំ​ពាមក្រសោប​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​នៅក្នុង​ឃុំ​របស់​លោកស្រី​មាន​ចំនួន ៣៥២ គ្រួសារ​រស់នៅ​ដោយ​ចងក្រង​គ្នា​ជា​សហគមន៍ ការពារ​ធនធាន​ធម្មជាតិ និង​ជលផល​។ ពួកគេ​ជារឿយៗ​តែងតែ​ចូលរួម​ជាមួយ​នឹង​ក្រុមមន្ត្រី​ជំនាញ​ខាង​បរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​ជលផល​ចុះបង្ក្រាប​បទល្មើស និង​ដាំ​ដើមឈើ (​ដើម​កោងកាង​)​ ដើម្បី​ស្ដារ​ព្រៃឈើ​ឡើង​វិញ​។

លោកស្រី​បន្ត​ថា​៖ «​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឃុំ​ពាមក្រសោប​យើង​ខ្ញុំ​ពុំ​មាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជា​លក្ខណៈ​ឯកជន​ឡើយ ប៉ុន្តែ​ពួកគាត់​មាន​ដី​សហគមន៍​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​បរិស្ថាន​សរុប ៣១៦៥ ហិកតា​សម្រាប់​ស្នាក់នៅ ការពារ អភិរក្ស និង​អាស្រ័យផល​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ពាមក្រសោប​នោះ ដូច្នេះ​វា​ពុំ​មាន​ផលប៉ះពាល់​អ្វី​ទេ​»៕