ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជាក់​អំពី​បញ្ហា​សិទិ្ធ​មនុស្ស​មួយ​ចំនួន​ដែល​ត្រូវ​បាន​លើកឡើង​ដោយ​អង្គការ UNHRC សម្រាប់​ការពិនិត្យ​ជា​សកល ខណៈ​ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​ចំនួន​ ៣ ​នៅក្នុង​ខេត្ត​ពោធិ៍សាត់ ឧត្តរមានជ័យ និង​ខេត្ត​មណ្ឌលគិរី​។

ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​ការពិនិត្យ​ជា​សកល​ស្តីអំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី ៣០ មករា​ខាង​មុខ​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​បាន​សម្តែង​ការព្រួយបារម្ភ​ជាច្រើន​ទាក់ទង​ទៅ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ កង្វល់​មួយ​ក្នុង​ចំណោម​កង្វល់​ជាច្រើន​ដែល​ត្រូវ​បាន​លើក​ឡើង​គឺ​ឯករាជភាព​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC)​។

អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ការអត្ថាធិប្បាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អំពី​ការកំណត់​ចំនួន​បុគ្គល​ដែល​ត្រូវ​ទទួល​ខុសត្រូវ ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម​គឺជា​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​ឯករាជភាព​របស់​តុលាការ​មួយ​នេះ​។

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ ECCC បាន​លើក​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ថា ECCC ត្រូវ​បាន​បង្កើតឡើង​ដោយ​ច្បាប់​ស្តីពី​ការបង្កើត ECCC និង កិច្ចព្រមព្រៀង​រវាង​អង្គការ​សហប្រជាជាតិ និង ​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​កាត់ទោស​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

«​ចៅក្រម​ សហ​ព្រះរាជអាជ្ញា មេធាវី និង​មន្ត្រី​ច្បាប់​ទាំងអស់​នៅ ECCC ​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ឯករាជ្យ មិន​មាន​ការ​ជ្រៀតជ្រែក​ណា​មួយ​នោះ​ទេ​។ ទាំង​ភាគី​កម្ពុជា ឬ​អង្គការ​សហប្រជាជាតិ​មិន​អាច​ធ្វើការ​សម្រេច ឬ​បញ្ចប់​ការស៊ើបអង្កេត​នីតិវិធី​ណា​មួយ​បាន​ទេ​គឺ​មាន​តែ​ស្ថាប័ន​តុលាការ​តែ​ ១ ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើការ​សម្រេច​ចិត្ត​បាន​»​។

លោក ប៊ិន ឈិន ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​សាលាក្តី​ខ្មែរក្រហម កាលពី​ពេល​ថ្មីៗ​នេះ​បាន​ជួប​ជាមួយ​លោក Miguel de Serpa Soares អគ្គលេខាធិការរង​ទទួលបន្ទុក​កិច្ចការ​ច្បាប់​ និង​ជា​ទីប្រឹក្សា​ច្បាប់​របស់​អង្គការ​សហប្រជាជាតិ​។

លោក​ ភក្ត្រា ថា លោក​ ប៊ិន ឈិន បាន​សង្កត់​ធ្ងន់​ថា រាជរដ្ឋាភិបាល​កម្ពុជា គាំទ្រ និង​ចង់​ឃើញ​ ECCC ​បំពេញ​ និង​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ជាមួយ​នឹង​ដំណើរការ​នៃ​សេចក្តី​ថ្លៃថ្នូរ​​ និង​កិត្តិយស​។

គណៈកម្មាធិការ​សិទិ្ធ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក៏​បាន​សម្តែង​ការព្រួយបារម្ភ​ផង​ដែរ ចំពោះ​ការយាយី និង​ការជ្រៀតជ្រែក​លើ​អ្នក​សារព័ត៌មាន​អ្នកការពារ​សិទ្ធិមនុស្ស សហជីព សកម្មជន​សិទ្ធិ​ដីធ្លី សកម្មជន​បរិស្ថាន សកម្មជន​សង្គម​ស៊ីវិល និង​សមាជិក​គណបក្ស​ប្រឆាំង​។ ពួកគេ​បាន​និយាយ​ថា​អ្នក​ទាំងនោះ​នៅ​បន្ត​រង​ការ​បៀតបៀន ចំពោះ​សកម្មភាព​របស់​ពួកគេ​ជាពិសេស​តាមរយៈ​ការចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ ឬ​បទឧក្រិដ្ឋ​ផ្សេងៗ​។

អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ច្បាប់​ថ្មី​ត្រូវ​បាន​អនុម័ត​ជាមួយ​នឹង​បទប្បញ្ញត្តិ​ដែល​អាច​រឹតត្បិត​លើ​សេរីភាព​នៃ​ការបញ្ចេញមតិ សិទ្ធិ​ចូលរួម​ និង​ជួបជុំ ជាពិសេស​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ច្បាប់​ស្តីពី​សហជីព​ និង​ច្បាប់​ទូរគមនាគមន៍​។

ប៉ុន្តែ​លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ពន្យល់​ថា​ច្បាប់​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធានា​ដល់​ការគោរព​សិទ្ធិ​សេរីភាព​សម្រាប់​អ្នក​សារព័ត៌មាន​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​មិនមែន​ធ្វើ​ឡើង​ដើម្បី​រឹតត្បិត​សេរីភាព​នោះ​ទេ​។

ទោះ​យ៉ាង​ណា​លោក​លើក​ឡើង​ថា ​សហជីព សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បែរ​ជា​មើល​ឃើញ​ថា​ច្បាប់​ទាំងនោះ​ជា​ការ​រឹតត្បិត​សេរីភាព​របស់​ពួកគេ​ទៅវិញ ពីព្រោះ​ពួកគេ​ធ្លាប់​ប្រើ​ប្រាស់​សេរីភាព​ជាមួយ​របៀបវារៈ​នយោបាយ​។

លោក​ថ្លែង​ថា​៖ «​មុន​ពេល​ច្បាប់​ទាំងនេះ​ត្រូវ​បាន​អនុម័ត ពួកគេ​បាន​ធ្វើ​សកម្មភាព​ដោយ​សេរី​ដែល​វា​ហួស​ពី​ច្បាប់​កំណត់ ហើយ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ​។ ពេល​ខ្លះ​ពួកគេ​បាន​ប្រើប្រាស់​សេរីភាព​របស់​ពួកគេ​ជាមួយ​របៀបវារៈ​នយោបាយ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​»​។

យ៉ាងណា​ក្តី​លោក​ ម៉ាលីន បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​មាន​ឆន្ទៈ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងនោះ ប្រសិន​បើ​ចាំបាច់​។

លោក​ថ្លែង​ថា​​ រដ្ឋាភិបាល​បាន​រៀបចំ​វេទិកា​សាធារណៈ​រួច​ហើយ ដើម្បី​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ធ្វើ​ឱ្យ​ច្បាប់​ទាំងនោះ​កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង​។

«​ប្រសិន​បើ​ពួកគេ​មាន​ការ​ព្រួយបារម្ភ​ពួកគេ​អាច​លើក​ឡើង​បាន​ហើយ​យើង​អាច​ពិភាក្សា​គ្នា ដើម្បី​ស្វែងរក​លទ្ធភាព​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងនោះ​សម្រាប់​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​របស់​យើង​...» ។

លោក​បន្ត​ថា​ការព្រួយបារម្ភ​មួយ​ចំនួន​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​គឺ​វា​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការពិត​នោះ​ទេ​។

ដោយ​លើកឡើង​អំពី​របាយការណ៍​របស់​លោកស្រី​ រ៉ូណាស្ម៊ីត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីអំពី​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា អង្គការ OHCHR បញ្ជាក់​ថា​៖ «​ការបោះឆ្នោត​ពី​មុនៗ​រហូត​មក​ដល់​ការបោះឆ្នោត​ឆ្នាំ​ ២០១៨ គេ​ឃើញ​មាន​លក្ខណៈ​ប្រសើរ​ឡើង​ជា​លំដាប់​ទាក់ទង​ទៅ​នឹង​ការគោរព​តាម​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ច្បាប់​កម្ពុជា​»​។

ប៉ុន្តែ​និន្នាការ​នេះ​បាន​ធ្លាក់​ចុះ​ក្នុង​អំឡុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨ បន្ទាប់ពី​ការរំលាយ​អតីត​គណបក្ស​ប្រឆាំង​។ លោកស្រី​ ស្ម៊ីត ថ្លែង​ថា​ភាពពិតប្រាកដ​នៃ​ការបោះឆ្នោត​នោះ​គឺ​ត្រូវ​បាន​ចោទសួរ​។

ប៉ុន្តែ​លោក សោម សូរីដា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា គជប គោរព​ច្បាប់ ហើយ​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​ការរំលាយ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ​។

លោក​បាន​ពន្យល់​ថា ​មាន​តែ​គណបក្ស​ដែល​បាន​ចុះឈ្មោះ​ជាមួយ​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ​ដែល​អាច​ចុះ​ឈ្មោះ​ជាមួយ គជប ដើម្បី​ប្រកួត​ប្រជែង​នៅក្នុង​ការបោះឆ្នោត​បាន​។

លោក​បញ្ជាក់​ថា ​ច្បាប់​បោះឆ្នោត​មិន​តម្រូវ​ឱ្យ​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ថា គណបក្ស​នោះ​ធំ ឬ​តូច​ទើប​អាច​ចូលរួម​បាន​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ភាពស្របច្បាប់​។

លោក​ថា​៖ «​ដំណើរការ​នៃ​ការរៀបចំ​ការបោះឆ្នោត​គឺ​មិន​ជាប់​ទាក់ទង​នឹង​ការរំលាយ​គណបក្ស​ទេ​...»​។

ទន្ទឹម​នឹង​នេះ​ដែរ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីអំពី​ការរំលោភ​សិទ្ធិមនុស្ស​លើ​អ្នកភូមិ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នៅ​ខេត្ត​ ៣ ​ផ្សេង​គ្នា​។

ក្រុម​ស្រាវជ្រាវ​របស់ CCHR ដែល​បាន​ធ្វើការ​ចុះ​ទៅ​ស្រាវជ្រាវ​ករណី​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចំនួន​​ ៣ ​រួមមាន​ក្រុមហ៊ុន Mitr Phol នៅ​ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ ក្រុមហ៊ុន Socfin-KCD នៅ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី និង​ក្រុមហ៊ុន MDS នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មដា​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់​។

ក្នុង​របាយការណ៍​កម្រាស់​ ៣៧ ​ទំព័រ​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា​ «​កំណត់ត្រា​សង្ខេប​ស្តីពី​ធុរកិច្ច និង​សិទ្ធិមនុស្ស​» CCHR បាន​រកឃើញ​ថា ពលរដ្ឋ​ជាង ៨០០ ​គ្រួសារ​បាន​រង​ផលប៉ះពាល់​ដោយសារ​ក្រុមហ៊ុន Socfin-KCD ដែល​ភាគច្រើន​គឺជា​សហគមន៍​ជនជាតិ​ភាគតិច​ព្នង​។

របាយការណ៍ បញ្ជាក់​ថា​សព្វ​ថ្ងៃនេះ​យ៉ាង​ហោចណាស់​មាន ៦៤០ គ្រួសារ​ពាក់ព័ន្ធ​នៅក្នុង​ដំណើរការ​ដោះស្រាយ​វិវាទ​ដីធ្លី​។ ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា​ក្រុមហ៊ុន KCD កំពុង​ដាំ​ដើម​កៅស៊ូ​ និង​ដំណាំ​ផ្សេង​ទៀត​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ ២៣៨៦ ​ហិកតា​សម្រាប់​រយៈពេល​ ៧០ ​ឆ្នាំ​។

ប៉ុន្តែ​លោក​ មើល សឿន ​អភិបាលស្រុក​ពេជ្រាដា​នៃ​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ជម្លោះ​ដីធ្លី​រវាង​អ្នកភូមិ​ និង​ក្រុមហ៊ុន Socfin-KCD ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ​។

លោក​ថ្លែង​ថា​៖ «​ពួកគេ​មាន​គណៈកម្មាធិការ ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​នោះ​។ បញ្ហា​ទាំងអស់​ត្រូវ​បាន​ដោះស្រាយ​គ្មាន​អ្វី​នៅ​សល់​នោះ​ទេ​»​។

ដូចគ្នា​នេះ​ដែរ​លោក​ គឹម គាវីន ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី​នៃ​ខេត្ត​ឧត្តរមានជ័យ​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន Mitr Phol ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ​។

លោក​ នេត ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា របាយការណ៍​របស់ CCHR គឺ​មិន​បាន​បង្ហាញ​អំពី​ស្ថានភាព​ជាក់ស្តែង​ទាំង​ស្រុង​នោះ​ទេ​។ លោក​បាន​ថ្លែង​ថា​៖ «​វិវាទ​ដីធ្លី​នៅ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ត្រូវ​បាន​ដោះស្រាយ​ដោយ​មាន​តម្លាភាព ហើយ​​ភាគី​ដែល​ពាក់ព័ន្ធ​សប្បាយ​រីករាយ​ជាមួយ​នឹង​ដំណោះស្រាយ​នោះ​»៕ NS