កំពង់ស្ពឺៈ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានបដិសេធសំណើសុំកាន់កាប់ដីធ្លីរបស់ស្ត្រីម្នាក់ ខណៈកំពុងនៅមានជម្លោះជាមួយមន្ត្រីអង្គការបរិស្ថានម្នាក់ជុំវិញករណីឈូសឆាយដីព្រៃក្នុងតំបន់អភិរក្សធនធានធម្មជាតិដោយខុសច្បាប់។
យោងរបាយការណ៍របស់លោក ឯម សុគន្ធ ប្រធានស្ដីទីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺដែលបានគោរពជូនទៅកាន់លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៨ ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានពីម្សិលមិញបានបង្ហាញថាទីតាំងដីសរុបជាង ៧១ ហិកតានៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដែលអ្នកស្រី សៀង សាម៉េន អះអាងថា បានទិញពីពលរដ្ឋ ៧ គ្រួសារក្នុងមូលដ្ឋានខាងលើតាំងពីឆ្នាំមុននោះការពិតគឺជា «ដីព្រៃ» ដែលស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
របាយការណ៍នោះបានធ្វើឡើងបន្ទាប់ពីក្រុមគណៈកម្មការបច្ចេកទេសនៃមន្ទីរបរិស្ថានខេត្ត និងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានចុះពិនិត្យទីតាំងដីទំនាស់កាលពីថ្ងៃទី ៥ ខែកញ្ញាឆ្នាំនេះក្រោយពីអ្នកស្រី សៀង សាម៉េន ប្ដឹងលោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លិចបផ្លាញធនធានធម្មជាតិ និង ការពារសិទ្ធិពលរដ្ឋទៅតុលាការដោយចោទពីបទ «រំលោភលើកម្មសិទ្ធិស្របច្បាប់» ដោយអ្នកស្រីថាលោក ជា ហ៊ាន បានរារាំងការឈូសឆាយដីរបស់គាត់ក្នុងតំបន់ខាងលើដែលគាត់គ្រោងដាំដំណាំហូបផ្លែ រួមមាន ស្វាយ ដូង ក្រូច ចេក ពោត និងស្រូវ។
ជាមួយគ្នានេះអ្នកស្រី សៀង សាម៉េន បានស្នើសុំសិទ្ធិកាន់កាប់ដីធ្លី និង អាស្រ័យផលដូចពលរដ្ឋដទៃទៀត។ ប៉ុន្តែសំណើនេះត្រូវបានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាត់ចោលក្រោយពីក្រុមគណៈកម្មការបច្ចេកទេសចុះពិនិត្យដល់ទីតាំងដីទំនាស់ ហើយរកឃើញថា ទីតាំងដីនោះពិតជាស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដូចលោក ជា ហ៊ាន បានអះអាងពិតប្រាកដមែន។
មិនតែប៉ុណ្ណោះមន្ទីរបរិស្ថានខេត្តក៏បានស្នើឲ្យអ្នកស្រី សៀង សាម៉េន ប្រគល់ដីទាំងនោះមកមន្ទីរបរិស្ថានដើម្បីគ្រប់គ្រងជាដីអភិរក្សដូចដើមវិញ។
លោក ឯម សុគន្ធ បានបញ្ជាក់ថា៖ «មន្ទីរបរិស្ថាន [យើង] ពុំឯកភាពលើសំណើសុំសិទ្ធិកាន់កាប់ដីរបស់អ្នកស្រី សៀង សាម៉េន ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់នៃដែនជម្រកសត្វព្រៃភូមិសាស្ត្រខេត្តកំពង់ស្ពឺនោះទេព្រោះតាមការពិនិត្យជាក់ស្ដែងឃើញថាការលក់ ទិញ ដីដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំនេះគឺធ្វើឡើងខុសច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងស្នើប្រគល់ដីទាំងនេះមកមន្ទីរ ឬក្រសួងបរិស្ថានដើម្បីគ្រប់គ្រងជាដីអភិរក្សដូចដើមវិញ»។
ជុំវិញករណីនេះអ្នកស្រី សៀង សាម៉េន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
ដោយឡែកលោក ឡោ គីម ហ្គិច មេធាវីការពារឲ្យលោក ជា ហ៊ាន បានថ្លែងថា នៅពេលនេះមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានរកឃើញការពិតលើករណីនេះហើយ ដូច្នេះវាជាភ័ស្ដុតាងថ្មីមួយទៀតដែលផ្ដល់ផលប្រយោជន៍ចំពោះកូនក្ដីរបស់គាត់រួចផុតពីការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាប់របស់អ្នកស្រី សៀង សាម៉េន។
លោក គីមហ្គិច បានបញ្ជាក់ថា៖ «ការរកឃើញរបស់មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺលើករណីនេះបង្ហាញថាការចុះអនុវត្តការងាររបស់កូនក្ដីខ្ញុំ គឺពិតជាធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់។ ផ្អែកលើលទ្ធផលនៃការរកឃើញថ្មីនេះខ្ញុំនឹងស្នើឲ្យតុលាការខេត្តតម្កល់សំណុំរឿងនេះដោយមិនចាត់ការ និងសូមឲ្យតុលាការពន្លឿននីតិវិធីលើសំណុំរឿងដែលកូនក្ដីខ្ញុំបានប្ដឹងប្រឆាំងទៅលើអ្នកស្រី សៀង សាម៉េន ពីបទឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់ទៅជម្រះសេចក្ដីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះនេះវាជាករណីព្រហ្មទណ្ឌ»៕