ភ្នំពេញៈ យុវជន ២ នាក់ ក្នុងចំណោម ៧ នាក់ ត្រូវបានជាប់ពាក់ព័ន្ធក្នុងករណីការញុះញង់ បង្កើតឲ្យមានបទឧក្រិដ្ឋ និងអសន្តិសុខសង្គម ក្រោយពួកគេរៀបចំការប្រារព្ធខួបគម្រប់ ៣ ឆ្នាំ នៃការធ្វើឃាតលោក កែម ឡី ដោយការបំពាក់កម្រងផ្កា និងសរសេរពាក្យស្លោកនៅលើអាវយឺត។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ជុំវិញការឃាត់ខ្លួនយុវជន ៣ នាក់ កាលពីព្រឹកថ្ងៃពុធម្សិលមិញថា ការឃាត់ខ្លួនយុវជននេះ មិនមែនពាក់ព័ន្ធនឹងការគោរពវិញ្ញាណក្ខន្ធនេះទេ ប៉ុន្ដែពាក់ព័ន្ធនឹងការចែកចាយខិត្ដប័ណ្ណ ដែលមានខ្លឹមសារញុះញង់បង្កើតឲ្យមានបទឧក្រិដ្ឋ និងអសន្តិសុខក្នុងសង្គម។
លោកបានថ្លែងថា៖ «ជាសាច់រឿងយុវជនម្នាក់ទេដែលយើងឃាត់ខ្លួន។ ប៉ុន្ដែសួរថា ម៉េចទើបមានឃាត់យុវជនដល់ ៣ នាក់? យុវជន ២ នាក់ទៀត បើតាមការអះអាងមកគឺពួកគាត់ ស្ម័គ្រចិត្ដទៅជាមួយយុវជន ដែលយើងឃាត់ខ្លួនត្រូវចែកឲ្យដាច់ អ៊ីចឹង យុវជនដែលយើងឃាត់នោះតែម្នាក់ទេ។ មូលហេតុដោយសារតែយុវជនដែលត្រូវឃាត់នេះ គាត់ចែកខិត្ដប័ណ្ណ ដែលមានខ្លឹមសារញុះញង់ បង្កើតឲ្យមានបទឧក្រិដ្ឋជាអាទិ៍ ប៉ះពាល់ដល់សន្ដិសុខសណ្ដាប់ធ្នាប់សង្គមជាតិ»។
ទាក់ទងនឹងករណីដូចគ្នានេះដែរ កាលពីនៅល្ងាចថ្ងៃអង្គារទី ៩ ខែ កក្កដា អតីតនិស្សិតជាសកម្មជន លោក គង់ រ៉ៃយ៉ា និងសមាជិកក្រុមគ្រួសាររបស់លោក ៣ នាក់ទៀត ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួន ក្រោមបទចោទប្រកាន់ពីបទញុះញង់ឱ្យបង្កចលាចលក្នុងសង្គម។
ចំពោះរឿងនេះ លោក មាសភក្តី បានបញ្ជាក់ថា៖ «យុវជនទាំង ៣ ពាក់ព័ន្ធនឹងករណីបោះពុម្ពអាវយឺតនេះ ៣ នាក់ នឹងត្រូវដោះលែងវិញ ដោយសារតែក្រោយការស៊ើបអង្កេតទៅ មានតែយុវជនម្នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសដូចចោទខាងលើ ហើយឥឡូវនេះ យើងបញ្ជូនទៅតុលាការរាជធានីភ្នំពេញហើយ»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មិនអាចផ្ដល់ព័ត៌មានជុំវិញករណីឃាត់ខ្លួនយុវជនខាងលើបានទេ ដោយថ្លែងថាមិនទាន់ទទួលបានព័ត៌មាន និងរវល់ក្នុងសិក្ខាសាលា កាលពីម្សិលមិញ។
លោក ឃិន សាន អធិការនគរបាលខណ្ឌចំការមន បានឲ្យដឹងថា សមត្ថកិច្ចមិនបានឃាត់ខ្លួនយុវជនទាំងនោះទេ គេគ្រាន់តែអប់រំ ហើយក្រោយមកត្រូវដោះលែងឲ្យមានសេរីភាពវិញ។
លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថា ពាក់ព័ន្ធនឹងការបញ្ជូនយុវជន ២ នាក់ ជាប់ពាក់ព័ន្ធនឹងករណីញុះញង់បង្កើតឲ្យបទឧក្រិដ្ឋ និងអសន្តិសុខក្នុងសង្គមនោះ នៅមិនទាន់ឃើញសមត្ថកិច្ចបញ្ជូនពួកគេមកដល់នៅឡើយទេ។
អ្នកស្រី ស្រី និច ជាភរិយា សកម្មជនអតីតគណបក្សសង្គ្រោះជាតិ លោក គង់ រ៉ៃយ៉ា ដែលជាយុវជនម្នាក់ត្រូវជាប់ពាក់ព័ន្ធនឹងករណីខាងលើនេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា សមត្ថកិច្ចបានបញ្ជូនប្ដីរបស់អ្នកស្រីទៅសាលាដំបូងហើយនៅថ្ងៃដដែលនោះត្រូវបានបញ្ជូនត្រឡប់មកស្នងការរាជធានីភ្នំពេញវិញ។
អ្នកស្រីបានឲ្យដឹងថា៖ «នៅល្ងាចម្សិលមិញ គាត់កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយ។ ម្សិលមិញនេះ គេឃាត់ប្ដីខ្ញុំដោយចោទប្ដីខ្ញុំពីការបង្ហោះលក់អាវដែលមានបោះពុម្ពរូបលោក កែម ឡី។ ចំណែកអ្នកផ្សេង ៣ នាក់ទៀត បានធ្វើកិច្ចសន្យានៅស្នងការដ្ឋានរាជធានីភ្នំពេញ និងត្រឡប់ទៅផ្ទះវិញហើយ»។
លោក ព្រាប កុល នាយកអង្គការតម្លាភាពអន្តរជាតិប្រចាំកម្ពុជា ដែលបានចូលរួមប្រារព្ធខួប ៣ ឆ្នាំ លោក កែម ឡី នៅស្ថានីយប្រេងកាល់តិចបូកគោពីម្សិលមិញបានឲ្យដឹងថា រៀងរាល់ឆ្នាំ នៅថ្ងៃទី ១០ ខែ កក្កដា លោកតែងតែទៅស្ដាម៉ាតស្តុបនោះ ដើម្បីញ៉ាំកាហ្វេ រំឭក និងឧទ្ទិសវិញ្ញាណក្ខន្ធដល់លោកកែមឡី ដែលទង្វើនេះជាទឹកចិត្តនៃការគោរពស្រឡាញ់ចំពោះគាត់។
លោក ព្រាប កុល ថ្លែងថា៖ «ទិដ្ឋភាព ដែលខ្ញុំឃើញនៅជុំវិញការ៉ាសសាំង និងនៅក្នុងម៉ាត កាលពីព្រឹកមិញនេះជាការបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងចិត្តចង្អៀតចង្អល់របស់អាជ្ញាធរខ្មែរ។ ខ្ញុំមានការសោកស្ដាយជុំវិញសមត្ថកិច្ចដែលបានដាក់កម្លាំងជាច្រើននាក់ ហាមឃាត់មិនឲ្យមានមនុស្សចូលទៅប្រារព្ធពិធីខួបនោះ»។
លោក កុល បានសរសេរបង្ហោះលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា៖ «ខ្ញុំពិតជាហួសចិត្ត រកអ្វីមកថ្លែងពុំបាន! ប្រទេសខ្ញុំ មានរដ្ឋធម្មនុញ តម្រូវឲ្យប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្ស និងបានធានាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ តាមពិត ១ ឆ្នាំ ខ្ញុំទៅទីនោះម្តង ហើយគ្រោងទៅត្រឹមតែ ៤០ នាទីប៉ុណ្ណោះ ដើម្បីអង្គុយញ៉ាំកាហ្វេនឹករឭក និងឧទ្ទិសដល់រៀមច្បង បណ្ឌិត កែម ឡី ដែលត្រូវឃាតករ បាញ់គាត់សម្លាប់នៅទីនោះ។ ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយអាជ្ញាធរ និងសមត្ថកិច្ច មានចិត្តទូលាយជាងនេះ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) បានអះអាងកាលពីម្សិលមិញថា ទង្វើរបស់អាជ្ញាធរដែលបានធ្វើនៅទីនោះ វាផ្ទុយនឹងច្បាប់កំពូលរបស់កម្ពុជា ដោយរំលោភទៅលើសិទ្ធិរបស់ពលរដ្ឋ និងនយោបាយ ក្នុងការជួបប្រជុំ ឬក៏ធ្វើការប្រមូលផ្ដុំដើម្បីសម្ដែងមតិដោយសន្តិវិធី។
លោក សែនករុណា ថ្លែងថា៖ «ក្នុងករណីនេះ ជាករណីពិធីបែបសាសនាទៅទៀត បើយើងមើលទៅច្បាប់បាតុកម្មគឺមិនចាំបាច់ជូនដំណឹង ឬក៏សុំច្បាប់អីទេ គឺគាត់មានសិទ្ធិក្នុងការធ្វើពិធីតាមបែបប្រពៃណីសាសនា។ អ៊ីចឹងវាមិនមែនជារឿងខុសទាស់ទៅនឹងច្បាប់អីទេ»។
លោក ករុណា បានអះអាងថា សមាគមរបស់លោក នឹងបន្តឃ្លាំមើលសកម្មភាពនៃដំណើរការនីតិវិធីនៃការឃាត់ខ្លួនក្រុមយុវជននេះ។
លោកបន្ដថា៖ «ប្រសិនបើមានការចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើសណាមួយ យើងនឹងពិចារណាដើម្បីធ្វើការដាក់មេធាវី ទៅការពារតាមនីតិវិធីផ្លូវច្បាប់»។
លោក មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលបានចូលរួមដាក់កម្រងផ្កានៅស្ថានីយប្រេងកាល់តិច រួចបន្ដដំណើរទៅធ្វើពិធីនៅខេត្ដតាកែវ បានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្សប្រមាណ ១០០ នាក់បានបន្តទៅប្រារព្ធពិធីនៅស្រុកកំណើត លោក កែម ឡី៕