ព្រះសីហនុៈ យុវសិស្ស ១ ក្រុមដែលមកពីវិទ្យាល័យផ្សេងៗគ្នាប្រមាណ ១០ នាក់បានបង្ហោះសារជាខ្សែវីដេអូឃ្លីបមួយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកទាមទារឲ្យអាជ្ញាធរខេត្តព្រះសីហនុចាត់វិធានការកាយដីចេញពីឆ្នេរសមុទ្រក្រោយពេលដែលក្រុមហ៊ុនឯកជនមួយបានចាក់ទន្ទ្រានយកដីឆ្នេរព្រែកត្រែងកាលពីខែ កញ្ញា ឆ្នាំ ២០១៨ ហើយបានព្រមានថា ក្រុមគេនឹងធ្វើសកម្មភាពកាយយកដីចេញដោយខ្លួនឯង បើសិនអាជ្ញាធរនៅតែមិនអើពើ។
តាមរយៈវីដេអូឃ្លីបនោះបានឲ្យដឹងថា៖ «ថ្ងៃនេះពួកខ្ញុំជាយុវជនចុះមកធ្វើវីដេអូ ដើម្បីផ្ញើជូនអាជ្ញាធរខេត្តព្រះសីហនុជាលើកទី ២ ថា ប្រសិនបើអាជ្ញាធរខេត្តនៅតែមិនមានចំណាត់ការទៅលើក្រុមហ៊ុនលោកស្រី ជឹង សុភាព ហៅយាយ ភូ ទៅនឹងការចាក់ដីលុបឆ្នេរព្រែកត្រែងមួយនេះទេ ពួកយើងជាយុវជននឹងចុះមកទីនេះម្ដងទៀតដើម្បីកាយដី និងសម្អាតឆ្នេរនេះដោយខ្លួនឯង»។
តាមរយៈវីដេអូរយៈពេលជាង ១ នាទី ដែលក្រុមយុវជនបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ១១ ខែមករា បង្ហាញពីទីតាំង ដីឆ្នេរព្រែកត្រែង ដែលត្រូវក្រុមហ៊ុនចាក់ដីលុបនោះ ស្ថិតនៅភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ស្ថិតក្នុងសភាពដដែល មិនមានការកាយដីចេញវិញឡើយ។
តំណាងក្រុមយុវសិស្ស យុវតីឈ្មោះ ផេង ស្រីស បានថ្លែងប្រាប់ភ្នំពេញបុស្ដិ៍ម្សិលមិញថាក្រុមយុវសិស្សបានចុះទៅដល់ទីតាំងដីដែលក្រុមហ៊ុនបានចាក់លុបនោះនៅមិនទាន់បានកាយចេញវិញទេ ប៉ុន្ដែកំពុងមានការរៀបចំចាក់ដីខ្សាច់លុបបន្លំការពិតលើដីដែលបានចាក់លុបនោះ។
យុវតី ស្រីស ថ្លែងថា៖ «ពេលពួកយើងទៅធ្វើវីដេអូលើកទី ១ គឺថ្មនៅដដែល ប៉ុន្ដែយើងទៅលើកនេះ គឺឃើញថាគេយកខ្សាច់ទៅចាក់លើដីដែលចាក់លុបលយចូលសមុទ្រនោះ។ ការចាក់ខ្សាច់លុបអ៊ីចឹង សម្រាប់អ្នកមិនដែលទៅឃើញ គឺមើលមិនដឹងថាដីនោះបានចាក់លយចូលសមុទ្រទេ ព្រោះគេចាក់ខ្សាច់រៀបឲ្យស្មើទៅនឹងដីដែលបានចាក់លយចូលសមុទ្រនោះ»។
លោក យន្ដ មីន អភិបាលខេត្ដព្រះសីហនុ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា អាជ្ញាធរខេត្ដបានបញ្ជាឲ្យក្រុមហ៊ុនកាយដីដែលចាក់លុបឆ្នេរសមុទ្រថ្មីនោះចេញវិញអស់ហើយ។
លោកបានអះអាងថា រឿងចាក់ដីលុបឆ្នេរនៅព្រែកត្រែងនេះគឺមាន ២ ដំណាក់កាល ដំណាក់កាលទី ១ តាំងពីអំឡុងឆ្នាំ ២០០០ រហូតមក ហើយដំណាក់កាលទី ២ គឺនៅឆ្នាំ ២០១៨ គាត់ក៏បានចាក់ដីទៀត ប៉ុន្តែបានកាយអស់ហើយ ចំណែកអាដីដែលនៅនោះជាដីចាស់តាំងពីឆ្នាំ ២០០០។
លោកថ្លែងថា៖ «ក្នុងនាទីខ្ញុំជាអភិបាលខេត្ដនេះ ខ្ញុំបានឲ្យគេកាយដីចេញវិញអស់។ អ៊ីចឹងអានៅសល់គឺអានៅសល់កាលពីលើកមុនដែលជាដីចាស់តាំងពីឆ្នាំ ២០០០ មក» ។
លោក យូ វាសនា តំណាងសហគមន៍ដីធ្លីខេត្ដព្រះសីហនុ បានឲ្យដឹងថា ដីដែលបានចាក់លុបឆ្នេរសមុទ្រនៅតំបន់ឆ្នេរព្រែកត្រែងនោះ គឺមិនទាន់បានកាយចេញវិញនៅឡើយទេ ហើយថែមទាំងមានការធ្វើរបងព័ទ្ធជុំវិញជិតថែមទៀត។
លោកថា៖ «ដីដែលចាក់លុបឆ្នេរនោះពីមុនគ្រាន់តែរៀបថ្មរួចចាក់ដី ឥឡូវគេបានធ្វើរបងព័ទ្ធជុំវិញជិតអស់»៕