ភ្នំពេញៈ រដ្ឋបាល​ជលផល​​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​នឹង​បិទ​ការនេសាទ​ត្រី​កាម៉ុង ឬ​ត្រី​ប្លាធូ​ក្នុង​​ដែន​នេសាទ​សមុទ្រ​កម្ពុជា​រយៈពេល​ ២ ​ខែ​កន្លះ​ ដែល​ជា​ពេល​ត្រី​ត្រូវ​ពង​កូន​គិត​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ១៥ ខែ​មករា​ រហូតដល់​ថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ​ ២០២១​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ជលផល​ដែល​ ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន​កាលពី​ម្សិលមិញ​។

តាម​សេចក្ដី​ជូនដំណឹង​នេះ​​បានឱ្យដឹងថា មូលហេតុ​នៃ​ការបិទ​នេសាទ​នេះ ព្រោះ​ជា​រដូវ​ពង​កូន​បន្ត​ពូជ​របស់​ត្រី​កាម៉ុង​។ ​នៅក្នុង​អំឡុង​ពេលនេះ រដ្ឋបាល​ជលផល​បាន​ហាម​ដាច់ខាត​​ចំពោះ​សកម្មភាព​នេសាទ​ត្រី​កាម៉ុង​ក្នុង​ដែន​នេសាទ​សមុទ្រ​ដើម្បី​រួមចំណែក​ថែរក្សា និង​ការពារ​ធនធាន​ជលផល​សមុទ្រ​។

លោក ស សូរិន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពត​​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ​ថា សេចក្តី​ជូនដំណឹង​​គឺ​លោក និង​មន្ត្រី​ជំនាញ​បាន​​យកទៅ​ផ្សព្វផ្សាយ​នៅតាម​សហគមន៍​នេសាទ និង​តាម​បណ្តា​ឃុំ​ដែល​នៅជាប់​ដែនសមុទ្រ​ដើម្បីឱ្យ​ពួកគាត់​មាន​​ការយល់ដឹង​ និង​ចូលរួម​ក្នុង​កិច្ចការពារ​ធនធាន​ជលផល​សមុទ្រ​ទាំងអស់​គ្នា​។

លោក សូរិន បាន​បញ្ជាក់ថា​៖ «​យើង​ធ្វើ​ការអប់រំ​ណែនាំ​គាត់​ឱ្យបាន​យល់ដឹង​ពី​សារៈសំខាន់​​ថា​មូលហេតុ​អី​បាន​គេ​បិទ ដោយសារតែ​រដូវ​ត្រី​ពង​កូន មាន​កូន មាន​អ៊ីចឹង​ទៅ ហើយ​ណែនាំ​ឱ្យ​គាត់​ផ្លាស់ប្តូរ​នូវ​ឧបករណ៍​នេសាទ​ត្រី​កាម៉ុង​មក​នេសាទ​ត្រី​ចម្រុះ​ ឬ​ត្រី​ផ្សេងៗ វា​មាន​ច្រើន​នៅ​សមុទ្រ​យើង​»​។

បើតាម​លោក សូរិន ទិន្នផល​​សរុប​ពាក់ព័ន្ធ​ផល​នេសាទ​សមុទ្រ​ក្នុង​ឆ្នាំ​ ២០២០ ខេត្តកំពត​ទទួល​​បាន​ប្រហែល​ ២២ ០០០ ​តោន​។

រីឯ​ផលនេសាទ​តាម​វាលស្រែ​ (​ផលនេសាទ​ទឹកសាប​) ​ប្រមូល​បាន​ប្រហែល​ ៦ ៥០០ ​តោន ​ចំណែក​វារីវប្បកម្ម​បាន​ប្រហែល​ ៤ ០០០ ​តោន ហើយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ មាន​ការថយចុះ​ប្រហែល​ ១០ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​មូលហេតុ​ដែល​ថយចុះ ដោយសារ​ទី​១ គឺ​បញ្ហា​អាកាសធាតុ​មិន​អំណោយផល​មាន​ព្យុះ​ច្រើន ទី​២ ​ពាក់ព័ន្ធ​បញ្ហា​កូវីដ ដោយសារ​ពេលខ្លះ​គាត់​មិនសូវ​បាន​ទៅរក​ ឬ​រកបាន​​មកហើយ អ៊ីចឹង​ទៅ​កំណើន​ភ្ញៀវទេសចរ​អត់​សូវ​មក​តម្រូវការ ដល់​អ៊ីចឹង​ទៅ​គាត់​កាត់បន្ថយ​ការចុះ​នេសាទ​»​។

ដោយឡែក​លោក ឯម ភា នាយខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹង​ដែរ​​ថា ក្រោយពី​បាន​ផ្សព្វផ្សាយ ប្រជានេសាទ​ដែលមាន​ប្រភេទ​ទូក​ធំៗ​លក្ខណៈ​សិប្បកម្ម​បាន​គោរព​តាម​គោលការណ៍​ណែនាំ​។

ក៏ប៉ុន្តែ​ចំពោះ​អ្នកមាន​ទូក​នេសាទ​​លក្ខណៈ​គ្រួសារ​មួយចំនួន​បន្ត​លួចលាក់​នេសាទ​។

លោក ឯម ភា ថ្លែងថា​៖ «​ពេល​គាត់​យក​ផល​មក​ហ្នឹង​យើង​ត្រួតពិនិត្យ និង​ណែនាំ​គាត់​ហើយ​​បើ​ឃើញថា គាត់​បាន​ផល​មក​ជា​​ត្រី​កាម៉ុង​យើង​នឹង​មាន​វិធានការ​ឱ្យ​គាត់​ធ្វើ​កិច្ចសន្យា​ណែនាំ​គាត់​។ ​ប្រសិនបើ​នៅតែ​រឹងទទឹង​ទៀត​យើង​នឹងមាន​វិធានការ​ផ្លូវច្បាប់​»​។

បើ​តាម​លោក ឯម ភា ផលនេសាទ​សរុប​សម្រាប់​ខេត្ត​ព្រះសីហនុ​មិនមាន​ការថយចុះ​ទេ​បើ​ប្រៀបធៀប​ឆ្នាំ​ ២០១៩​។ លោក​បញ្ជាក់ថា នៅ​ឆ្នាំ​ ២០១៩ ​ផល​នេសាទ​ទាំងអស់​ទទួល​បាន​ ៤៧ ៣២២ ​តោន​។ ចំណែក​​នៅ​ឆ្នាំ​ ២០២០ ទទួលបាន​ ៤៨ ៨១២ ​តោន​​​ ដែល​មាន​ការកើនឡើង​ប្រមាណ​ ២ ​ភាគរយ​។

បើតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​​ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​ផលិត​បាន​ផលិតផល​ជលផល​ចំនួន ៩៣៦ ៣០០ ​តោន​ ក្នុង​នោះ​ផលិតផល​ទឹកសាប​ជាង​ ៤១ ​ម៉ឺន​តោន ផលិតផល​សមុទ្រ​ជាង​ ១២ ​ម៉ឺន​តោន និង​ផល​វារីវប្បកម្ម​ជាង​ ៤០ ​ម៉ឺន​តោន​៕

វីដេអូ៖