
លោក កើត រិទ្ធ (ស្តាំ) និងលោក អង្គ វង្សវឌ្ឍានា នៅក្នុងពិធីផ្ទេរតំណែងកាលពីថ្ងៃពុធ។ រូបថត ក្រសួងយុត្តិធម៌
ភ្នំពេញៈ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលទើបឡើងកាន់តំណែងថ្មី បានប្តេជ្ញាចិត្តនឹងបន្តអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ដើម្បីលើកកម្ពស់គុណភាពនៃការផ្តល់សេវាយុត្តិធម៌ឱ្យបានត្រឹមត្រូវដើម្បីបង្កើនជំនឿទុកចិត្តពីសាធារណជនលើវិស័យយុត្តិធម៌។
លោកថ្លែងដូច្នេះនៅក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់តំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃពុធ។ លោក កើត រិទ្ធ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជំនួសលោក អង្គ វង្សវឌ្ឍានាដែលបានកាន់តំណែងរយៈពេល ១៦ ឆ្នាំ ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ លោក កើត រិទ្ធ នៅមុនពេលចូលកាន់តំណែងថ្មីនេះគឺជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌។
លោកថ្លែងទៀតថា លោកនឹងបន្តពង្រឹង និងពង្រីកសមិទ្ធផលកំណែទម្រង់បន្ថែមទៀត ដើម្បីជាផលប្រយោជន៍សម្រាប់វិស័យយុត្តិធម៌ និងសង្គមជាតិ។ លោកនឹងពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ ដើម្បីធ្វើជាស្នូលក្នុងការដឹកនាំវិស័យយុត្តិធម៌ក៏ដូចជាធានាសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរថ្នាក់ដឹកនាំនៃវិស័យនេះ ដើម្បីឱ្យមានការចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុនៃការងារកំណែទម្រង់។
លោកថ្លែងថា៖ «(ខ្ញុំសូមធ្វើការប្តេជ្ញាចិត្ត) ពង្រឹងសុចរិតភាព និងភាពត្រឹមត្រូវនៃការអនុវត្តការងាររបស់មន្ត្រីតុលាការតាមរយៈការពង្រឹងវិន័យ និងសីលធម៌វិជ្ជាជីវៈក្នុងវិស័យនេះសំដៅលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអង្គតុលាការបន្ថែមទៀត»។
លោកបន្តថា៖ «ដើម្បីសម្រេចបាននូវគោលដៅទាំងអស់នេះ ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងយុត្តិធម៌ក៏ដូចជាមន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀតនឹងចូលរួមយ៉ាងសកម្ម ដើម្បីបុព្វហេតុក្នុងការពង្រឹងនីតិរដ្ឋនៅកម្ពុជា»។
លោក អង្គ វង្សវឌ្ឍានា បានថ្លែងក្នុងពិធីនោះថា លោក កើត រិទ្ធ មានការយល់ដឹងច្រើនលើការងារវិស័យយុត្តិធម៌ បន្ទាប់ពីបានធ្វើការជាមួយលោកអស់ប្រមាណជាង ១ អាណត្តិ ហើយលោកសង្ឃឹមថាលោក កើត រិទ្ធ នឹងទទួលបាននូវការជ្រោមជ្រែងពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ក៏ដូចជាការចូលរួមគាំទ្រដោយស្វាហាប់ និងស្មោះស្ម័គ្រពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់។
លោកថ្លែងថា៖ «សុំឱ្យចូលរួមក្នុងការគាំទ្រឯកឧត្តម កើត រិទ្ធ ដើម្បីបន្តនូវការដោះស្រាយនូវបញ្ហាប្រឈមទាំងអស់នោះដើម្បីសម្រេចបាននូវសមិទ្ធផលល្អៗថែមទៀតជូនក្រសួងយុត្តិធម៌ក៏ដូចជាការចូលរួមក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល ក៏ដូចជាចូលរួមក្នុងការគាំទ្រនូវវិស័យយុត្តិធម៌ផងដែរ»។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងដោយគិតថា លោក កើត រិទ្ធិ នឹងបន្តដោះស្រាយកង្វះធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ទោះបីជាកន្លងមកក្រសួងយុត្តិធម៌បានខិតខំផលិតធនធានមនុស្សសម្រាប់បម្រើក្នុងវិស័យយុត្តិធម៌ក៏ដោយ។ ការមិនមានតុល្យភាពនៃការកើនឡើងរវាងសំណុំរឿងជាមួយនឹងមន្ត្រីតុលាការគឺជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ។
លោក ស ខេង បញ្ជាក់ថា៖ «ការកកស្ទះសំណុំរឿងនៅតាមសាលាក្តីនៅតាមស្ថាប័នតុលាការកាន់តែមានភាពស្មុគស្មាញ ជាពិសេសបន្ទាប់ពីការដាក់ឱ្យដំណើរការដោយជោគជ័យនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន ៤ លើក។ ដូច្នេះអ្នកដែលត្រូវជាប់ឃុំមានចំនួនច្រើនដែលយើងមិនទាន់ដោះស្រាយបានស្រេចបាច់»។
បើតាមលោក ស ខេង គិតត្រឹមថ្ងៃទី ៣០ ខែមីនា មានជនជាប់ឃុំសរុប ៣៨ ៩៩០ នាក់ ក្នុងនោះមានស្ត្រី ២ ៥៩៣ នាក់។ ជនជាប់ចោទ និងជនត្រូវចោទមានចំនួន ១៤ ៧៩១ នាក់ ក្នុងនោះជនជាប់ចោទមានចំនួន ៤ ៧២៥ នាក់។ ពិរុទ្ធជនមានចំនួន ១៣ ៤០២ នាក់ ក្នុងនោះស្ត្រី ៩០៣ នាក់។ ពិរុទ្ធជនជាប់បណ្តឹងនៅសាលាឧទ្ធរណ៍ ៩៩៦ នាក់។ ពិរុទ្ធជនជាប់បណ្តឹងនៅតុលាការកំពូលមាន ១៣១ នាក់។ ពិរុទ្ធជនមិនទាន់ទទួលបានសាលក្រម ឬសាលដីកាស្ថាពរមាន ១២ ៣០៥ នាក់។ ទណ្ឌិតមានចំនួន ១០ ១៩៧ ក្នុងនោះស្រី ៧២៦ នាក់។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា កាលពីមុនលោក កើត រិទ្ធ គឺជាមន្ត្រីជំនាញផ្នែកច្បាប់ហើយនៅពេលលោកឡើងកាន់តំណែងជារដ្ឋមន្ត្រី អ្វីៗត្រូវគេឃើញក្នុងរូបភាពនយោបាយ។ អ្វីដែលលោកចង់ឃើញនោះគឺការនៅតែប្រកាន់ខ្ជាប់នូវមូលដ្ឋានបច្ចេកទេសផ្លូវច្បាប់ឱ្យបានច្រើនជាជាងទិដ្ឋភាពនយោបាយ ដើម្បីកុំឱ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជា រអិលទៅឆ្ងាយបន្តទៀត ខណៈពេលដែលកន្លងមកនេះមានការរិះគន់ច្រើនអំពីភាពមិនទាន់ដាច់ស្រេចគ្នារវាងប្រព័ន្ធយុត្តិធម៌ និងទិដ្ឋភាពនយោបាយ។
លោក សន ជ័យ ថ្លែងថា៖ «យើងយល់ថា មិនមានអ្វីអាក្រក់ទេ បើអ្នកជំនាញក្លាយទៅជាអ្នកនយោបាយជាន់ខ្ពស់នៅក្នុងស្ថាប័នមួយ។ តាមពិតតំណែងជារដ្ឋលេខាធិការក៏ជាតំណែងនយោបាយដែរ តែគ្រាន់ថានៅក្នុងទិដ្ឋភាពបច្ចេកទេសច្រើនជាងតំណែងសម្រេចចិត្តសម្រាប់ក្រសួងមួយដូចជាក្រសួងយុត្តិធម៌ជាដើមហ្នឹង។ រហូតមកដល់ពេលនេះយើងមិនទាន់ទទួលបានប្រព័ន្ធយុត្តិធម៌ដែលឯករាជ្យនៅឡើយទេ។ ប៉ុន្តែត្រូវពិនិត្យទៅលើតុល្យភាពនៃអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ»៕