ភ្នំពេញៈ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក សម រង្ស៊ី ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីចោទលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា បានគាំទ្រផែនការសងសឹក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រឿងស្លាប់អតីតអគ្គស្នងការនគរបាលជាតិលោក ហុក ឡង់ឌី។
តាមដីកាកោះចុះកាលពីថ្ងៃចន្ទដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានពីម្សិលមិញ ព្រះរាជអាជ្ញា សេង គីមឡាក់ បានកោះហៅលោក សម រង្ស៊ី ដោយហៅថា «ជនសង្ស័យ» ឲ្យចូលបំភ្លឺនៅសាលាដំបូងនៅថ្ងៃទី ៣១ ខែ កក្កដា នាពេលព្រឹក។ ដីកាកោះនេះបានធ្វើឡើង បន្ទាប់ពីមានបណ្តឹង ១ ដែលដាក់ដោយមេធាវី ៣ នាក់ រួមមាន មេធាវី ហាក់ សៀកលី មេធាវី ពេជ្រ សូរិយានិងមេធាវី ចៅ ប៊ុនហួន ដែលតំណាងឲ្យលោក ស ខេង ជាដើមបណ្តឹង។
ដីកាកោះនេះបានឲ្យដឹងថា៖ «សាមីខ្លួនត្រូវចូលមកតាមដីកាកោះនេះឲ្យបានទាន់ពេលវេលា និងនាំយកឯកសារពាក់ព័ន្ធនឹងករណីនេះប្រសិនបើមាន»។
ព្រះរាជអាជ្ញា សេង គីមឡាក់ ក៏បានជម្រាបស្នងការនគរបាលរាជធានីភ្នំពេញផងដែរពីករណីនេះ ហើយប្រាប់ឲ្យ «អនុវត្តករណីនេះទៅតាមនីតិវិធី»។
កាលពីសប្តាហ៍មុនលោក ស ខេង បានដាក់បណ្តឹងប្រឆាំងលោកសមរង្ស៊ីដែលថា លោក ឌី វិជ្ជា ដែលជាកូនប្រុស លោក ហុក ឡង់ឌី កំពុងពិភាក្សាផែនការជាមួយលោកដើម្បីសងសឹកលោក ហ៊ុន សែន ចំពោះការ ស្លាប់ឪពុករបស់ខ្លួន។ លោក សម រង្ស៊ី បានចោទលោក ហ៊ុន សែន ថា បានរៀបចំផែនការបំផ្ទុះឧទ្ធម្ភាគចក្រសម្លាប់លោក ហុក ឡង់ឌី ក្នុងឆ្នាំ ២០០៨។
ប៉ុន្តែកាលពីថ្ងៃចន្ទ លោក ស ខេង ថ្លែងថា លោកប្តឹងលោក សម រង្ស៊ី ដើម្បីរំឭកអ្នកនយោបាយឲ្យមានសីលធម៌ និងមានវិជ្ជាជីវៈ និងឈប់ប្រឌិតព័ត៌មានក្លែងក្លាយ។
ទន្ទឹមនឹងនេះ ព្រះរាជអាជ្ញាក៏បានអញ្ជើញមេធាវីដើមបណ្ដឹងទាំង ៣ នាក់ ឲ្យចូលសាលាដំបូងរាជធានីផងដែរនៅថ្ងៃពុធសប្តាហ៍ក្រោយ។ លោក ហាក់ សៀងលី ជាមេធាវីម្នាក់របស់លោក ស ខេង បានថ្លែងពីម្សិលមិញថា ជានីតិវិធី ព្រះរាជអាជ្ញានឹងសួរបន្ថែមទៀតពីបណ្តឹងនេះ និងថាតើដើមបណ្តឹងផ្លាស់ប្តូរចិត្តឬអត់?។ លោកថា៖ «គ្មានអ្វីផ្លាស់ប្តូរទេ»។
លោក សម រង្ស៊ី បានថ្លែងតាមអុីមែលពីម្សិលមិញថា គណបក្សប្រជាជន គួរប្រើវីដេអូឃ្លីបរបស់លោកដែលមានអ្នកមើលជាង ១,៨ លាននាក់ ដើម្បីគាំទ្របទចោទ «ញុះញង់» ប្រឆាំងលោក។
លោកថា៖ «នៅក្នុងវីដេអូឃ្លីបនេះ លោក ស ខេង រងប៉ះពាល់ធ្ងន់ធ្ងរជាង ដោយការចោទប្រកាន់របស់ខ្ញុំ» និងបានភ្ជាប់លីងទៅខុមមិនកាលពីថ្ងៃទី ៦ ខែ ឧសភា។ នៅក្នុងវីដេអូនេះ លោក សម រង្ស៊ី ថា គណបក្សប្រជាជនកម្ពុជា «នឹងរលំ» ហើយលោក ស ខេង គឺធម្មតាជាមួយនឹងគាត់៕