ភ្នំពេញៈ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាលោកស្រី រ៉ូណា ស្ម៊ីត កាលពីថ្ងៃពុធបានលើកយកបញ្ហាវិវាទដីធ្លី ជាពិសេសរឿងវិវាទដីធ្លីពាក់ព័ន្ធនឹងក្រុមហ៊ុនចិន UDG ទៅពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួង បរិស្ថាន លោក សាយ សំអាល់ ខណៈបញ្ហាជម្លោះដីធ្លីរវាងក្រុមហ៊ុន UDG ជាមួយប្រជាពលរដ្ឋនៅតែមិនទាន់ត្រូវបានដោះស្រាយបញ្ចប់នៅឡើយ។
ក្នុងជំនួបបិទទ្វារជិត ១ ម៉ោងដែលធ្វើឡើងនៅក្រសួងបរិស្ថានកាលពីថ្ងៃពុធលោក សាយ សំអាល់ បានជម្រាបជូនលោកស្រី ស្ម៊ីត ពីដំណើរការកំណែទម្រង់ស៊ីជម្រៅដែលក្រសួងបរិស្ថានបានធ្វើក្នុងនោះមានការពង្រឹងធនធានមនុស្សការការពារធនធានធម្មជាតិ និងវឌ្ឍនភាពវិជ្ជមាននៃការដោះស្រាយដីធ្លីក្នុងនោះមានការដោះស្រាយដីធ្លីនៅខេត្តកោះកុងជាមួយក្រុមហ៊ុន UDG។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
លោកស្រី រ៉ូណា ស្ម៊ីត ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមុនចូលទៅក្នុងរថយន្តថា៖ «ខ្ញុំបានពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រីនូវបញ្ហាផ្សេងៗជាច្រើនទាក់ទងការងារជាច្រើនរបស់ក្រសួងបរិស្ថានក្នុងនោះមានបញ្ហាដីធ្លី ការគ្រប់គ្រងកាកសំណល់ និងបញ្ហាបរិស្ថាន»។
លោក ភក្ត្រា បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍តាមរយៈសារអេឡិចត្រូនិកថាលោករដ្ឋមន្ត្រីបរិស្ថានបានជម្រាបជូនលោកស្រី ស្ម៊ីត ពីការពង្រឹងធនធានមនុស្ស ការធ្វើឲ្យរដ្ឋបាលទំនើបដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងកិច្ចគាំពារបរិស្ថានការការពារធនធានធម្មជាតិការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។
លោកបញ្ជាក់ថា៖ «ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនលោកស្រី ស្ម៊ីត ពីវឌ្ឍនភាពដ៏វិជ្ជមាននៃការដោះស្រាយជម្លោះដីធ្លីដោយក្នុងនោះមានការដោះស្រាយដីធ្លីនៅខេត្តកោះកុងជាមួយក្រុមហ៊ុន UDG ដែលបានកំណត់អត្តសញ្ញាណច្បាស់លាស់នៃអ្នកដែលទទួលរងផលប៉ះពាល់ និងធ្វើការដោះស្រាយសមស្រប»។
លោកបន្ថែមថាទាក់ទងនឹងបញ្ហាដីធ្លីនេះដែរលោក សាយ សំអាល់ បានជម្រាបជូនលោកស្រី ស្ម៊ីត ថារាជរដ្ឋាភិបាលកម្ពុជាបានឈប់ផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មីបន្ថែមទៀតតាំងពីខែឧសភាឆ្នាំ ២០១២ មកហើយបានធ្វើការត្រួតពិនិត្យឡើងវិញលើគម្រោងវិនិយោគ លើសម្បទានដីសេដ្ឋកិច្ចប្រមាណ ៥០ ដោយបានដោះស្រាយ បញ្ហាជម្លោះដីធ្លីដែលមានក្រុមហ៊ុនពាក់ព័ន្ធព្រមទាំងកាត់ឆ្វៀលដីសម្រាប់ពលរដ្ឋសហគមន៍ និងបានកាត់បន្ថយថិរវេលានៃការផ្តល់សម្បទានដីសេដ្ឋកិច្ចពី ៩៩ ឬ ៩០ ឆ្នាំ ៧០ ឆ្នាំឱ្យនៅត្រឹមរយៈពេល ៥០ ឆ្នាំប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «គម្រោងវិនិយោគមួយចំនួនដែលមិនគោរពតាមគោលការណ៍ និងកិច្ចសន្យារាជរដ្ឋាភិបាលបាននិរាករណ៍ និងដកហូតមកធ្វើជាសម្បត្តិរដ្ឋដែលដីខ្លះត្រូវចាត់ជាសម្បទានដីសង្គមកិច្ច និងខ្លះទៀតត្រូវចាត់ចូលជាតំបន់អភិរក្ស...»។
ក៏ប៉ុន្តែលោក សែម ធី ពលរដ្ឋម្នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន UDG នៅឃុំព្រែកខ្សាច់ ខេត្តកោះកុងអះអាងថាជម្លោះដីធ្លីរវាងក្រុមហ៊ុន UDG ជាមួយពលរដ្ឋរហូតមកដល់ពេលនេះពុំទាន់បានដោះស្រាយបញ្ចប់នៅឡើយទេ ទោះបីប្រជាពលរដ្ឋជាច្រើននៅតែបន្តតវ៉ាទាមទាក៏ដោយ។
លោកថាលើសពីនេះអាជ្ញាធរខេត្តបានបន្តគំរាមកំហែង និងបំភិតបំភ័យប្រជាពលរដ្ឋដែលព្យាយាមធ្វើការតវ៉ាទាមទារដីធ្លីរបស់ពួកគេ។
លោកបញ្ជាក់ថា៖ «យើងមិនទាន់មានដំណោះស្រាយទេ ហើយអាជ្ញាធរខេត្តបានអះអាងថា គេមិនអាចកាត់ដីឲ្យប្រជាពលរដ្ឋបានទេ។ ទោះបីជាយើងតវ៉ាទាមទារក៏ពួកគេមានតែគំរាមប្រជាពលរដ្ឋថែមទៀត។ នៅមានពលរដ្ឋរាប់រយគ្រួសារនៅមិនទាន់បានទទួលដំណោះស្រាយពីអាជ្ញាធរ»៕