ខេត្តព្រះសីហនុៈ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុបានបង្ហាញការសោកស្ដាយចំពោះអំពើហិង្សាដែលបានកើតឡើងរវាងអ្នកធ្វើបាតុកម្ម និងកងកម្លាំងប្រដាប់អាវុធក្នុងអំឡុងពេលចុះអនុវត្តសាលដីកាតុលាការកំពូលនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីខែមករាកន្លងមកនេះ ហើយបានអះអាងថានឹងស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងដើម្បីផ្ដន្ទាទោសតាមច្បាប់។
លោក ប៊ុនវណ្ណៈ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ៦ ខែកុម្ភៈនៅក្នុងក្រុងព្រះសីហនុ មិនបានអះអាងថានរណាជាអ្នកនៅពីក្រោយខ្នងនោះទេ ប៉ុន្តែបានបញ្ជាក់ថា ដីនៅទីនោះមានការបញ្ជាក់ដោយមេភូមិ មេឃុំ ដែលដឹងហើយឮហើយ ថាដីនោះមានម្ចាស់ ជាដីកម្មសិទ្ធិរបស់គេ របស់ក្រុមហ៊ុននេះ ក្រុមហ៊ុននោះ និងរបស់រដ្ឋ តែមេឃុំនៅតែព្យាយាមបញ្ជាក់ ថាបានទិញលក់ ឬមានស្នាមមេដៃថាបានទិញលក់ពិតប្រាកដ នេះជាល្បិចនយោបាយមួយរបស់ក្រុមនោះ។
លោក ប៊ុនវណ្ណៈ ថ្លែងថា៖ «នៅឃុំបិតត្រាំង ពីមុនមកមេឃុំគឺជាបេក្ខភាពសមាជិករបស់គណបក្ស សម រង្ស៊ី។ គាត់ចង់យកប្រៀបនយោបាយលើគណបក្សកាន់អំណាច គាត់ចុះហត្ថលេខាទាំងអស់លើឯកសារទាំងនោះ បើទោះជាដឹងថា ដីនេះជាដីរបស់គេ ដីនោះជាដីរបស់ក្រុមហ៊ុន ដោយធ្វើយ៉ាងម៉េចឲ្យមានបាតុភាពបែបនេះកើតឡើង ដើម្បីជាផលប្រយោជន៍នយោបាយរបស់ខ្លួន»។
លោក ប៊ុនវណ្ណៈ ថ្លែងថា៖ «យើងកំពុងស្រាវជ្រាវរកមេខ្លោង យើងកំពុងតែស្រាវជ្រាវរកអ្នកដែលនៅពីក្រោយខ្នងដែលញុះញង់ឲ្យប្រជាពលរដ្ឋទាំងអស់នោះមកធ្វើបាតុកម្ម ប្រើអំពើហិង្សានៅទីនោះ។ (ការ) មកចាប់ដី មកលក់ដី ការទិញលក់តៗគ្នា នៅទីនោះ វាជារឿងមួយខុសទៅហើយ។ អ៊ឹចឹងយើងកំពុងតែវែកមុខរកជនណាដែលបង្កឲ្យមានបញ្ហានៅទីនោះ យើងនឹងផ្តន្ទាទោសទៅតាមច្បាប់»។
លោក ឡាក់ គៀន អតីតមេឃុំបិតត្រាំង កូតាមកពីគណបក្ស សម រង្ស៊ី ក្នុងឆ្នាំ ២០០៧ បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយអះអាងថា គ្មានពាក់ព័ន្ធនឹងករណីនោះទេ ហើយក៏មិនស្គាល់ដីមានជម្លោះនោះដែរ ដោយសារកន្លងមក មេឃុំមានការផ្លាស់ប្តូរគ្រប់អាណត្តិ ហើយតាំងពីលោកឈប់ពីមេឃុំនោះមក ក៏ឈប់រស់នៅក្នុងខេត្តព្រះសីហនុដែរ។
លោក គៀន ថ្លែងថា៖ «បើសិនជាគេចោទប្រកាន់ខ្ញុំ ដូច្នេះខ្ញុំគ្មានសិទ្ធិអ្វីទៅតតាំងជាមួយនឹងការចោទប្រកាន់នោះទេ ខ្ញុំមនុស្សតូចតាច គ្មានជាប់ពាក់ព័ន្ធ។ កាលខ្ញុំធ្វើជាមេឃុំ វាតែងតែមានការផ្តល់ និងទទួលស្គាល់ការទិញលក់ដីហើយ តែមិនដឹងថា កន្លែងណាជាកន្លែងណាទេ ព្រោះនៅក្នុងឃុំតែងតែមានហើយ ដោយសារការទិញលក់ គេមានលិខិត និងទីតាំងជាក់ស្តែង ដែលយើងមិនដឹង មិនចាំជាកន្លែងណាទេ»។
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបានបង្កើតគណ:កម្មការ ដែលជាក្រុមជំនាញឲ្យស៊ើបអង្កេតទៅលើអំពើហិង្សាដែលបង្កដោយកងកម្លាំងប្រដាប់អាវុធក្នុងការអនុវត្តច្បាប់ ទោះយ៉ាងណាក៏ដោយការស៊ើបអង្កេតមិនទាន់ប្រកាសបិទបញ្ចប់នៅឡើយទេ។
ពលរដ្ឋប្រមាណ ៣០០ នាក់ និងកងកម្លាំងសមត្ថកិច្ចជាង ២០០ នាក់បានផ្ទុះអំពើហិង្សាក្នុងពេលចុះអនុវត្តសាល ដីកាតុលាការកំពូលរឿងដីធ្លី កាលពីថ្ងៃទី ២៤ មករា។ បានធ្វើឲ្យមនុស្សម្នាក់របួសធ្ងន់ដោយគ្រាប់កាំភ្លើងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្នាក់ទៀតរបួសស្រាល ហើយ ៤ នាក់ ត្រូវបានឃាត់ខ្លួន តែដោះលែងវិញនៅថ្ងៃដដែលនោះ។ ករណីប៉ះទង្គិចនេះត្រូវបានអាជ្ញាធរដាក់ការសង្ស័យថា មានការរៀបចំទុកជាស្រេចនូវដបសាំង កង់ឡាន និងមានពលរដ្ឋដែលពុំមានដីនៅកន្លែងកើតហេតុ ដែលត្រូវបានជួល ដើម្បីបង្កបាតុភាពហិង្សា។
ទោះយ៉ាងណាក៏ដោយ លោក ផៃ ប៊ុនវណ្ណៈ អះអាងថា ជាចេតនារបស់អាជ្ញាធរចម្រុះគឺដើម្បីអនុវត្តសាលដីការបស់តុលាការកំពូលឲ្យបានត្រឹមត្រូវជូនអ្នកឈ្នះក្តីតែប៉ុណ្ណោះ តែដោយសារពលរដ្ឋមានភាពរឹងទទឹង និងប្រើប្រាស់ហិង្សាតតាំងជាមួយអាជ្ញាធរ ទើបសមត្ថកិច្ចបានប្រើប្រាស់អាវុធការពារខ្លួន។ លោក ប៊ុនវណ្ណៈ បានអះអាងផងដែរថា មន្ត្រីប៉ូលិសមួយចំនួន ក៏ត្រូវបានពិន័យផ្នែករដ្ឋបាលរួចមកហើយ និងរង់ចាំបិទបញ្ចប់ការស៊ើបអង្កេតរបស់គណៈកម្មការចំពោះកិច្ច ដែលកំពុងបន្តស្រាវជ្រាវដោយមិនទាន់បិទបញ្ចប់នៅឡើយទេ។
លោក អេង ហ៊ី អ្នកនាំពាក្យនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បដិសេធមិនធ្វើអត្ថាធិប្បាយកាលពីម្សិលមិញ។លោក ហួត វិចិត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ស្ថាប័នតុលាការរង់ចាំតែរបាយការណ៍ពីមន្ត្រីមានសមត្ថកិច្ច ដើម្បីបន្តនីតិវិធីស៊ើបអង្កេតបន្ត ដូច្នេះនៅពេលនេះ មិនអាចបញ្ជាក់អ្វីបាននៅឡើយទេ។
លោកព្រះរាជអាជ្ញាអមសាលាដំបូង បានថ្លែងថា៖ «ខ្ញុំអត់ទាន់បានទទួលរបាយការណ៍ណាមួយផង អ៊ឹចឹងអត់ទាន់អាចឆ្លើយកើត»៕