ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែសម្រួលសមាសភាពគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ប៉ុន្តែនៅតែរក្សាសមាសភាពចំនួន ២៦ រូបដដែល ខណៈដែលសង្គមស៊ីវិលមើលឃើញថា បច្ចុប្បន្នតំបន់ឆ្នេរត្រូវបានអាជ្ញាធរយកចិត្តទុកដាក់សម្អាតឲ្យបានល្អប្រសើរជាងមុន បើទោះបីកន្លងមកមានការវាតយកដីតំបន់ឆ្នេរក៏ដោយ។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលចុះថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៩ ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានកាលពីម្សិលមិញបានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែបន្តធ្វើជាប្រធានកិត្តិយស លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តធ្វើជាប្រធាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្តធ្វើជាអនុប្រធាន ខណៈលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្តធ្វើជាអនុប្រធានអចិន្រៃ្តយ៍។
ជាមួយគ្នានេះ លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី លោក ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ហូ វិចិត្រ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការ ក្រសួងផែនការ លោក តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោក កែន សត្ថា អភិបាលខេត្តកែប លោក ឃុន បូរិន្ទ តំណាងគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រ លោក វ៉ាន់ មុនីនាថ តំណាងអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងបរិស្ថាន លោក ឆាយ ឫទ្ធិសែន អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម និងលោក ប៉ែន សុផល អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.អ.ឆ.ក. ត្រូវបានរដ្ឋាភិបាលសម្រេចបន្តទុកធ្វើជាសមាជិកដដែល។
ក្រៅពីនេះមានដូចជា លោក ជាវ តាយ អភិបាលខេត្តកំពត លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក ទេព ធន តំណាងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវរដ្ឋាភិបាលបញ្ចូលជាសមាជិកថ្មីរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ដើម្បីជំនួសកន្លែងលោកព្រំ សុខា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ លោក ចាន់ ចេស្ដា អតីតអភិបាលខេត្តកំពត លោក ប៊ុន លើត អតីតអភិបាលខេត្តកោះកុង និងលោក សុទ្ធ ធី អតីតតំណាងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
លោក សេង ឡូត មន្រ្តីនាំពាក្យក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ការកែសម្រួលនេះគឺធ្វើឡើងដោយសារសមាសភាពមួយចំនួន ត្រូវបានផ្លាស់ប្ដូរមុខតំណែង ឬទៅកាន់មុខងារនៅក្រសួងផ្សេង ដូច្នេះអន្តរក្រសួង ត្រូវតែផ្ដល់សមាសភាពថ្មីមកជំនួសដែលនេះគឺជារឿងធម្មតាប៉ុណ្ណោះ ហើយតែងអនុវត្តឡើងគ្រប់គណៈកម្មាធិការទាំងអស់។
លោកថា៖ «ដូចជារដ្ឋលេខាធិការក្រសួងខ្លះគាត់ដូរទៅធ្វើនៅក្រសួងផ្សេង ឬក៏គាត់ទៅទទួលមុខតំណែងអីផ្សេង អ៊ីចឹងអ្នកហ្នឹងលែងមានឈ្មោះនៅហ្នឹង (តួនាទីចាស់) ត្រូវសុំសមាសភាពថ្មីពីក្រសួងទាំងនោះមកជំនួស និយាយទៅការងារហ្នឹងគឺជាការងារធម្មតា»។
រដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ ២០១២ ដើម្បីបំពេញការងារ ដូចជារៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ដ ផែនការមេ ផែនការសកម្មភាព កម្មវិធីនិងគម្រោងផ្សេងៗ ដែលទាក់ទងនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ។ រៀបចំបទដ្ឋាន គតិយុត្ត និងគោលការណ៍ចាំបាច់នានាដើម្បីធានាឲ្យបាននូវការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយតម្លាភាព សមធម៌ និងនិរន្តរភាពបរិស្ថាន។ ពិនិត្យ បង្ការ និងចាត់វិធានការចាំបាច់ដើម្បីទប់ស្កាត់រាល់សកម្មភាពទាំងឡាយដែលប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិ នៅតាមឆ្នេរ។ ចូលរួមពិនិត្យនិងផ្ដល់មតិ ជូនស្ថាប័នសមត្ថកិច្ច ចំពោះសំណើសុំវិនិយោគ ដែលពាក់ព័ន្ធលើឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ តំបន់រណប កោះ ដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រ និងផ្ទៃទឹកជាប់សមុទ្រ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រជាដើម។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជាសង្កេតឃើញថា បើទោះជាមានការបង្កើតគណៈកម្មការដើម្បីគ្រប់គ្រងតំបន់ឆ្នេរតាំងពីឆ្នាំ ២០១២ ក្ដី ប៉ុន្តែគណៈកម្មការនេះ ទើបយកចិត្តទុកដាក់ ទៅលើការងាររបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានានា នៅតាមឆ្នេរពីឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ នេះប៉ុណ្ណោះដូចជាការធ្វើអាងចម្រោះទឹកកខ្វក់ហូរចូលសមុទ្រ និងការប្រើប្រាស់រថយន្តសម្រាប់ប្រមូលសំរាមនៅតាមឆ្នេរជាដើម។
លោក សុខុម បន្តថា គណៈកម្មការនេះក៏គួរតែពន្លឿនការទប់ស្កាត់សកម្មភាពទន្ទ្រានកាន់កាប់ដីតំបន់ឆ្នេរ ដែលលោកបានអះអាងថា មានតំបន់ឆ្នេរជាច្រើនកន្លែងត្រូវបាត់បង់ដែលជាហេតុធ្វើឱ្យធ្លាក់ចុះចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមួយចំនួន។
លោកថា៖ «កន្លងមកហ្នឹង ការបាត់បង់ដីឆ្នេរ ឬការរំលោភយកដីឆ្នេរយ៉ាងម៉េចក៏ដោយ ក៏មិនដែលឃើញមានវិធានការអីតាមច្បាប់ឱ្យបានតឹងរឹុងដែរ។ ឥឡូវនេះគាត់ដុតដៃដុតជើង ផ្នែកបរិស្ថានគឺកាកសំណល់រឹងរាវហ្នឹង ទាំងផ្នែកទឹកកខ្វក់ទាំងការសម្អាតបរិស្ថាននៅតាមឆ្នេរខ្សាច់ជាដើម គាត់យកចិត្តទុកដាក់ធ្វើហើយ»៕