មណ្ឌលគិរីៈ ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ប្រមាណ​ជាង​ ១០០ ​នាក់​ដែល​រស់នៅ ឃុំ​ស្រែហ៊ុយ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​បាន​នាំ​គ្នា​តវ៉ា​ពី​ម្សិលមិញ​ប្រឆាំង​ទៅ​នឹង​ចំណាត់ការ​របស់​ក្រុមមន្ត្រី​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​ស្រែពក​ដែល​បាន​ចុះ​ដក​បង្គោលរបង​ឈើ​កំណត់​ទីតាំង​ព្រៃ​កប់ខ្មោច​ដូនតា​របស់​ពួកគាត់​។

លោក​ ទេន ប៊ុនសាម អាយុ​ ៣៦ ​ឆ្នាំ​រស់នៅ​ភូមិ​ឈុល ឃុំ​ស្រែហ៊ុយ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា បង្គោល​ឈើ​កំណត់​ព្រំប្រទល់​ដីព្រៃ​កប់​សព​ដូនតា​របស់​ពួកគាត់​រាប់​សិប​ដើម​ត្រូវ​បាន​ក្រុមមន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​រុះរើ និង​ដកចេញ​ដោយ​ពុំ​បាន​ជូន​ដំណឹង​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​នោះ​ទេ​។

លោក​ ប៊ុនសាម ថា​៖ «​យើង​មិន​ដឹង​ពី​មូលហេតុ​ដែល​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ដក​បង្គោល​កំណត់​ព្រំប្រទល់​ដីព្រៃ​ផ្នូរខ្មោច​ដូនតា​របស់​យើង​នោះ​ទេ​។ យើង​មាន​ក្ដីបារម្ភ​ខ្លាំង​ណាស់​ជុំវិញ​ករណី​នេះ ព្រោះ​កន្លង​មក​ថ្មីៗ​នេះ​មាន​មនុស្ស​ចម្លែកៗ​ជាច្រើន​បាន​ចេញ​ចូល​នៅក្នុង​ភូមិ​របស់​ពួកយើង ហើយ​ពួកគេ​បាន​ស៊ើបសួរ​ចង់​ទិញ​ដីព្រៃ​ពី​សហគមន៍​របស់​យើង តែ​ពួកយើង​មិន​ព្រម​»​។

លោក​បន្ត​ថា​បន្ទាប់ពី​មាន​ករណី​បែប​នេះ​កើតឡើង​ក្រុម​អ្នកភូមិ​ក៏​បាន​នាំ​គ្នា​បោះបង្គោល​ហ៊ុមព័ទ្ធ​ដីព្រៃ​ផ្នូរខ្មោច​ដូនតា ដើម្បី​ការពារ​ពី​ការរំលោភបំពាន​នានា​ពី​ជន​ឱកាសនិយម​ទាំងនោះ​។

ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ​មុន​នេះ​ស្រាប់តែ​មាន​អាជ្ញាធរ​ភូមិ ឃុំ និង​អាជ្ញាធរ​ជំនាញ​ផ្នែក​បរិស្ថាន​នាំ​គ្នា​ចុះ​ដក​បង្គោល​ទាំង​នោះ​អស់​រាប់សិប​ដើម​តែ​ម្ដង​។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ ស្រ៊ីន កាហេ អាយុ ២៦ ​ឆ្នាំ​រស់នៅ​ភូមិ​ឆុងប៉ាង ឃុំ​ស្រែហ៊ុយ ដែល​បាន​ទៅ​ចូលរួម​នៅក្នុង​ការតវ៉ា​ដែរ​នោះ​បាន​និយាយ​បន្ទរ​ថា​ដីព្រៃ​ផ្នូរ​ដូនតា​គឺជា​ដីព្រៃ​ចុងក្រោយ​របស់​ពួកគាត់​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​សម្រាប់​រក្សាទុក និង​ប្រើប្រាស់​ច្រើន​យ៉ាង​។

លោក​ កាហេ ថា​៖ «​ជនជាតិ​ដើម​ភាគតិច​ព្នង​យើង​ខ្ញុំ រស់នៅ​អាស្រ័យ​លើ​ការដាំដុះ ចិញ្ចឹមសត្វ គោ ក្របី និង​ការរុករក​អនុផល​ព្រៃឈើ​។ ព្រៃ​ផ្នូរខ្មោច​ដូនតា​គឺជា​ក្ដី​រំពឹង​ចុងក្រោយ​របស់​ពួកយើង ដូច្នេះ​ពួកយើង​មិន​ឲ្យ​អ្នក​ណា​ម្នាក់​រំលោភ​បំពាន​យក​បាន​ឡើយ ពួកយើង​ស៊ូ​ស្លាប់​ដើម្បី​ការពារ​វា​សម្រាប់​អ្នកជំនាន់​ក្រោយ​របស់​ពួកយើង​»​។

ទោះ​ជា​យ៉ាង​ណា​អ្នកភូមិ​ទាំងអស់​មិន​បាន​ដឹង​ច្បាស់​ថា ដីព្រៃ​ផ្នូរខ្មោច​ដូនតា​របស់​ពួកគាត់​មាន​ទំហំ​ប៉ុន្មាន​នោះ​ទេ​។ ពួកគាត់​និយាយ​ក្នុង​ភាពស្រពេច​ស្រពិល​ថា ដីព្រៃ​ផ្នូរខ្មោច​ដូនតា​នោះ​មិន​ធំ​ទេ​គឺ​មាន​ទំហំ​ប្រមាណ​មិន​ដល់​ ១០០០ ​ម៉ែត្រ​ ៤ ​ជ្រុង​នោះ​ទេ ប៉ុន្តែ​ទំហំ​នេះ​ត្រូវ​បាន​លោក សយ ច្រឹប មេឃុំ​ ស្រែហ៊ុយ អះអាង​ថា​មិន​ត្រឹមត្រូវ​នោះ​ទេ​។

លោក​ សយ ច្រឹប បាន​អះអាង​ដែរ​ថា​ការពិត​ដី​ព្រៃ​ផ្នូរខ្មោច​ដូនតា​របស់​ពួកគេ​មាន​ទំហំ​ ៥០០ ​ម៉ែត្រ​ ៤ ​ជ្រុង​ ឬ​ស្មើ​ ២៥ ​ហិកតា ហើយ​ដី​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ឲ្យ​សហគមន៍​របស់​ពួកគាត់​តាំងពី​ឆ្នាំ​ ២០០៣ ​មក​ម្ល៉េះ​។ ទីតាំង​ដីព្រៃ​នោះ​គឺ​ស្ថិត​នៅ​ម្ខាង​ផ្លូវ​នៃ​ទីតាំង​ដី​ដែល​ពួកគាត់​កំពុង​នាំ​គ្នា​បោះ​បង្គោលរបង​ហ៊ុមព័ទ្ធ​នេះ​។

លោក​បញ្ជាក់​ថា​៖ «​យើង​គាំទ្រ​ចំពោះ​ស្មារតី​ការពារ និង​អភិរក្ស​ព្រៃ​ផ្នូរ​ដូនតា​របស់​ពួកគាត់ ប៉ុន្តែ​អ្វី​ដែល​ពួកគាត់​កំពុង​ធ្វើ​បាន​រំលោភ​មួយ​ផ្នែក​ទៅ​លើ​ព្រៃ​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក និង​មួយ​ផ្នែក​ទៀត​បាន​រំលោភ​លើដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​»​។

លោក ព្រំ សុវណ្ណា ប្រធាន​តំបន់​ការពារ​ដែនជម្រក​សត្វព្រៃ​ស្រែពក​ថ្លែង​ថា​៖ «​ករណី​ប្រជាសហគមន៍​នៅ​ក្នុង​ភូមិ​ឈុល និង​ភូមិ​ឆុងប៉ាង សមត្ថកិច្ច​ជំនាញ​យើង​គាំទ្រ​ចំពោះ​ស្មារតី​ចេះ​ការពារ និង​អភិរក្ស​ព្រៃឈើ និង​ផ្នូរ​ដូនតា​របស់​ពួកគាត់ ប៉ុន្តែ​សកម្មភាព​របស់​ពួកគាត់​ពេល​ខ្លះ​ធ្វើ​ហួស​ព្រំដែន និង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ​គឺ​ពួកគាត់​បាន​បោះបង្គោល​កំណត់​ព្រំដី​ព្រៃ​ផ្នូរ​ដូនតា​របស់​គាត់​រំលោភ​ចូល​ក្នុង​ដី​ដែន​ជម្រក​របស់​យើង​»​។

លោក​បាន​បន្ថែម​ថា​ទោះ​យ៉ាងណា​ក៏ដោយ​នៅ​ពេល​នេះ​ក្រុមមន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន​នៃ​ដែនជម្រក​សត្វព្រៃ​ស្រែពក កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ធ្វើការ​សម្រប​សម្រួល និង​ធ្វើការ​ពន្យល់​ណែនាំ​ដល់​អ្នកភូមិ​ទាំង​នោះ​ហើយ​៕