
កងទ័ពកំពុងប្រជុំជួរក្នុងបន្ទាយមួយនៅខេត្តបាត់ដំបងពីឆ្នាំមុន។ រូបថត Hun Manet page
ភ្នំពេញៈ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន បានចេញបទបញ្ជាហាមយោធិនចេញក្រៅអង្គភាព ឬបន្ទាយជាដាច់ខាត ហើយក៏មិនអនុញាតឱ្យជួបជុំគ្នាក្នុងពិធីផ្សេងៗនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ព្រោះនាំឱ្យប៉ះពាល់ដល់វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោក វង្ស ពិសេន បានបញ្ជាក់ក្នុងបទបញ្ជាចុះថ្ងៃទី ៣១ ខែមីនា ថា៖ «មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ កងឯកភាព ស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោពលខេមរភូមិន្ទទាំងអស់ដែលមានទ័ពប្រមូលផ្តុំនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់មិនអនុញ្ញាតឱ្យយោធិនចេញក្រៅកងឯកភាព ឬបន្ទាយជាដាច់ខាត។ មិនត្រូវប្រមូលផ្តុំជប់លៀង ឬពិធីផ្សេងៗនាំឱ្យប៉ះពាល់ដល់វិធានការការពារជំងឺកូវីដ១៩»។
លោក វង្ស ពិសេន បញ្ជាក់ទៀតថា យោធិន ត្រូវត្រៀមកម្លាំងជាស្រេចដើម្បីអន្តរាគមន៍ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩តាមបទបញ្ជាអគ្គបញ្ជាការ។ យោធិនក៏ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពតាមសេចក្តីណែនាំដែលបានចេញកាលពីខែមុនស្តីពីការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ ១៩ របស់អគ្គបញ្ជាការ។
លោក វង្ស ពិសេន បានបញ្ជាក់ថា៖ «នាយកខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន មេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញនាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋានត្រូវចាត់តាំងអនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីពេលចុះហត្ថលេខានេះតទៅរហូតដល់មានបទបញ្ជាថ្មី និងរាយការណ៍ជាប្រចាំមកទីចាត់ការកលយុទ្ធអគ្គបញ្ជាការដ្ឋាន»។
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិមិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បន្ថែមបានទេកាលពីថ្ងៃពុធ។
នៅក្នុងសេចក្តីណែនាំកាលពីខែមីនាលោក វង្ស ពិសេន បញ្ជាក់ថាដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ គ្រប់អង្គភាពត្រូវកាត់បន្ថយការជួបជុំគ្នាចាប់ពី ៣០ នាក់ឡើងទៅលើកលែងតែក្នុងករណីចាំបាច់ត្រូវរក្សាគម្លាតពីមនុស្សម្នាក់ទៅម្នាក់ចម្ងាយ ១,៥ ម៉ែត្រទៅ ២ ម៉ែត្រយ៉ាងតិច។ គ្រប់កងឯកភាពត្រូវចូលរួមទប់ស្កាត់រាល់ការបំភិតបំភ័យគ្រប់រូបភាពតាមរយៈការបំផុសព័ត៌មានតាមបណ្តាញសង្គម និងប្រភពផ្សេងៗដែលបំផ្លើសការពិតដែលធ្វើឱ្យជះឥទ្ធិពលដល់សង្គម និងសតិអារម្មណ៍ក្នុងជួរកងទ័ព។
សេចក្តីណែនាំបញ្ជាក់ថា៖ «គ្រប់កងឯកភាពត្រូវអប់រំដល់យោធិនក្រោមឱវាទ ក្រុមគ្រួសារ និងប្រជាជនឱ្យបានយល់ដឹងអំពីឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ និងដាក់ចេញវិធានការការពារ ទប់ស្កាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល»។
បើតាមសេចក្តីណែនាំនេះកងឯកភាព សាលា និងវិទ្យាស្ថានហ្វឹកហ្វឺនមិនត្រូវអនុញ្ញាតឱ្យសិក្ខាកាមចេញក្រៅបរិវេណសាលា និងកងឯកភាពជាបណ្តោះអាសន្នលើកលែងតែមានករណីពិសេសណាមួយ ហើយពេលចូលមកវិញត្រូវមានការត្រួតពិនិត្យ។
កាលពីថ្ងៃទី ២៩ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជារាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្ត្រីនៃសមាជិករាជរដ្ឋាភិបាលអាជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ជាប្រចាំនៅតាមមូលដ្ឋាន។
លោក ហ៊ុន សែន ថែមទាំងបានប្រាប់ឱ្យក្រុមការងារគណបក្សប្រជាជននាំយកទៅជាមួយនូវម៉ាស់ ឬក្រមាទឹកអាល់កុលជែលសម្លាប់មេរោគ (Hand Sanitizer) អង្ករ មី និងត្រីខ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមមូលដ្ឋានទូទាំងប្រទេស។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកថា៖ «កុំចាំហៅពួកគាត់ឱ្យមកចូលរួមប្រជុំ តែសូមទៅកាន់ទីកន្លែងដែលពួកគាត់រស់នៅតែម្តង ជាពិសេសក្នុងស្ថានភាពដែលយើងទាំងអស់គ្នាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ នៅពេលនេះ»៕