ពោធិ៍សាត់ៈ មន្ត្រីនគរបាលប៉ុស្តិ៍ កាលពីម្សិលមិញបានហាមឃាត់ប្រជាពលរដ្ឋចំនួន ៣៤ នាក់ មិនឲ្យប្រមូលផ្ដុំគ្នាចូលរួមវគ្គបណ្ដុះបណ្ដាលមួយស្ដីពីសិទ្ធិប្រើប្រាស់ដីធ្លី និងប្រើប្រាស់ធនធានធម្មជាតិដែលពាក់ព័ន្ធនឹងសន្តិសុខស្បៀង ដែលរៀបចំដោយមជ្ឈមណ្ឌលអប់រំច្បាប់់សម្រាប់សហគមន៍ (CLEC) នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយសារតែមិនបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវពីភូមិឃុំស្រុកជាមុន។ នេះបើយោងតាមលោកស្រី យ៉ុង រ៉ាន់ សមាជិកសហគមន៍ថ្មដា ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញ។
លោកស្រីថ្លែងថា៖ «ដោយសារប្រជាពលរដ្ឋមួយចំនួននៅឃុំថ្មដា ជាអ្នករងគ្រោះដីធ្លីដោយសារការអភិវឌ្ឍរបស់ក្រុមហ៊ុនទ្រីភាពអស់រយៈពេល ១០ ឆ្នាំមកនេះ ដូច្នោះកន្លងមក នៅពេលប្រជាពលរដ្ឋចូលរួមសិក្សាអំពីច្បាប់ផ្សេងៗពាក់ព័ន្ធនឹងច្បាប់ដីធ្លី ច្បាប់ភូមិបាល និងច្បាប់រដ្ឋធម្មនុញ្ញជាដើម គឺតែងត្រូវបានរឹតត្បិតពីអាជ្ញាធរ។ តាមពិតទៅបើច្បាប់ចេញពីក្រសួងមហាផ្ទៃមក គ្រាន់តែបង្រៀន ឬបើកវគ្គបណ្ដុះបណ្ដាលរៀនអំពីច្បាប់អីយើងមិនចាំបាច់ដាក់លិខិតទេ»។
មន្ត្រីអង្គការសង្គមស៊ីវិលបានស្នើឱ្យមន្ត្រីក្រសួងមហាផ្ទៃគួរចុះស៊ើបអង្កេត និងចាត់វិធានការទៅតាមវិន័យរដ្ឋបាលចំពោះមន្ត្រីមូលដ្ឋានមួយចំនួនដែលមិនព្រមគោរពតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ដែលបានឱ្យអាជ្ញាធរគ្រប់ខេត្តក្រុងទាំងអស់ ត្រូវឈប់រឹតបន្តឹងការជួបជុំរបស់អង្គការសមាគមនានា។ ការស្នើនេះ បន្ទាប់ពីមន្ត្រីតាមមូលដ្ឋានខ្លះ នៅតែបង្ខំឱ្យមានការសុំច្បាប់ជាមុន មុនមានការជួបជុំរបស់ពលរដ្ឋ ប៉ុន្តែការអនុវត្តនេះ គឺធ្វើឡើងផ្ទុយពីសេចក្ដីជូនដំណឹងរបស់លោក ស ខេង។
លោក ស្រី ណារ៉េន មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តឧត្តរមានជ័យបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ថ្វីដ្បិតលោក ស ខេង បានជូនដំណឹងតាំងពីចុងឆ្នាំ ២០១៨ អនុញ្ញាតឱ្យអង្គការសមាគមធ្វើពិធីជួបជុំជាមួយពលរដ្ឋ ដោយមិនចាំបាច់សុំច្បាប់ដូចមុនក្ដី ប៉ុន្តែលោកថា ការរៀបចំវគ្គបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សិទ្ធិមនុស្សនៅមូលដ្ឋាន ដែលអង្គការអាដហុកបានរៀបចំឡើងជាបន្តបន្ទាប់កាលអំឡុងខែ ៤ និងខែ ៥ នៅខេត្តឧត្តរមានជ័យ នៅតែរងការរឹតត្បិតពីអាជ្ញាធរភូមិឃុំ និងមន្ត្រីប៉ូលីសដដែល ដូចជាចុះឃ្លាំមើល និងការហាមឃាត់មិនឱ្យពលរដ្ឋទៅចូលរួមជាដើម។
ជាក់ស្ដែងកាលពីខែឧសភា លោកបានរៀបចំវគ្គបណ្ដុះបណ្ដាលមួយ ស្ដីពីសិទ្ធិមនុស្ស សហវិមជ្ឈកា និងការតស៊ូមតិជុំវិញរឿងដីធ្លី ជាមួយប្រជាពលរដ្ឋនៅក្នុងភូមិសាមគ្គី ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ប៉ុន្តែកាលនោះ មេភូមិឈ្មោះ មូល ណែល បានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលនោះឡើយ ដោយអះអាងថា ជាបញ្ជាពីមន្ត្រីថ្នាក់លើ។
លោក ណារ៉េន ថ្លែងថា៖ «ខ្ញុំនៅតែឆ្ងល់ហេតុអីបានជាគាត់អនុវត្តផ្ទុយទៅនឹងការណែនាំរបស់សម្ដេចក្រឡាហោម អ៊ីចឹងមានន័យថា គាត់ប្រហែលធំជាងសម្ដេចក្រឡាហោមទៅទៀត។ យើងអត់ដឹងអំពីគោលការណ៍របស់គាត់ មិនដឹងថាស្នងការបញ្ជា ឬក៏គាត់ធ្វើតាមចិត្តរបស់ពួកគាត់»។
កាលពីថ្ងៃទី ៣១ ខែ កក្កដា សមាគមអាដហុក Adhoc បានចេញសេចក្ដីថ្លែងការណ៍មួយដោយបង្ហាញថា ក្នុងរយៈពេលមួយឆមាសឆ្នាំ ២០១៩ សមាគមនេះបានរកឃើញសកម្មភាពរឹតត្បិតសេរីភាពជួបជុំពីសំណាក់សមត្ថកិច្ចប៉ូលិសនិងអាជ្ញាធរមូលដ្ឋានចំនួន ៧១ ករណី ដែលក្នុងនោះ ការតាមដាន និងឃ្លាំមើលសកម្មភាពជួបជុំរបស់សមាគមអាដហុកមាន ៣០ ករណី និង ៤១ ករណីទៀត ជាសកម្មភាពតាមដាន និងឃ្លាំមើលការជួបជុំរបស់សហគមន៍ សកម្មជនបក្សនយោបាយ និងអង្គការសង្គមស៊ីវិលផ្សេងទៀត។
ការចេញសេចក្ដីថ្លែងការណ៍នេះបានឲ្យដឹងថា កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៨ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញលិខិត ស.ជ.ណ ជូនដំណឹងមួយទៅកាន់គ្រប់ខេត្តក្រុង អនុញ្ញាតសមាគមអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវស្របច្បាប់ ព្រមទាំងសហគមន៍នានានៅមូលដ្ឋានមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពស្របច្បាប់ដោយពុំចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានមុន ៣ ថ្ងៃដូចមុនឡើយ។
ទោះជាយ៉ាងណា លោក ត្មិន សិ ប្រធានសហគមន៍រតនរុក្ខា នៅភូមិខ្ទុំ បានឲ្យដឹងថា កាលពីថ្ងៃទី ៤ ខែ សីហា នេះ មេប៉ុស្ដិ៍សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឈ្មោះ ប៉ាត គីម បានហាមឃាត់ប្រជាជនចំនួន ១៣៤ គ្រួសារនៅភូមិខ្ទុំ ដែលបានជួបជុំគ្នានិយាយអំពីច្បាប់ព្រៃឈើ ដោយសារតែមិនបានជូនដំណឹងទៅប៉ូលិសប៉ុស្ដិ៍ជាមុន។
លោក ត្មិន សិ បានលើកឡើងថា មូលហេតុដែលលោកបានធ្វើពិធីជួបជុំនេះ គឺដើម្បីពន្យល់ប្រជាពលរដ្ឋនៅភូមិឱ្យយល់ពីប្រយោជន៍នៃការគ្រប់គ្រង ថែរក្សា និងការទាញយកផល និងអនុផលព្រៃឈើ ប៉ុន្តែលោកថា នៅពេលកម្មវិធីកំពុងចាប់ផ្ដើមបានជាងពាក់កណ្ដាល ក៏ត្រូវបានលោកមេប៉ុស្ដិ៍សង្កាត់កូនក្រៀលប្រាប់មេភូមិឱ្យណែនាំប្រជាពលរដ្ឋឱ្យរំសាយវិញ ដោយលើកឡើងហេតុផលថា មិនបានសុំច្បាប់ទៅខាងប៉ូលិសប៉ុស្ដិ៍ជាមុន។
លោក សិ ថ្លែងថា៖ «ក្រោយពេលបានបញ្ឈប់កិច្ចជួបជុំនោះ ពួកខ្ញុំបានខលទៅជួបគាត់ (មេប៉ុស្ដិ៍) ដើម្បីប្រាប់ថា ពួកយើងបានជូនដំណឹងទៅដល់មេភូមិ និងចៅសង្កាត់អស់ហើយ ប៉ុន្តែគាត់ថា ពួកខ្ញុំធ្វើនេះអត់ត្រូវទេ ទាល់តែមានការជម្រាបជូនទៅដល់គាត់ ទើបអាចប្រជុំឬធ្វើការផ្សព្វផ្សាយអីបាន។ គាត់ថា ត្រឹមជូនដំណឹងដល់សង្កាត់អត់បានទេ គឺទាល់តែមានលិខិតអនុញ្ញាតពីគាត់ ប្រសិនបើជួបជុំនោះមានគ្នាចាប់ពី ២ នាក់ឡើង ដោយត្រូវដាក់របៀបវារ:និយាយពីអីៗ មកជាមួយ ទើបបាន»។
ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបំភ្លឺពីលោក ប៉ាត គីម មេប៉ុស្ដិ៍សង្កាត់កូនក្រៀលបានទេនៅថ្ងៃម្សិលមិញ។លោក ស្រី ណារ៉េន បានចាត់ទុកទង្វើរបស់មេប៉ុស្ដិ៍សង្កាត់កូនក្រៀល ថាជាការរំលោភលើសិទ្ធិជួបជុំនិងប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋ និងជាការមិនអនុវត្តតាមការណែនាំរបស់លោក ស ខេង។
លោក ណារ៉េន ថ្លែងថា៖ «ខ្ញុំយល់ឃើញថា គួរតែក្រសួងមហាផ្ទៃត្រូវមានអធិការកិច្ចដើម្បីចុះមកត្រួតពិនិត្យនៅតាមមូលដ្ឋានហ្នឹង ដែលខាងសហគមន៍ និងអង្គការសង្គមស៊ីវិលជួបបញ្ហាទាក់ទងនឹងការរឹតបន្តឹងសិទ្ធិសេរីភាពជាមូលដ្ឋានហ្នឹង។ អ៊ីចឹង! ប្រសិនបើមានព័ត៌មានផ្សព្វផ្សាយហើយ គួរតែក្រសួងមហាផ្ទៃដាក់អធិការកិច្ចចុះពិនិត្យមន្ត្រីរបស់គាត់»។
លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ ខណៈលោក ឆាយ គឹមខឿន មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិបដិសេធបំភ្លឺជុំវិញការលើកឡើងថា នៅតែមានការរឹតត្បិតការជួបជុំនោះ ប៉ុន្តែបញ្ជាក់ថា ការអនុវត្តរបស់មន្ត្រីមូលដ្ឋានមួយចំនួន គឺអាចតាមបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត។
ប៉ុន្តែ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តឧត្តរមានជ័យបានបញ្ជាក់ថា ខេត្តគ្មានបញ្ជាឱ្យមន្ត្រីតាមភូមិ ឃុំ ស្រុក ហាមឃាត់ការជួបជុំរបស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែលោកបញ្ជាក់ថា ចំពោះសមាគមអាដហុកគួរតែជូនដំណឹងមកអាជ្ញាធរជាមុន នៅពេលត្រូវបើកវគ្គបណ្ដុះបណ្ដាលឬធ្វើការផ្សព្វផ្សាយ។
លោក ប៉ារ៉ានីន ថ្លែងថា៖ «គាត់ប្រជុំឬក៏ចង់ធ្វើអីក្នុងដែនសមត្ថកិច្ចស្រុកឬភូមិឃុំសង្កាត់ណាមួយ គាត់ត្រូវជូនដំណឹង ដើម្បីឱ្យអាជ្ញាធរបានជ្រាប ពីព្រោះថា អាជ្ញាធរមានភារកិច្ចក្នុងការរក្សាសណ្ដាប់ធ្នាប់សុខសុវត្ថិភាពជូនប្រជាជន អ៊ីចឹង! ចង់ធ្វើអី តែមានការជូនដំណឹង ដូចជាមិនមានអីត្រូវហាមឃាត់ទេ»។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានលើកឡើងថា ការរំខាន និងរារាំងមិនឲ្យមានការជួបជុំ គឺធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ និងធ្វើឱ្យប៉ះពាល់សេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងសេរីភាពនៃការជួបជុំ ដែលក្រសួងមហាផ្ទៃគួរសិក្សាពីករណីនេះ ថាតើវិធានការរបស់ខ្លួនដែលបានដាក់ឱ្យអាជ្ញាធរមូលដ្ឋានអនុវត្ត មានប្រសិទ្ធភាពប៉ុនណា។
លោកបន្តថា នៅពេលដែលប្រជាពលរដ្ឋលើកឡើង មានន័យថា គឺជួយឱ្យក្រសួងមហាផ្ទៃបានដឹង៕