ព្រះសីហនុៈ មន្ត្រីនគរបាលបាននិយាយពីម្សិលមិញថា រដ្ឋបាលស្រុកស្ទឹងហាវបានចុះអន្តរាគមន៍ទប់ស្កាត់ករណីឈូសឆាយដីកំពុងមានជម្លោះមួយកន្លែងស្ថិតក្នុងភូមិ ៤ ឃុំអូរត្រេះដោយបានចាប់រឹបអូសគ្រឿងចក្រឈូសឆាយដី ២ គ្រឿង ដើម្បីជាការព្រមានដល់គ្រប់ភាគីទំនាស់ទាំងអស់ឲ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយលើដីទំនាស់នេះដោយមិនមានដីកាសម្រេចស្ថាពរពីតុលាការ។
លោក ង៉ែត ឡន នាយនគរបាលប៉ុស្តិ៍ឃុំអូរត្រេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីរសៀលថ្ងៃសៅរ៍លោក ឆាយ សុគន្ធដារ អភិបាលស្រុកស្ទឹងហាវបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះក្រោមឱវាទចុះប្រតិបត្តិការទប់ស្កាត់ករណីឈូសឆាយដីកំពុងមានទំនាស់មួយកន្លែងនៅតំបន់វត្តអូរដំរីស្ថិតក្នុងភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុដោយបានរឹបអូសអាប៊ុល (Bulldozer) ១ គ្រឿង និងអាអ៊ិច (Excavator) ១ គ្រឿង ដើម្បីជាការព្រមានដល់ក្រុមភាគីម្ខាងនៅក្នុងជម្លោះដីធ្លីក្នុងតំបន់ខាងលើនេះឲ្យបញ្ឈប់នូវសកម្មភាពល្មើសច្បាប់ដ៏គឃ្លើននេះ និងរង់ចាំដំណោះស្រាយពីតុលាការ។
លោក ឡន និយាយថា៖ «ដីដែលកំពុងមានទំនាស់ខាងលើនេះមានទំហំ ១៣៥ ហិកតា និងមានគូទំនាស់ជាច្រើនភាគីពីតំបន់ខាងក្រៅចូលមកឈ្លោះដណ្ដើមដីក្នុងតំបន់នោះពីប្រជាពលរដ្ឋ ១៤៩ គ្រួសារនៃសហគមន៍អូរដំរី ដែលបានចូលមករស់នៅ និងអាស្រ័យផលតាំងពីទសវត្សរ៍ឆ្នាំ ១៩៩៣ មកម្ល៉េះ»។
បើតាមសម្ដីរបស់លោក ឡន ភាគី ដែលបាននាំគ្រឿងចក្រចូលមកឈូសឆាយដីទំនាស់ក្នុងតំបន់ខាងលើនេះគឺជាក្រុមរបស់អ្នកស្រី ហ៊ឹម សុវណ្ណារី ដែលអ្នកភូមិបានប្ដឹងសុំឲ្យតុលាការខេត្តព្រះសីហនុ និរាករណ៍ចោលនូវលិខិតទិញលក់ និងផ្ទេរសិទ្ធិកាន់កាប់របស់គាត់ដែលមានការទទួលស្គាល់ដោយអាជ្ញាធរសង្កាត់លេខ ១ ក្រុងព្រះសីហនុកាលពីឆ្នាំ ២០១៥។
លោក ឆាយ សុគន្ធដារ អភិបាលស្រុកស្ទឹងហាវបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញថា ក្រុមនេះបានចូលមកឈូសឆាយដី និងសង់ផ្ទះតូចៗរំលោភលើអូរធម្មជាតិដោយខុសច្បាប់ និងប៉ះពាល់ដីប្រជាជនដែលបាននិងកំពុងកាន់កាប់នៅទីនោះ។
លោក សុគន្ធដារ បានបញ្ជាក់ថា៖ «ដីដែលគេបានយកគ្រឿងចក្រមកឈូសឆាយនោះគឺជាដីដែលកំពុងមានទំនាស់នៅក្នុងតុលាការ។ ការចុះបង្ក្រាបនេះគឺយើងខ្ញុំអនុវត្តតាមសេចក្ដីណែនាំរបស់ឯកឧត្តមគណៈអភិបាលខេត្តដើម្បីទប់ស្កាត់ និងការពារផលប្រយោជន៍ដល់គ្រប់ភាគីទំនាស់ទាំងអស់ដោយឲ្យពួកគេរង់ចាំការដោះស្រាយតាមផ្លូវច្បាប់»។
ជុំវិញករណីខាងលើនេះអ្នកស្រី ហ៊ឹម សុវណ្ណារី មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ ប៉ុន្តែអ្នកស្រី សួន គឺមហេង ដែលអះអាងថាជាជំនួយការរបស់គាត់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទីតាំងដីដែលក្រុមការងាររបស់គាត់បាននាំយកគ្រឿងចក្រទៅឈូសឆាយនោះគឺស្ថិតក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ។
អ្នកស្រី គឹមហេង បានបន្តថា៖ «យ៉ាងណាក៏ដោយករណីចាប់ឃាត់គ្រឿងចក្រខាងលើនេះ ខ្ញុំនៅមិនទាន់ដឹងនៅឡើយទេ ដោយសារខ្ញុំទើបតែត្រឡប់ពីព្យាបាលជំងឺនៅប្រទេសថៃ។ ខ្ញុំគ្រាន់តែជម្រាបថា ទីតាំងដីនៅវត្តអូរដំរីនោះ គឺពិតជាស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ ១ ក្រុងព្រះសីហនុមិនមែននៅឃុំអូរត្រេះ ស្រុកស្ទឹងហាវនោះទេគឺយើងមានឯកសារទិញលក់ស្របច្បាប់»។ បើតាមជំនួយការខាងលើនេះអ្នកស្រី ហ៊ឹម សុវណ្ណារី គ្រាន់តែជាអ្នកប្រកបមុខរបរពុះដីឡូត៍លក់តែប៉ុណ្ណោះ។
ប៉ុន្តែលោក ម៉ន ស៊ីណា អាយុ ៤៤ ឆ្នាំតំណាងប្រជាពលរដ្ឋ ១៤៩ គ្រួសារនៃសហគមន៍អូរដំរីដែលមានវិវាទជាមួយបុគ្គលមានលុយធំៗចំនួន ៤ រូបរួមមានឈ្មោះ ឌៀប ឆេងស៊ីម ដែលមានកូនស្រីជាតំណាងឈ្មោះ ហ៊ុយ នាង ម៉ីន ឌិនណាត្យា ហ៊ឹម សុវណ្ណារី និងឈ្មោះ លី ហុងស៊ីន បានអះអាងថាទីតាំងដីទំនាស់នោះគឺស្ថិតក្នុងភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា៖ «ក្នុងចំណោមបុគ្គលទាំង ៤ ដែលអះអាងថាមានប័ណ្ណកម្មសិទ្ធិនោះមាន ៣ ត្រូវបានសហគមន៍យើងដាក់ពាក្យប្ដឹងតវ៉ាទៅតុលាការខេត្តព្រះសីហនុនៅឆ្នាំ ២០១៥ ដោយឡែកបុគ្គលឈ្មោះ លី ហុងស៊ីន ត្រូវបានពួកយើងប្ដឹងតាំងពីឆ្នាំ ២០១០ ហើយបណ្ដឹងនោះកំពុងបន្តមកដល់តុលាការកំពូល»។
លោក ស៊ីណា បានសម្ដែងការអបអរសាទរចំពោះអាជ្ញាធរដែលបានទប់ស្កាត់ការឈូសឆាយដីកំពុងមានជម្លោះ ដើម្បីការពារផលប្រយោជន៍ដល់គ្រប់ភាគីទំនាស់ ជាពិសេសគឺភាគីរបស់លោកដែលជាប្រជាពលរដ្ឋរងគ្រោះពិតប្រាកដនៃជម្លោះដីធ្លីខាងលើនេះ៕