
បឹងសំរោង នៅខណ្ឌព្រែកព្នៅ ដែលពលរដ្ឋចិញ្ចឹមត្រី ហើយត្រូវអាជ្ញាធរកំណត់ឲ្យរើចេញជាកំហិត។ ផា លីណា
ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញដាក់ឱសានវាទ ១០ ថ្ងៃឲ្យម្ចាស់ស៊ង និងស្រះចិញ្ចឹមត្រីទាំងអស់ នៅក្នុងបឹងសំរោងស្ថិតក្នុងខណ្ឌព្រែកព្នៅឲ្យរុះរើចេញជាកំហិត ដោយហេតុផលថា ដើម្បីការពារផ្ទៃបឹងនិងរក្សាមុខងារបឹងជាអាងស្តុកទឹក សម្រាប់ការរំដោះទឹកជន់លិច តែម្ចាស់ចិញ្ចឹមត្រី ថាឱសានវាទនេះ ដូចសម្លាប់ពួកខ្លួនព្រោះលឿនពេក។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ចុះថ្ងៃទី ១៤ មករា លើកឡើងថា ដើម្បីការពារផ្ទៃបឹងសំរោងទំហំ ៣៣៦ ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ និងថែរក្សាមុខងារបឹងជាអាងស្តុកទឹក ដែលជាប្រព័ន្ធរំដោះទឹកជន់លិច ១ ភាគពីក្នុងរាជធានីភ្នំពេញ និង ១ ភាគពីបណ្តាខេត្តនានានោះខ្លួនចាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធធ្វើការស្តារបឹងនេះឡើងវិញ។
លិខិតនេះបញ្ជាក់ថា៖ «ដោយកន្លងមក បឹងនេះត្រូវបានរងនូវការទន្ទ្រានកាន់កាប់ ការសាងសង់ទំនប់លើផ្ទៃបឹង ធ្វើឲ្យផ្ទៃបឹងគោករាក់ និងរួមតូចទៅៗ លែងបំពេញមុខងាររបស់ខ្លួនតទៅទៀតបាន រដ្ឋបាលខណ្ឌសង្ឃឹមជឿជាក់ថា លោក លោកស្រីនឹងចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តការស្តារបឹងសំរោងនេះឲ្យមានប្រសិទ្ធភាពខ្ពស់»។
លោក ហួត លាភពិសិដ្ឋ អភិបាលស្តីទីនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានសង្កត់ធ្ងន់ថា ដើម្បីឲ្យការស្តារបឹងសំរោងឡើងវិញដំណើរការទៅដោយរលូន រដ្ឋបាលខណ្ឌព្រែកព្នៅ តម្រូវឲ្យលោក លោកស្រីដែលជាម្ចាស់ស៊ង និងម្ចាស់ស្រះចិញ្ចឹមត្រីទាំងអស់ត្រូវរុះរើចេញក្នុងរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅជាកំហិត។ ក្នុងករណីដែលមិនអនុវត្តតាមការណែនាំនេះ អាជ្ញាធរមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ។
លោកបញ្ជាក់ថា៖ «ចំពោះម្ចាស់ស៊ង និងស្រះចិញ្ចឹមត្រីដែលមានត្រីធំ ត្រូវលក់ឲ្យហើយ ចំណែកម្ចាស់ស៊ង និងម្ចាស់ស្រះចិញ្ចឹមត្រីដែលមានត្រីតូចៗ ត្រូវទំនាក់ទំនងមករដ្ឋបាលខណ្ឌព្រែកព្នៅ ដើម្បីស្នើសុំដោះស្រាយគោលនយោបាយនៃផលប៉ះពាល់នេះ»។
តាមអនុក្រឹត្យលេខ៦៥ ចុះថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០០៨ បានកំណត់ផ្ទៃបឹងសំរោង ដែលពីមុនស្ថិតក្នុងឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល ក្រោយមកផ្ទៃបឹងនេះត្រូវបានកាត់ចេញពីខេត្តកណ្តាលឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញវិញនៅឆ្នាំ ២០១៤ ថាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។
លោក ម៉ិច សារី ម្ចាស់ស៊ង និងស្រះចិញ្ចឹមត្រី ដែលបានមកអាស្រ័យផលលើបឹងនេះ ជាង ១ ឆ្នាំមកហើយនោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការដាក់ឱសានវាទនេះ ដូចជាសម្លាប់លោក ព្រោះខ្លួនមិនអាចរុះរើស៊ង និងស្រះចិញ្ចឹមត្រីដែលខ្លួនអាស្រ័យផលជាង ២ ម៉ឺនការ៉េនេះឲ្យទាន់ពេលវេលាតាមការកំណត់នោះទេ។ លោកបន្តថា ចំណែកត្រីដែលខ្លួនចិញ្ចឹមប្រមាណ ១៥ ម៉ឺនកូន ក៏នៅតូចៗនៅឡើយ ដែលមិនអាចយកទៅធ្វើអ្វីបានទេក្នុងពេលនេះ ហើយវានឹងធ្វើឲ្យលោកខាតបង់ដ៏ច្រើន។
លោកបញ្ជាក់ថា៖ «ព្រោះដីខ្ញុំអាស្រ័យផលនេះ គឺដីក្នុងអនុក្រឹត្យ ដែលដីរបស់រដ្ឋាភិបាលខ្ញុំអាចចិញ្ចឹមបាន ខ្ញុំអាចអាស្រ័យផលបាន អ៊ីចឹងមកដាក់ឱសានវាទខ្ញុំ ១០ ថ្ងៃ ២០ ថ្ងៃអីដូចចាប់ជំរិតខ្ញុំ។ សម្រាប់ខ្ញុំ ចង់ឲ្យពេលវេលាយូរក៏អត់បានដែរ ព្រោះរដ្ឋាភិបាលត្រូវការ អ៊ីចឹងឱសានវាទ ១០ ថ្ងៃដែលខ្ញុំចំណាយទុនអស់ ២០ លានរៀល អាចសងខ្ញុំបាន ២០ លានវិញអត់ ព្រោះខ្ញុំត្រូវការរស់ បើសងបាន ខ្ញុំដើរចេញហ្មង ខ្ញុំអត់តវ៉ាឲ្យរដ្ឋាភិបាលចាប់ដាក់គុកអីទេ»។
ជុំវិញវិធានការនេះ លោក សារី សំណូមពរឲ្យអាជ្ញាធរអនុវត្តឲ្យបានស្មើភាពគ្នា និងដោះស្រាយឲ្យបានសមរម្យចំពោះពួកលោក។
ម្ចាស់ស៊ង និងស្រះក្នុងបឹងសំរោងម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថា ស៊ង និងស្រះរបស់ខ្លួន មិនស្ថិតក្នុងអនុក្រឹត្យដែលជាដីរបស់រដ្ឋនោះទេ ព្រោះតែតំបន់ដែលខ្លួននៅគឺដីរបស់ក្រុមហ៊ុន តែលោកមិនបានបញ្ជាក់ថាក្រុមហ៊ុនណានោះទេ។
លោកបញ្ជាក់ថា៖ «ខាងគេមានប៉ះពាល់ក្នុងបឹងសំរោងនេះ តែខាងខ្ញុំនេះ វាផុតអនុក្រឹត្យផ្ទៃបឹងហ្នឹង ដែលនៅក្នុងដីក្រុមហ៊ុនវិញ ប៉ះតែអ្នកនៅកណ្តាលអី»។
តាមលោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ បាននិយាយថា តាមការចុះស្រង់ទិន្នន័យ គឺមានប្រជាពលរដ្ឋចំនួន ៣០២ គ្រួសារ ដែលពួកគេទទួលស្គាល់ថា បានពឹងអាស្រ័យផលនៅលើបឹង ដែលជាបឹងរបស់រដ្ឋ។ លោកបន្តថា ជាគោលការណ៍ ពួកគេត្រូវរុះរើចេញឲ្យទាន់ពេលវេលាតាមការកំណត់ ព្រោះអាជ្ញាធរមិនពន្យារពេលបានទេ។
លោកបញ្ជាក់ថា៖ «ពេលដែលខ្ញុំចុះស្រង់ គាត់បានទទួលស្គាល់ថាគាត់ខ្ចីពីរដ្ឋ ខ្ចីពីអី គាត់បានអាស្រ័យផលរយៈពេលប៉ុន្មានឆ្នាំ គាត់ទទួលស្គាល់ ហើយ តែគ្រាន់នៅមានបញ្ហាមួយចំនួន ដែលគាត់បានចិញ្ចឹមត្រី អ្នកខ្លះសល់ត្រីតូចៗអ៊ីចឹង សុំបន្តចិញ្ចឹមរហូតដល់ត្រីគាត់ធំ ប៉ុន្តែនេះគោលការណ៍យើងអត់មាន ព្រោះយើងត្រូវការស្តារបឹងស្តារអីជាគម្រោងការងារដើម្បី អភិរក្សបឹងឲ្យបានត្រឹមត្រូវ»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ម្សិលមិញថា កាលពីមុន ប្រជាពលរដ្ឋបានសុំលោក ដោយមានកិច្ចសន្យាត្រឹមត្រូវ ក្នុងការអាស្រ័យផលលើបឹងនេះ ប៉ុន្តែដោយមានការរំលោភបំពាន ទើបអាជ្ញាធរត្រូវមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេល ចៀសវាងកុំឲ្យបាត់បង់។ តែទោះជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា លោកបានប្រាប់ពលរដ្ឋកុំឲ្យបារម្ភ។
លោកបញ្ជាក់ថា៖ «យើងហ្នឹងពិភាក្សាដោះស្រាយគ្នា ឧទាហរណ៍គាត់ប្រើប្រាស់កូនត្រីអស់ប៉ុន្មាន? អស់ដើមប៉ុន្មាន? យើងនឹងពិនិត្យដោះស្រាយ ពិនិត្យគោលនយោបាយជូនគាត់មិនឲ្យគាត់ខាតបង់អីទេ។ យើងត្រូវថែរក្សាបឹងឲ្យបានល្អ ព្រោះឥឡូវនេះខូចទាំងបឹង ប៉ះពាល់ទាំងបរិស្ថាន»។
លោកមេធាវី សុក សំអឿន បានពន្យល់ថា ស្ទឹង បឹងបួព្រែកទាំងអស់ ជាសម្បត្តិរបស់រដ្ឋ មិនអាចមាននរណាប៉ះពាល់បានទេ ទោះបីជាការអាស្រ័យផលបណ្តោះអាសន្នក៏ដោយ ប៉ុន្តែក្នុងច្បាប់ ក៏បានលើកឡើងដែរថា ប្រសិនបើព្រែក បឹងបួទាំងនោះ វាបានបាត់ភាពជាបឹង ដោយសារសំរាម ឬគោកដោយកត្តាធម្មជាតិ ប្រជាពលរដ្ឋអាចកាន់កាប់បាន។
ប៉ុន្តែតាមផ្លូវច្បាប់ ដីសាធារណៈរបស់រដ្ឋ គឺមិនអាចចេញប័ណ្ណកម្មសិទ្ធិបានឡើយ។ ការកាន់កាប់ដើម្បីទន្ទ្រានយកដីសាធារណៈរបស់រដ្ឋជាមូលហេតុនៃជម្លោះដីធ្លីរ៉ាំរ៉ៃ៕